ភ្នំពេញ ៖ រយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បានទាក់ទាញទឹកប្រាក់វិនិយោគប្រមាណជាង ៥៦០ លានដុល្លារអាម៉េរិក ជាពិសេស បង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។

ភ្នំពេញ ៖ រយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បានទាក់ទាញទឹកប្រាក់វិនិយោគប្រមាណជាង ៥៦០ លានដុល្លារអាម៉េរិក ជាពិសេស បង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។
របាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានទំហំផ្ទៃដីធំ និងមានសន្ទុះលឿនក្នុងការអភិវឌ្ឍបន្ទាប់ពីបានបង្កើតឡើងក្នុងឆ្នាំ ២០២៤។
ជាក់ស្ដែង ក្នុងរយៈពេលតែ ២ ឆ្នាំប៉ុណ្ណោះតំបន់សេដ្ឋកិច្ចពិសេសនេះ បានអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ ៤៥ ភាគរយនៃផ្ទៃដីសរុបទៅហើយ ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញអគ្គិសនី អាងស្តុកទឹក រោងចក្រផលិតទឹកស្អាត និងកន្លែងស្នាក់នៅបុគ្គលិកកម្មកជាដើម។
របាយការណ៍ បានបង្ហាញថា ចាប់តាំងពីបើកដំណើរការរហូតមកដល់ឆ្នាំ ២០២៦ នេះ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ទទួលបានគម្រោងវិនិយោគចំនួន ៧៦ គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ៥៦៧ លានដុល្លារអាម៉េរិក ក្នុងនោះគម្រោងចំនួន ៤១ កំពុងសាងសង់ និងគម្រោងចំនួន ៣៥ ទៀតកំពុងដំណើរការសកម្មភាព ដែលបានស្រូបកម្លាំងពលកម្មក្នុងស្រុកសរុបចំនួនជាង ៥០០០ នាក់ ហើយកំពុងមានតម្រូវការប្រមាណ ៣០០០ នាក់បន្ថែមទៀត។
អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាបានលើកឡើងថា ការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តបានធ្វើឱ្យតម្រូវការដីធ្លីមានកំណើន និងអាចទាក់ទាញគម្រោងវិនិយោគចូលមកបណ្ដាក់ទុនក្នុងតំបន់សេដ្ឋកិច្ចពិសេស នោះបង្កើតឱកាសការងារ រួមចំណែកដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន Sam SN Group បានមានប្រសាសន៍ថា អ្នកវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសភាគច្រើនជ្រើសរើសយកទីតាំងនៅជាយក្រុង ជាតំបន់ដែលដីធ្លីមានតម្លៃទាបនិងជាទីតាំងដែលមានដីធំៗ។
អ្នកឧកញ៉ាបានបន្តថា ការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស គឺជាផ្នែកមួយនៃការទាក់ទាញគម្រោងវិនិយោគ ចូលមកបណ្ដាក់ទុនវិនិយោគបន្ថែម ពីព្រោះថានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្ម បានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ធ្វើឱ្យអ្នកវិនិយោគមានភាពងាយស្រួលមិនស្មុគស្មាញ។
អ្នកឧកញ៉ា បានឱ្យដឹងទៀតថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះដែរ ក៏បានផ្ដល់ឱកាសការងារ ប្រាក់ចំណូលដល់ពលរដ្ឋនិងរួមចំណែកដល់ការផលិតទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ បានមួយកម្រិតផងដែរ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា គិតឆ្នាំ ២០២៥ កន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចចំនួន ៣៤ តំបន់ ស្ថិតនៅ ១១ រាជធានី-ខេត្ត ក្នុងនោះឃើញថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចច្រើនជាងគេរហូតដល់ ១១ តំបន់។
ក្រៅពីនោះមានខេត្តព្រះសីហនុមានចំនួន ៦ តំបន់ ខេត្តកណ្ដាល ៣ តំបន់ ខេត្តបន្ទាយមានជ័យ ៣ តំបន់ ខេត្តកំពង់ស្ពឺចំនួន ២ តំបន់ កំពង់ចាម ១ តំបន់ កំពត ១ តំបន់ ក្រចេះ ១ តំបន់ ពោធិ៍សាត់ ១ តំបន់ និងរាជធានីភ្នំពេញចំនួន ១ តំបន់៕
