បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល ២ ខែ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ

រយៈពេល ២ ខែ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ

ចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិសម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១,១១ ពាន់លានដុល្លារ កើនឡើង ១៧,៦ ភាគរយ ធៀបនឹង ៩,៤៤ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។

Advertisement

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ៥,២២ ពាន់លានដុល្លារ កើនឡើង ១៧,២ ភាគរយពី ៤,៤៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការនាំចូលមានទំហំទឹកប្រាក់មាណ ៥,៨៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើប្រៀបធៀបទៅនឹង ៤,៩៨ ពាន់លានដុល្លារ ក្នុងខែមករា-កុម្ភៈ ឆ្នាំ ២០២៥។

តួលេខខាងលើ បានបង្ហាញថា បើទោះបីជាពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិរបស់ខ្លួន បន្តមានកំណើនក៏ដោយ ក៏ការនាំចូលបានកើនឡើងលឿនជាងការនាំចេញបន្តិចផង។

ទន្ទឹមនេះ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់ ៣,៥៧ ពាន់លានដុល្លារ ក្នុងនោះ ប្រទេសកម្ពុជាបាននាំចេញទំនិញជាង ២៩៥,៦៩ លានដុល្លារទៅកាន់ទីផ្សារចិន ខណៈការនាំចូលពីប្រទេសចិនមានទំហំទឹកប្រាក់ប្រមាណ ៣,២៨ ពាន់លានដុល្លារ។

សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខពីរ ដោយទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ប្រហែល ២,៣៤ ពាន់លានដុល្លារ កើនឡើង ៣៩,៩ ភាគរយ។ កម្ពុជាបាននាំចេញទំនិញតម្លៃប្រមាណ ២,២៦ ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានចំនួន ៨០,៣៤ លានដុល្លារ។

យោងតាមរបាយការណ៍ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយដៃគូសំខាន់ៗផ្សេងទៀត រួមមាន វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ឌូនេស៊ី និងចក្រភពអង់គ្លេស ក៏ត្រូវបានរាយការណ៍ថាមានកំណើនខ្លាំងក្នុងអំឡុងពេល ២ ខែដំបូង នៃឆ្នាំ ២០២៦ នេះផងដែរ។

សេដ្ឋកិច្ចវិទូមួយរូប បានអំពាវនាវឱ្យរដ្ឋាភិបាលបន្តពង្រឹងផលិតកម្មក្នុងស្រុក និងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផល ប្រសិនបើប្រទេសកម្ពុជាចង់ពង្រីកការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗទៀត។

សេដ្ឋកិច្ចវិទូកម្ពុជា លោក ឌុច ដារិន្ទ  បានថ្លែងប្រាប់ថា កម្ពុជាគួរតែបន្តអភិវឌ្ឍសមត្ថភាពផលិតកម្មផ្ទៃក្នុងរបស់ខ្លួន ដោយផ្តោតលើផលិតភាព ស្តង់ដារគុណភាព និងភស្តុភារកម្ម ពិសេសផ្តោតលើផលិតផលដែលមានតម្លៃបន្ថែមផងដែរ។

លោកបានមានប្រសាសន៍ថា៖

“ប្រសិនបើយើងចង់ឱ្យកម្ពុជានាំចេញកាន់តែច្រើន ប្រទេសកម្ពុជាត្រូវតែបន្តអភិវឌ្ឍផលិតកម្មផ្ទាល់ខ្លួននៅក្នុងស្រុក”។

លោកបានបន្តថា ការពង្រឹងគុណភាព និងផលិតកម្មស្រុកនឹងជួយផលិតផលកម្ពុជាឱ្យបំពេញតម្រូវការទីផ្សារអន្តរជាតិបានកាន់តែប្រសើរ។ លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការធ្វើពិពិធកម្មឧស្សាហកម្ម ការធ្វើឱ្យប្រសើរឡើងនូវសហគ្រាសធុនតូច និងមធ្យម (SMEs) និងសម្រួលដល់ពាណិជ្ជកម្ម គឺជាជំហានក្នុងទិសដៅត្រឹមត្រូវ។

សេដ្ឋកិច្ចវិទូរូបនេះ បានធ្វើការកត់សម្គាល់បែបនេះ ចំពេលប្រទេសកម្ពុជាបន្តជំរុញឱ្យមានការធ្វើពិពិធកម្មការនាំចេញកាន់តែខ្លាំង និងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងសកល។

កាលពីថ្មីៗ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី នៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការបន្តធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ និងធ្វើពិពិធកម្មទីផ្សារនាំចេញ-នាំចូល ឈរលើអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី»។

លោកជំទាវ មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនិងអនុវត្តនូវវិធានការកែទម្រង់មុតស្រួចនានា ដោយសម្រេចបាននូវលទ្ធផលធំៗជាច្រើនក្នុងឆ្នាំ ២០២៥ កន្លងទៅ មានជាអាទិ៍ ការបញ្ចប់នីតិវិធីផ្តល់សច្ចាប័ននិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំទ្បើងកម្រិត ការបន្តពិនិត្យដោះស្រាយក្តីកង្វល់ និងសំណូមពរនានារបស់វិស័យឯកជន តាមរយៈកិច្ចសន្ទនាភាពជាដៃគូរដ្ឋនិងវិស័យឯកជន ការបន្តធ្វើទំនើបកម្មនិងសាមញ្ញកម្មការផ្តល់សេវាសាធារណៈ និងការបន្តពិពិធកម្មនិងលើកកម្ពស់គុណភាពនិងកិត្យានុភាពផលិតផលក្នុងស្រុក តាមរយៈកិច្ចការពារកម្មសិទ្ធិបញ្ញា ជាដើម។

លោកជំទាវរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម បានដាក់នូវទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២៦ និងដំណើរឆ្ពោះទៅអនាគតរបស់ក្រសួង តាមរយៈការដាក់ចេញនូវចក្ខុវិស័យជាយុទ្ធសាស្រ្តឆ្ពោះទៅឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ “ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង” ដោយផ្តោតសំខាន់លើការងារស្នូលដែលមានភាពប្រទាក់ក្រទ្បាគ្នាចំនួន ៣ គឺ៖ ការធ្វើបរិវត្តកម្មស្ថាប័ន និងប្រព័ន្ធ ការងារពាណិជ្ជកម្មក្នុងប្រទេស និង ការងារពាណិជ្ជកម្មអន្តរជាតិ៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាប្រធានក្រុមអ្នកព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា