បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល​១ឆ្នាំ​ ខេត្តក្រចេះទទួល​បានសំណើ​សុំ​វិនិយោគចំនួន​១៦គម្រោង​ដែលមានទុន​ប្រមាណជាង​១ពាន់​លានដុល្លារ​

រយៈពេល​១ឆ្នាំ​ ខេត្តក្រចេះទទួល​បានសំណើ​សុំ​វិនិយោគចំនួន​១៦គម្រោង​ដែលមានទុន​ប្រមាណជាង​១ពាន់​លានដុល្លារ​

ភ្នំពេញ ៖ ក្នុង​រយៈពេល១ឆ្នាំ កម្មវិធីជំរុញការ​វិនិយោគក្នុង​ខេត្ត​ទាំង​បួននៅភូមិភាគឦសាន បានទាក់ទាញ​គម្រោង​វិនិយោគ​ជាច្រើនចូលទៅកាន់​តំបន់​នោះ និងមានគម្រោងជាច្រើន​បានដាក់ស្នើ​សុំ​លើកទឹកចិត្ត​ដើម្បីអនុវត្ត​គម្រោង​របស់ខ្លួន ជាក់ស្ដែង​ក្នុង​រយៈពេល១ឆ្នាំកន្លងទៅនេះ សម្រាប់តែខេត្តក្រចេះ ទទួលបានការ​ស្នើ​សុំ​វិនិយោគ​ចំនួន ១៦គម្រោង មានដើមទុន​សរុបប្រមាណជាង ​១,២ពាន់​​លានដុល្លារអាម៉េរិក ។

Advertisement

យោងតាម​របាយការណ៍របស់​ក្រុមការងារជំរុញការ​វិនិយោគក្នុង​ខេត្តទាំង​បួន​នៅភូមិភាគឦសាន​ បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល​១ឆ្នាំនេះ ពោលគឺចាប់តាំងខែមេសា ឆ្នាំ២០២៥ ដល់ខែមេសា ឆ្នាំ២០២៦នេះ ខេត្ត​ក្រចេះ ទទួលបានសំណើគម្រោងវិនិយោគចំនួន ១៦គម្រោង ក្រោមទុន​វិនិយោគចំនួន​ ១,២ពាន់​លានដុល្លារអាម៉េរិក និងបង្កើតការងារ​បាន​ជិត​ ៣ម៉ឺន​កន្លែង ។

ឯកឧត្តម​ វ៉ា ថន អភិបាលខេត្ត​ក្រចេះ បានថ្លែ​ងប្រាប់​បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា គម្រោង​វិនិយោគ​ដែល​បានដាក់​ស្នើ​សុំ​វិនិយោគ​នៅក្នុង​ខេត្តក្រចេះ ភាគច្រើនផ្ដោតលើ​វិស័យកសិកម្ម កសិ-ឧស្សាហកម្ម​ និងឧស្សាហកម្ម​ ហើយ​រដ្ឋបាលខេត្ត​ក៏បាន​ជួយស​ម្របសម្រួល​ដល់​វិនិយោគិន​ដែល​ចូលមក​សិក្សា​ឈ្វេងយល់ពី​សក្ដានុពល​វិនិយោគ​​ទៅតាមអ្វីដែល​ក្រុមការងារ​ជំរុញការ​វិនិយោគក្នុ​ងខេត្តទាំង​បួននៅភូមិភាគឦសាន​បានដាក់​ចេញ ។

លោក​ សមុត​ លីម៉ា នាយកទីចាត់ការ​ផែនការ​វិនិយោគ​នៃ​រដ្ឋបាលខេត្តក្រចេះ បានមានប្រសាសន៍ថា មែនទែនទៅ តាំងពីចាប់ផ្ដើម​អនុវត្តកម្មវិធីពិសេសជំរុញការ​វិនិយោគក្នុង​ខេត្តទាំងបួន​នៅភូមិភាគឦសាន សម្រាប់ខេត្តក្រចេះ ទទួលបានគម្រោង​ស្នើ​សុំ​លើកទឹកចិត្ត​វិនិយោគរហូតដល់ ១៦គម្រោង​​ គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្នុងនោះមាន ៦គម្រោង​ ទទួលបានគោលការណ៍ផ្ដល់ការ​លើកទឹកចិត្ត ការអនុគ្រោះ ​និងសម្រួល​នីតិវិធី​ពី​ក្រុមការងារ​ជំរុញការវិនិយោគក្នុង​ខេត្ត​ទាំង​បួនក្នុងភូមិភាគឦសាន ៥គម្រោង​កំពុងស្ថិតនៅក្នុង​ដំណាក់​កាលដែល​ក្រុមការងារ​លេខាធិការ​ដ្ឋាន​បានរៀបចំ​ឆ្លងកាត់​កិច្ច​ប្រជុំអនុម័ត ហើយ៥គម្រោង​ទៀត ក្រុមការងារ​លេខាធិការដ្ឋាន​ជំរុញការ​វិនិយោគ​ក្នុងខេត្តទាំងបួន​នៅភូមិភាគឦសាន បានចុះពិនិត្យទីតាំង​រួចរាល់​ ។

លោក​បន្តថា បច្ចុប្បន្ននេះ ខេត្តក្រចេះ​កាន់តែមានសក្ដានុពល​​ ក្រោយស្ពាន​ឆ្លងទន្លេ​មេគង្គ​ក្រចេះបានដាក់ឱ្យដំណើរការ​ជាផ្លូវការ ហើយ​ក្រុមហ៊ុន​ ​ខេភី ស៊ីមេន អ៊ីដាស្ទ្រី​ ដែល​វិនិយោគលើរោងចក្រ​ផលិត​ស៊ីម៉ង់ត៍ក្នុងខេត្តក្រចេះ ក៏បានសាងសង់ផ្លូវ​ទៅកាន់​ទីតាំង​រោងចក្រ​របស់ខ្លួន ធ្វើឱ្យ​ការធ្វើដំណើរ និងការ​ដឹកជញ្ជូន​កាន់តែមានភាពងាយស្រួល​ដល់ពលរដ្ឋ​ក្នុង​តំបន់ ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន​ តែ​ងណែនាំដល់ភាគីពាក់ព័ន្ធបន្តផ្តល់ការសម្របសម្រួលជូនវិនិយោគិនឱ្យអស់លទ្ធភាព និងតាមភារកិច្ចរៀងៗខ្លួន ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិនៃការឡើងថ្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យថ្លៃផលិតកម្ម និងថ្លៃដឹកជញ្ជូនកើនឡើង ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទៅដល់វិនិយោគិន ដើម្បីផ្តល់ឱកាសឱ្យវិនិយោគិនកាន់តែច្រើនឡើងអាចទទួលបាន «អត្ថប្រយោជន៍ពិសេស» ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា