បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានវិលត្រឡប់ទៅកាន់ប្រទេសឥណ្ឌាវិញហើយ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ ៥ ប្រទេស រួមមាន អារ៉ាប់រួម ហូឡង់ ស៊ុយអែត ន័រវែស និងអ៊ីតាលី កាលពីសប្ដាហ៍កន្លងទៅ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Times of India ។

បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានវិលត្រឡប់ទៅកាន់ប្រទេសឥណ្ឌាវិញហើយ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ ៥ ប្រទេស រួមមាន អារ៉ាប់រួម ហូឡង់ ស៊ុយអែត ន័រវែស និងអ៊ីតាលី កាលពីសប្ដាហ៍កន្លងទៅ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Times of India ។
ខណៈពេលដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើលទ្ធផលនៃកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង លោក Xi Jinping ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់តែនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកំពូលៗចំនួន៥ ចាប់តាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែឧសភាកន្លងទៅនេះ។ ជំនួបរបស់លោក Modi ជាមួយមេដឹកនាំទាំង ៥ ប្រទេស នោះ ភាគច្រើនគឺផ្តោតលើការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ការជំរុញកិច្ចព្រមព្រៀងបច្ចេកវិទ្យាបៃតង និងធានាបានគម្រោងវិនិយោគមានតម្លៃជិត ៤០ ពាន់លានដុល្លារ។
លោក Modi បានជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនលំដាប់ពិភពលោកជាង ៥០ នាក់ និងបានពិភាក្សាលើបន្ទះឈីប, ភស្តុភារកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, យោធា, ថាមពល និងបច្ចេកវិទ្យា ខនៈក្រុមហ៊ុនភាគច្រើនមានវត្តមាននៅឥណ្ឌារួចហើយ ដែលមានទុនវិនិយោគស្រាប់សរុបប្រហែល ១៨០ ពាន់លានដុល្លារ ហើយពួកគេក៏កំពុងមានគម្រោងពង្រីកអាជីវកម្មបន្ថែមទៀតដែរ។ ខាងក្រោមនេះ ជារបាយការណ៍នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេសកំពូលៗទាំង៥ ៖
១. អារ៉ាប់រួម (UAE)៖ លោក Modi បានបំពេញដំណើរទស្សនកិច្ចនៅអារ៉ាប់រួមមុនគេកាលពីថ្ងៃទី ១៥ ខែឧសភា ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន ៧ ដើម្បីបង្កើតក្របខ័ណ្ឌភាពជាដៃគូការពារជាតិ, ពង្រីកកិច្ចសហប្រតិបត្តិការថាមពល, និងធានាបានការវិនិយោគពីអារ៉ាប់រួមបាន ៥ ០០០ លានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសឥណ្ឌា។
២. ហូឡង់៖ ឥណ្ឌា និងហូឡង់ បានជំរុញទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងកិច្ចព្រមព្រៀងថ្មីចំនួន ១៧ រួមមាន ឈីប, បញ្ញាសិប្បនិម្មិត (AI), បចេ្ចកវិទ្យាកុំព្យូទ័រកង់ទិច, រ៉ែកម្រសំខាន់ៗ, ថាមពលកកើតថ្មី, និង ការផលិតសព្វាវុធ។ល។
៣. ស៊ុយអែត៖ ឥណ្ឌា និងស៊ុយអែត ជំរុញទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដោយចុះហត្ថលេខាលើផែនការសកម្មភាពរួមឆ្នាំ ២០២៦-២០៣០ ផ្តោតលើការផ្លាស់ប្តូរបែបបៃតង និងបច្ចេកវិទ្យាថ្មីៗ។
៤. ន័រវែស៖ លោក Modi បានចូលរួមកិច្ចប្រជុំកំពូលឥណ្ឌា-ណ័រឌីកលើកទី ៣ ដោយលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាប្រទេសនៅតំបន់ណ៏រឌីកទៅជា ដៃគូសហការស្រាវជ្រាវតំបន់អាក់ទិក និងសកម្មភាពអាកាសធាតុ។
៥. អ៊ីតាលី៖ នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយនៅអ៊ីតាលីពីថ្ងៃទី ១៩-២០ ខែឧសភា លោក Modi បានជួបជាមួយនាយករដ្ឋមន្ត្រី Giorgia Meloni នៅទីក្រុងរ៉ូម និង បានពិភាក្សាគ្នាផ្តោតលើផែនការសកម្មភាពយុទ្ធសាស្ត្ររួមឆ្នាំ ២០២៥-២០២៩ ដើម្បីជំរុញពាណិជ្ជកម្ម ការពារជាតិ ថាមពលស្អាត និងការច្នៃប្រឌិត។
ជាមួយនឹងដំណើរទស្សនកិច្ចដ៏កម្រនាពេលនេះ សេដ្ឋវិទូមើលបានឃើញថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi អាចជាយុទ្ធសាស្ត្រផ្នែកភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាអំណាចអាម៉េរិក និងចិន ទាំងដែលអាម៉េរិក និងចិន សុទ្ធតែបានប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនជាឧបករណ៍នយោបាយ។ ចិនប្រើប្រាស់ការផ្គត់ផ្គង់ទីផ្សារជាសម្ពាធ ហើយបើសិនប្រទេសណាដែលមិនស្ដាប់ខ្លួន នឹងបញ្ឈប់ការផ្គត់ផ្គង់ទំនិញសំខាន់ៗទៅកាន់ប្រទេសនេះ។ ដោយឡែក ចំពោះអាម៉េរិកវិញ បានប្រើប្រាស់ការបើកចំហទីផ្សារដូចជា ការផ្ដល់លក្ខខណ្ឌពិសេសដល់សម្ព័ន្ធមិត្ត និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ចំណុចទាំងនេះត្រូវបានគេមើលឃើញថា ដោយសារហេតុផលនេះហើយ ទើបឥណ្ឌា និងអឺរ៉ុប ងាកមកចាប់ដៃគ្នាដើម្បីកសាងភាពធន់ និងការធ្វើពិពិធកម្ម ចៀសវាងការពឹងផ្អែកខ្លាំងពេកលើមហាអំណាចទាំងពីរនេះ៕
