ភ្នំពេញ ៖ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦នេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៨៤គម្រោង ជាមួយនឹងទំហំទុនវិនិយោគសរុបប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក ។ នេះបើតាមប្រសាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងក្នុងវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ។
ឯកឧត្តមបានមានប្រសាសន៍ថា រំហូរវិនិយោគមកកាន់ប្រទេសកម្ពុជា មានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជាយន្តការគន្លឹះក្នុងការជំរុញពិពិធកម្មឧស្សាហកម្មនៅកម្ពុជា មុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មថ្មីៗ ក្រៅពីវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ភាគច្រើនប្រមូលផ្ដុំ និងមានសកម្មភាពក្នុងតំបន់សេដ្ឋកិច្ច ដូចជា ការផ្គុំដំឡើងយានយន្ត គ្រឿងបង្គុំយានយន្ត គ្រឿងអេឡិចត្រូនិក និងអគ្គិសនី គ្រឿងសង្ហារិម គ្រឿងតែងលម្អនានា ជាដើម ។
ឯកឧត្តមបញ្ជាក់ថា ៖
« គិតមកដល់ពេលបច្ចុប្បន្ននេះ នៅកម្ពុជាយើងមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការសរុបចំនួន ៣៥តំបន់ ដែលបានទាក់ទាញរោងចក្រ សហគ្រាស ចូលមកបណ្ដាក់ទុនវិនិយោគ បង្កើតការងារ បង្កើតប្រាក់ចំណូលដល់ពរដ្ឋកម្ពុជារាប់សែននាក់ » ។
បើតាមឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជរដ្ឋាភិបាលបាន និងកំពុងបន្តពង្រឹងគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្ដល់សេវាសាធារណៈរបស់ខ្លួន តាមរយៈយន្តការច្រកចេញ-ចូលតែមួយ តុពិគ្រោះយោបល់ និងតុភ្ញៀវតាមប្រទេស និងតាមវិស័យព្រមទាំងបានបង្ខតសេវាសាធារណៈឱ្យកាន់តែកៀកអ្នកប្រើប្រាស់ដែលជាវិនិយោគិន ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគ( cdcIPM ) និងប្រព័ន្ធបញ្ជរតែមួយជាតិ ។
ឯកឧត្តមបានប្រសាសន៍បន្ថែមថា តាមរយៈការវិនិយោគថ្មីៗចូលមកកម្ពុជាតាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ននេះ បានបង្កើតឱកាសការងារ និងកម្លាំងពលកម្មដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដោយបានបង្កើតប្រាក់ចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ ។ រដ្ឋាភិបាលនៅតែបន្តទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេសចូលមកកម្ពុជា ដោយបានលើកទឹកចិត្តពិសេសដល់អ្នកវិនិយោគជាស្ដែងរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគខេត្តព្រះសីហនុ និងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ។
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា ការវិនិយោគនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៦នេះ គឺជាការវិនិយោគដែលពិតប្រាកដ មានន័យថា អ្នកមានតម្រូវការអចលនវត្ថុ គឺជាអ្នកដែលមានតម្រូវការលើការដើម្បីអភិវឌ្ឍន៍ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងបោសសម្អាតនូវសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ។
គួររម្លឹកថា តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញឱ្យឃើញថា ការវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ពោលគឹចាប់តាំងពីវិបត្តិកូវីដ១៩ ភាគច្រើនក្នុងវិស័យឧស្សាហកម្ម ដែលបានធ្វើឱ្យតម្រូវការដីធ្លីសម្រាប់វិស័យនេះមានកំណើនខ្ពស់ ដូចជា សាងសង់ឃ្លាំង រោងចក្រ និងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស ៕