ភ្នំពេញ ៖ ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៦ នេះ មានទឹកប្រាក់ ៣២៥,៣៦ លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ មានកំណើន ១៣,៨ ភាគរយ។ តាមរយៈទំហំនៃការនាំចេញនេះបានបង្ហាញពីភាពរឹងមាំរបស់តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ សម្រាប់ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ បានបញ្ជាក់ពីកំណើនគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិន និងការពង្រីកប្រតិបត្តិការឧស្សាហកម្ម។
ជាក់ស្ដែងក្នុងរយៈពេល ២ ខែ ឆ្នាំ ២០២៥ ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសមានទឹកប្រាក់ ២៨៥,៨៧ លានដុល្លារអាម៉េរិក ហើយសម្រាប់ ២ ខែឆ្នាំ ២០២៦ នេះ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះមានទឹកប្រាក់កើនឡើងដល់ ៣២៥,៣៦ លានដុល្លារអាម៉េរិក។ ការកើនឡើងនៃទំហំទឹកប្រាក់នាំចេញនេះ បានបង្ហាញពីការពង្រីកសមត្ថភាពផលិតកម្មជាបន្តបន្ទាប់ និងការពង្រីកសកម្មភាពខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់។
របាយការណ៍ដដែលឱ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ មានកម្មករ កម្មការិនីកំពុងបំពេញការងារ រហូតដល់ ៥៥ ៩៣៥ នាក់ ដែលបានជួយសម្រួលដល់ជីវភាពក្រុមគ្រួសាររបស់ពួកគេ និងបានរួមចំណែកដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញផងដែរ។
អ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត បានមានប្រសាសន៍ថា ការរីកចម្រើនជាបន្តបន្ទាប់ និងប្រតិបត្តិការឈានមុខជាលំដាប់របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសនេះ គឺបានឆ្លុះបញ្ចាំងពីទំនុកចិត្តដែលក្រុមហ៊ុនបានទទួលពីវិនិយោគិន និងការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងតំបន់នេះ។
អ្នកឧកញ៉ាបានបន្តថា ក្រុមហ៊ុនពិតជាមានមោទនភាពជាខ្លាំង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយការគាំទ្រដល់ការពង្រីកវិស័យឧស្សាហកម្ម កំណើនពាណិជ្ជកម្ម និងការបង្កើតឱកាសការងារ។
អ្នកឧកញ៉ាក៏បានកោតសរសើរ និងដឹងគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់តំបន់សេដ្ឋកិច្ច ក្នុងការរក្សាបរិយាកាសវិនិយោគដ៏មានស្ថិរភាព និងងាយស្រួលសម្រាប់អាជីវកម្ម ។ ភាពជាដៃគូដ៏រឹងមាំនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជំរុញវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិ។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៥ នៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការសរុប ៣៤តំបន់ ស្ថិតនៅក្នុង ១១ រាជធានី-ខេត្ត ដែលមានកំណើន ៤ តំបន់ ធៀបនឹងឆ្នាំ ២០២៤។
ក្នុងចំណោមរាជធានី/ខេត្តទាំង ១១ ដែលមានតំបន់សេដ្ឋកិច្ចពិសេសដំណើរការ ឃើញថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចដែលមានរោងចក្រដំណើរការច្រើនជាងគេរហូតដល់ ១២ តំបន់ បន្ទាប់មកគឺខេត្តព្រះសីហនុ មានចំនួន ៦ តំបន់ ខេត្តកណ្ដាល ៣ តំបន់ ខេត្តកោះកុង ៣ តំបន់ ខេត្តបន្ទាយមានជ័យ ៣ តំបន់ កំពង់ស្ពឺ ២ តំបន់។ ដោយឡែកខេត្តចំនួន ៥ ផ្សេងទៀត រួមមានខេត្តកំពង់ចាម កំពត ក្រចេះ ពោធិ៍សាត់ និងរាជធានីភ្នំពេញ មានតំបន់សេដ្ឋកិច្ចចំនួន ១ តំបន់ដូចគ្នា៕