បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្នុងរយៈពេល៥ខែ កម្ពុជា ប្រមូលចំណូលសារពើពន្ធបាន​ជាង​ ៣,៥ ពាន់លានដុល្លារ​អាម៉េរិក

ក្នុងរយៈពេល៥ខែ កម្ពុជា ប្រមូលចំណូលសារពើពន្ធបាន​ជាង​ ៣,៥ ពាន់លានដុល្លារ​អាម៉េរិក

ភ្នំពេញ ៖ ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦​នេះ កម្ពុជា​បានប្រមូល​ចំណូលសារពើពន្ធ ដែលមានចំណូលពន្ធដារ និងចំណូល​ពន្ធគយ​សរុប​បានប្រមាណ ៣,៥ពាន់​លានដុល្លារអាម៉េរិក សម្រាប់​ចាត់ចែងកា​រចំណាយរបស់រាជរដ្ឋាភិបាល ។

Advertisement

នៅគ្នុងឱកាស​អញ្ជើញទស្សនកិច្ចអគារពន្ធដារ​ថ្មី នៅខណ្ឌជ្រោយចង្វារ កាលពីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៦​ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា​ តាមរយៈការ​កែទម្រង់ពន្ធដារ បានធ្វើចំណូលពន្ធដារ មានកំណើន​ឡើងជា​ប្រចាំ ជាក់ស្ដែង​ក្នុងរយៈពេល៥ខែឆ្នាំ២០២៦នេះ ចំណូលពន្ធដា​រមានចំនួនជាង​២ពាន់​លានដុល្លារអាម៉េរិក ហើយបើបូកជាមួយនឹងចំណូលពន្ធគយបន្ថែម​ទៀត សរុប​ប្រមាណ៣,៥ពាន់​លានដុល្លារអាម៉េរិក  ។​

សម្ដេច​មានប្រសាសន៍បន្តថា ចំណូលពន្ធដារ​ក្នុងរយៈពេ​ល៥ខែ​នេះ​សម្រេចបានប្រមាណ៥៣ភាគរយ​នៃ ផែនការ​ប្រចាំឆ្នាំ២០២៦នេះ ដូច្នេះរាជរដ្ឋាភិបាលអាច​មានលទ្ធភាពក្នុងការ​ចំណាយ​សម្រាប់​ប្រាក់ខែមន្ត្រីរាជការ និង​ការ​សាងសង់​នានា​ទៀត ។​

សម្ដេច​មានប្រសាសន៍ថា « អ្វីដែល​រាជរដ្ឋាភិបាលត្រូវការ​ចំណាយនៅពេលនេះ គឺចំណាយចរន្ត​ ហើយការ​ចំណាយចរន្ត​របស់យើង​គឺមិនឱ្យខ្វះទេ ។ ពីមុន​ ការ​បើកប្រាក់ខែមន្ត្រីរាជការ​ពិតជាពិបាកណាស់​ ។ ពេលនោះ មន្ត្រីរាជការ​យើង​ប្រាក់ខែក៏តិច ហើយរដ្ឋ​ក៏មិនមានថវិកា​គ្រប់គ្រាន់​សម្រាប់បើកជូនទៅទៀត ទើបបានជាពេលនោះមានមន្ត្រីយើង​មួយចំនួន​បាននិយាយថា ស្រុក​ខ្មែរ​មួយខែ​មាន​៦០ថ្ងៃ ៧០​ថ្ងៃ ឬ​ដល់​៩០​ថ្ងៃ ។ ប៉ុន្តែ​ស្រុក​ខ្មែ​រឥឡូវ​នេះ មួយខែមានតែ១៥ថ្ងៃទេ ព្រោះ១៥ថ្ងៃបើកប្រាក់ខែម្ដង ដូច្នេះក្នុងរយៈពេល១ខែមន្ត្រីរាជការ​ត្រូវ​បើកប្រាក់ខែ២ដង» ។

សម្ដេច​បន្ថែមថា អ្វីដែលសម្ដេចចងចាំមិនភ្លេច និង​តែងតែចែករំលែកដល់​បណ្ដា​មេដឹកនាំនៃប្រទេស​ផ្សេង​ៗគឺប្រទេសមួយ​មានអគ្គបញ្ជា​ការមួយ​ និងនាយអគ្គ​សេនាធិការ​មួយ ។ ក្នុងន័យនេះសម្ដេច​ចង់សំដៅថាពេល​នោះ គឺសម្ដេច​គឺជា​អគ្គ​បញ្ជាការ ហើយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជា​នាយអគ្គសេនាធិការ ដោយមិនមាន​ភាគីណា​ផ្សេងមក​គ្រប់គ្រង​ការ​ចំណាយនោះទេ ។

សម្ដេច​តេជោបានបញ្ជាក់ថា​ តាមរយៈប្រមូល​ចំណូលសារពើពន្ធនេះ បើសិនជា​មិនមាន​ការរាលដាលនៃជំងឺកូវីដ​១៩ រាជរដ្ឋាភិបាល​ចំណាយត្រឹមតែ ២៥០០លានដុល្លារ​ទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មកដល់ពេលនេះ​មិនដឹងហេដ្ឋារចនាសម្ព័ន្ធកម្ពុជាមានការរីក​ចម្រើន​ខ្លាំង​ប៉ុនណាទេ ។សម្ដេច​មានប្រសាសន៍ថា​ « មុនពេលកូវីដ​១៩​​ យើង​សន្សំប្រាក់បានប្រមាណជា៤ពាន់​លានដុល្លារ​ ហើយបានដក​១ពាន់​លានដុល្លារ​ទិញម៉ាស៊ីន​ភ្លើង​ ៤០០មេហ្កាវ៉ាត់​មក​ទុកបម្រុង​នៅក្បែរ​ភ្នំពេញ​ ដើម្បីផ្គត់ផ្គង់​ពេលខ្វះខាតភ្លើង និង​ដកមួយចំនួនទៅ​ធ្វើផ្លូវ​នៅព្រះសីហនុ និ​ងសៀមរាប » ។​

សម្ដេច​បានបញ្ជាក់ថា ជា​អកុសលនៅពេលនោះ កូវីដ១៩​បានមកដល់​ ធ្វើឱ្យផែនការរបស់សម្ដេចមិនបានសម្រេច ។ ប៉ុន្តែយ៉ាងណា​ក៏ដោយ បន្ទាប់ពីកូវីដ១៩ ធ្វើឱ្យស្ថានភាពបានល្អប្រសើរឡើងវិញនិងកំពុងឈានទៅមុខ​ជាលំដាប់ ។

ឯកឧត្តមគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ផងដែរថា តាមរយៈកា​រខិតខំកំណែទម្រង់​អស់​រយៈពេល១ទសវត្សរ៍កន្លងមក​នេះ សម្ដេច​តេជោ​ហ៊ុន សែន​ក្នុងឋានៈជា​នាយករដ្ឋមន្ត្រី តែងតែផ្ដល់ការ​គាំទ្រ និងផ្ដល់​អនុសាសន៍​គន្លឹះ  ក៏ដូចជា​ចំណារណែនាំដល់​អគ្គនាយកដ្ឋានពន្ធដារ ។ តាមរយៈការគាំទ្រជ្រោមជ្រែងរបស់សម្ដេច​តេជោទើប​ ការ​កែទម្រង់​របស់អគ្គនាយកដ្ឋានពន្ធដារ​សម្រេច​បានជោគជ័យ ហើយប្រមូល​ចំណូល​បានកើនឡើង​ជា​បន្ត​បន្ទាប់ ។

ឯកឧត្ត​ម​បន្តថា ទន្ទឹមនឹង​ការកំណើន​សេដ្ឋកិច្ច និងការ​កើនឡើង​នៃការ​ប្រមូលចំណូល​ ទំហំការងារ​និងចំនួន​មន្ត្រីក៏មានការកើនឡើង ដែល​ទាមទារ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រ​ដល់ការ​ប្រមូល​ចំណូល ខណៈដែលទីស្នាក់ការ​កណ្ដាល​ចាស់​ចង្អៀត និងមិនមាន​ទីតាំង​សម្រាប់​មន្ត្រីធ្វើការ​បានជុំគ្នា ។ ពេលនោះ ពន្ធដារ​បានបង្ខំចិត្តជួលទីតាំងផ្ទះល្វែង​នៅ​ក្បែរនោះឱ្យមន្ត្រីធ្វើការ ខណៈអ្នកជាប់ពន្ធក៏រអ៊ូរទាំ​ពេលមក​បង់ពន្ធ ឬរកសេវា​ម្ដងៗពិបាករកកន្លែង​ចតយានយន្ត ។ ដោយហេតុនេះ ទើប​សម្ដេច​តេជោ​កាលនោះ ជា​នាយករដ្ឋមន្ត្រី បាន​ផ្ដួចផ្ដើមឱ្យរកទីតាំង​សម្រាប់​រដ្ឋបាល​សារពើពន្ធមួយ​ដែលទំនើបវ័យឆ្លាត​ដើរឱ្យទាន់ប្រទេស​អភិវឌ្ឍន៍មួយចំនួន ដូច្នេះហើយក៏សម្រេចជ្រើសរើស​យកទីតាំងជ្រោយចង្វារ​សង់អគារ​ពន្ធដារ​ថ្មីធំទូលាយ សម្រាប់មន្ត្រីបំពេញការងារ ក៏ដូចជា​បម្រើ​ដល់​អ្នកជាប់ពន្ធ មក​រកសេវាពន្ធដារផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា