ឥណ្ឌា បង្ហាញបច្ចេកវិទ្យា AI ថ្មី ប្រជែង ChatGPT ដោយពុំចាំបាច់ប្រើអ៊ិនធឺណេត
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះបានបង្ហាញនូវលទ្ធផលអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយរបស់ខ្លួនដែលសូម្បីតែទូរស័ព្ទដៃធម្មតាក៏អាចប្រើប្រាស់មុខងារ AI មួយចំនួនបានដោយមិនចាំបាច់ភ្ជាប់ជាមួយនឹងប្រព័ន្ធអ៊ិនធឺណេតនោះឡើយ ពោលគឺវាមិនត្រឹមតែអាចប្រកួតប្រជែងជាមួយនឹង ChatGPT នោះទេ វាថែមទាំងអាចជួយឲ្យមុខងារ AI អាចពង្រឹកខ្លួនកាន់តែធំទៅកាន់តំបន់ដាច់ស្រយាលជាច្រើនផ្សេងទៀតនៅលើពិភពលោក។ ស្ថាប័ន Sarvam AI ដែលមានមូលដ្ឋាននៅរដ្ឋ Bengaluru បានប្រកាសអំពីរបកគំហើញថ្មីមួយនេះនៅក្នុងវេទិកា AI Impact Summit ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុងញុវដេលីកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Independent ។
Advertisement
India AI Impact Summit ដែលជាគំរូវេទិកាកិច្ចពិភាក្សាលំដាប់អន្តរជាតិ បានរៀបចំឡើងនៅក្នុងប្រទេសឥណ្ឌាជាលើកដំបូង ដើម្បីបង្ហាញពីតួនាទីរបស់ឥណ្ឌាក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលអាចប្រជែងជាមួយនឹងសហរដ្ឋអាម៉េរិក និងចិន ជាអ្នកគ្រប់គ្រងទីផ្សារនេះជាយូរមកហើយ។
គំរូភាសា large-language AI models ថ្មីដែល Sarvam AI បានផលិតនោះមានឈ្មោះថា Sarvam Edge ។ បច្ចេកវិទ្យានេះបានទាក់ចិត្តអ្នកចូលរួមទស្សនាភាគច្រើន ដោយសារតែមុខងារ Speech, vision និង AI assistant របស់វាអាចដំណើរការបានយ៉ាងល្អដោយផ្ទាល់ សូម្បីតែជាមួយនឹងម៉ូដេលទូរស័ព្ទកាលពីអតីតកាល ដូចជា Nokia ក្តី ដោយមិនចាំបាច់មានភ្ជាប់អ៊ិនធឺណេតនោះឡើយ។