ភ្នំពេញ៖ នៅក្នុងរយៈពេល៣១ថ្ងៃ នៃខែមករា ឆ្នាំ២០២៦កន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៦ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រភពដដែលបានឱ្យដឹងថា៖ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង ដោយក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេៗមានទំហំ ៤៦៤លានដុល្លារ, វិស័យឧស្សាហកម្មមានទុនវិនិយោគ ២៨៥លានដុល្លារ និងកសិកម្ម កសិ-ឧស្សាហកម្ម ៣លានដុល្លារ។
ជាការកត់សម្គាល់ នៅក្នុងខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% តែទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣,៤លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។ តែទោះយ៉ាងណា CDC បានកត់សម្គាល់ថា៖ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីតម្រោងវិនិយោគធំៗមួយចំនួន ដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារអាម៉េរិក។

ដោយឡែិក នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែមករា ឆ្នាំ២០២៦ រួមមាន៖ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព១៥០ មេហ្គាវ៉ាត់ មានទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារអាម៉េរិក បង្កើតការងារ ៤២កន្លែង មានទីតាំងនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។គម្រោងមួយទៀត គឺគម្រោងបង្កើតរោងចក្រផលិតក្រណាត់គ្រប់ប្រភេទ ទំហំទុនវិនិយោគប្រមាណ ២៥លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបានបង្កើតការងារ ១ ៨២០កន្លែង។
ចំណែកវិស័យឧស្សាហកម្ម មានគម្រោងវិនិយោគបង្កើតរោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មី ទំហំទុនវិនិយោគប្រមាណ ២៣លានដុល្លារអាម៉េរិក បង្កើតការងារ ៨០៤កន្លែង មានទីតាំងស្ថិតនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតត្រីខកំប៉ុង និងទឹកត្រី ទំហំទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក បង្កើតការងារបាន ១៧១កន្លែង មានទីតាំងស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប។

ចំណែកគម្រោងលេចធ្លោប្រចាំខែមករា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន ៖ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស កំពត ហ៊ូជាន ដែលមានទំហំទុនវិនិយោគ ១២០លានដុល្លារអាម៉េរិក បង្កើតការងារ ២៣៧កន្លែង មានទីតាំងស្ថិតនៅ ស្រុកជុំគិរី ខេត្តកំពត។ រីឯគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេភី យ័រញ មានទំហំទុនវិនិយោគ ៦៥លានដុល្លារអាម៉េរិក បង្កើតការងារបាន ២៩១កន្លែង មានទីតាំងស្ថិតនៅ ក្រុងបូកគោ ខេត្តកំពត។ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ឡូជីស្ទិក អេន អ៊ិនដាស្ទ្រៀល ខមផ្លេកស៍ (ខេមបូឌា ស៊ូកើផត)ទំហំទុនវិនិយោគ ៣៥លានដុល្លាអាមេរិក បង្កើតការងារ ៣៤០កន្លែង មានទីតាំងស្ថិតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
CDC បានឱ្យដឹងទៀតថា៖ ខេត្តដែលទទួលគម្រោងវិនិយោគច្រើនជាងគេគឺ ខេត្តកំពង់ស្ពឺ ដែលទទួលបាន ១៣គម្រោង, ខេត្តកណ្តាល ១០គម្រោង ខេត្តតាកែវ ៤គម្រោង ខណៈខេត្តកំពត បាត់ដំបង កំពង់ឆ្នាំង និងភ្នំពេញទទួលបានគម្រោងចំនួន២រៀងៗខ្លួន ចំណែកកំពង់ចាម មណ្ឌលគិរី ខេត្តព្រះសីហនុ កោះកុង និងកែប ទទួលបាន១គម្រោងរៀងៗគ្នា។ ដោយឡែក ប្រភពទុនវិនិយោគឈានមុខគេមានចំនួន៤ មានប្រទេសចិន ដែលមាន៣៥,៩០%, ម៉ាឡេស៊ី ២៦,៥៩% ,កម្ពុជា ២៦,៥៧%, និងសិង្ហបុរី ៥,៩៨% ៕























