បរទេស៖ ឥណ្ឌា និងកូរ៉េខាងត្បូង បានកំណត់គោលដៅជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យសម្រេចបាន ៥០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០។ នេះបើយោងតាមការរាយការណ៍ពី CNBC។

បរទេស៖ ឥណ្ឌា និងកូរ៉េខាងត្បូង បានកំណត់គោលដៅជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យសម្រេចបាន ៥០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០។ នេះបើយោងតាមការរាយការណ៍ពី CNBC។
កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានអះអាងសារជាថ្មីអំពីផែនការបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ៥០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០។ គោលដៅនេះត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក Modi លើកឡើងថា ប្រទេសទាំងពីរកំពុងផ្លាស់ប្តូរពីភាពជាដៃគូដែលអាចទុកចិត្តបាន ទៅជាកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត ដែលលាតសន្ធឹងចាប់តាំងពីឈីបរហូតដល់ឧស្សាហកម្មកប៉ាល់, ពីទេពកោសល្យរហូតដល់បច្ចេកវិទ្យា និងពីបរិស្ថានទៅជាថាមពល។
ទន្ទឹមនឹងនេះ លោក Lee Jae Myung បានបន្ថែមថា នៅក្នុងយុគសម័យដែលមានភាពមិនប្រាកដប្រជា ប្រទេសទាំងពីរអាចក្លាយជាដៃគូដ៏ល្អបំផុតសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកំណើនទៅវិញទៅមក និងការច្នៃប្រឌិត។
ទោះបីជាមានការកំណត់គោលដៅធំក៏ដោយ ប៉ុន្តែពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងក្នុងអត្រាប្រចាំឆ្នាំត្រឹមតែ ៣ ភាគរយ ប៉ុណ្ណោះពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥។ ទំហំពាណិជ្ជកម្មសរុបរវាងឥណ្ឌា និងកូរ៉េមានចំនួន ២៦,៨៩ ពាន់លានដុល្លារ ស្មើនឹងចំនួនពាក់កណ្តាល ដែលបានកំណត់សម្រាប់ឆ្នាំ ២០៣០។ លើសពីនេះ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ជាវិនិយោគិន FDI ធំជាងគេទី ១៣ នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងលំហូរកើនឡើងត្រឹមតែ ៦,៦៩ ពាន់លានដុល្លារប៉ុណ្ណោះគិតចាប់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២៥។
អាជីវកម្មរបស់កូរ៉េខាងត្បូងមានភាពលេចធ្លោនៅក្នុងប្រទេសឥណ្ឌាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ ដោយមានម៉ាកល្បីៗនៅក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា Hyundai សម្រាប់រថយន្ត, ក្រុមហ៊ុន LG Electronics ក្នុងទំនិញប្រើប្រាស់, និង Samsung ផ្នែកអេឡិចត្រូនិច។
សេដ្ឋវិទូមើលឃើញថា ប្រទេសទាំងពីរកំពុងស្វែងរកការធ្វើពិពិធកម្មឆ្ងាយពីទីផ្សារអាម៉េរិក និងស្វែងរកជម្រើសប្រភពក្រៅពីប្រទេសចិន។ កូរ៉េខាងត្បូងគឺជាជម្រើសស័ក្តិសមបំផុតសម្រាប់ឥណ្ឌា ដោយសារប្រទេសនេះផ្តល់នូវបច្ចេកវិទ្យាទំនើបសម្រាប់រថយន្តអគ្គិសនី EV, អេឡិចត្រូនិក, ឈីប, និង បញ្ញាសិប្បនិម្មិត (AI)។ ស្របពេលដែលឥណ្ឌាចង់ធ្វើពិពិធកម្មប្រភពរបស់ខ្លួនឱ្យឆ្ងាយពីចិននៅក្នុងវិស័យទាំងនេះ ដូចជា ការសាងសង់នាវា និងដែកថែបរបស់កូរ៉េខាងត្បូងកាន់តែគួរឱ្យចាប់អារម្មណ៍សម្រាប់ឥណ្ឌា។
ទោះជាយ៉ាងណាក្តី កង្វល់ដ៏ធំបំផុតគឺគោលនយោបាយដែលមិនអាចទាយទុកជាមុនបាន, ការទិញដី, ការពន្យារពេលកសាងហេដ្ឋារចនាសម្ព័ន្ធ, និងភាពស្មុគស្មាញនៃបទប្បញ្ញត្តិនៅតែជាបញ្ហាប្រឈមក្នុងប្រតិបត្តិការជាក់ស្តែងសម្រាប់ក្រុមហ៊ុនកូរ៉េដែលវិនិយោគនៅក្នុងប្រទេសឥណ្ឌា។ ជាក់ស្តែង ក្រុមហ៊ុនដែកដ៏ធំរបស់កូរ៉េខាងត្បូង POSCO បានប្រកាសគ្រោងវិនិយោគតម្លៃ ១២ ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌាកាលពីជិត ២០ ឆ្នាំមុន។ គម្រោងនេះបានជួបប្រទះនឹងការពន្យារពេលជាច្រើនដង ដោយសារ POSCO ជួបការលំបាកក្នុងការទិញដីរហូតដល់ឆ្នាំ ២០២៤ ទើបក្រុមហ៊ុននេះបន្តផែនការវិនិយោគបង្កើតរោងចក្រដែកដែលមានសមត្ថភាពផលិតបាន ៦ លានតោនក្នុងមួយឆ្នាំ ដែលជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនឥណ្ឌា JSW Steel។
មិនត្រឹមតែប៉ុណ្ណោះ ដំណើរការសាងសង់កប៉ាល់មានភាពយឺតយ៉ាវ។ កាលពីឆ្នាំមុន ក្រុមហ៊ុនកូរ៉េខាងត្បូង HD Korea Shipbuilding & Offshore Engineering ប្រកាសពីផែនការសាងសង់កប៉ាល់ជាមួយក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌា Cochin Shipyard ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការប្តេជ្ញាចិត្តជាផ្លូវការពីភាគីណាមួយអំពីទំហំនៃការវិនិយោគ ឬលើការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានោះទេ៕
