បរទេស៖ ឥណ្ឌា និងម៉ាឡេស៊ី បានប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យបន្ទះឈីប ក្នុងគោលដៅលើកកម្ពស់វិស័យការពារជាតិ និងវិស័យផ្សេងៗទៀត នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Al Jazeera ។
កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅរដ្ឋធានី Putrajaya នៃប្រទេសម៉ាឡេស៊ី ដើម្បីពិគ្រោះកិច្ចការងារសំខាន់ៗមួយចំនួន ដោយក្នុងនោះ មេដឹកនាំទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងឥណ្ឌា-ម៉ាឡេស៊ី ឱ្យកាន់តែស៊ីជម្រៅលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខស្បៀង សុខាភិបាល និងទេសចរណ៍។ មិនត្រឹមតែប៉ុណ្ណោះ លោក Anwar និង Modi បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១១ ដោយបានចុះហត្ថលេខារួមមានទាំងការគ្រប់គ្រងគ្រោះមហន្តរាយ និងការរក្សាសន្តិភាពផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា កិច្ចពិភាក្សាមានភាពទូលំទូលាយជាមួយនឹងក្តីសង្ឃឹមថានឹងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែឆាប់រហ័សស្របទៅនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ។ បន្ថែមពីនេះ ទាំងឥណ្ឌា និងម៉ាឡេស៊ី នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចប្រើប្រាស់ការលើការទូទាត់រូបិយប័ណ្ណក្នុងស្រុកសម្រាប់សកម្មភាពឆ្លងព្រំដែន ជាមួយនឹងក្តីសង្ឃឹមថា ពាណិជ្ជកម្មទ្វេភាគីនឹងលើសពី ១៨,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។ លើសពីនេះ ម៉ាឡេស៊ីក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការបើកដំណើរការកុងស៊ុលមួយនៅក្នុងរដ្ឋ Sabah នៅលើកោះប័រណេអូ។
ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឆ្នាំ ២០២៤ ទាំងម៉ាឡេស៊ី និងឥណ្ឌាបានសហការរួចហើយលើបញ្ហាជាច្រើនរួមមានវិស័យការពារជាតិផងដែរ។ ក្រៅពីនេះ ឥណ្ឌា និងម៉ាឡេស៊ីបានធ្វើសមយុទ្ធយោធារួមគ្នាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ហើយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិអាចនឹងកើនឡើងបន្ថែមទៀត។ ប្រទេសទាំងពីរបានប្តេជ្ញាពង្រឹងភាពជាដៃគូលើវិស័យឈីប និងវិស័យសន្តិសុខស្បៀងអាហារឱ្យកាន់តែស៊ីជម្រៅផងដែរ។
ក្រសួងកិច្ចការបរទេសរបស់ឥណ្ឌា បានលើកឡើងថា ម៉ាឡេស៊ី មានប្រព័ន្ធអេកូឡូស៊ីឈីបខ្លាំង ខណៈដែលពួកគេមានបទពិសោធន៍ជិត ៣០ ទៅ ៤០ ឆ្នាំរួចហើយនៅក្នុងតំបន់។ យោងតាមតួលេខរបស់រដ្ឋាភិបាលម៉ាឡេស៊ី បានឱ្យដឹងថា ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងការនាំចេញផលិតផលឈីបទូទាំងពិភពលោក ហើយវិស័យនេះមានចំណែកប្រហែល ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនឥណ្ឌាមានចំណាប់អារម្មណ៏ក្នុងកិច្ចសហការជាមួយម៉ាឡេស៊ី ទាំងក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ ការកសាងរោងចក្រផលិត និងសាកល្បង ខណៈដែលកាលពីខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនឥណ្ឌា Tata Electronics បានបង្ហាញពីផែនការទិញយករោងចក្រផលិតឈីបនៅម៉ាឡេស៊ីទៀតផង៕






















