បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា ងាកទៅរកការនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក ដោយសារការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងសម្ពាធ

ឥណ្ឌា ងាកទៅរកការនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក ដោយសារការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងសម្ពាធ

បរទេស៖ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាបានងាកទៅរកជម្រើសនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក បន្ទាប់ពីការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ាត្រូវបានរំខានដោយសារសង្គ្រាមរវាងសហរដ្ឋអាម៉េរិក សហការជាមួយអ៊ីស្រាអ៉ែល វាយប្រហារទៅលើអ៊ីរ៉ង់នៅតែអូសបន្លាយ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិ។

Advertisement

ឥណ្ឌា គឺជាអ្នកនាំចូល និងអ្នកប្រើប្រាស់ប្រេងធំជាងគេទី ៣ របស់ពិភពលោក ដែលការទិញប្រេងឆៅភាគច្រើនមានប្រភពមកពីមជ្ឈិមបូព៌ា ប៉ុន្តែ ចាប់តាំងពីមានការបិទច្រកសមុទ្រ Hormuz កាលពីចុងខែកុម្ភៈ ឥណ្ឌា បានបាត់បង់ការនាំចូលប្រេងឆៅជាង ៤០ ភាគរយ ។ នៅក្នុងខែមេសា ឥណ្ឌា បាននាំចូលប្រេងសរុប ៤,៥៧ លានបារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែការនាំចូលធ្លាក់ចុះ ១៥,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ពី The Banker រាយការណ៍ថា វិក្កយបត្រនាំចូលប្រេង និងឥន្ធនៈរបស់ឥណ្ឌានៅក្នុងខែមេសា មានចំនួន ១៨,៦ ពាន់លានដុល្លារ ដែលកើនឡើងពី ១២,១ ពាន់លានដុល្លារក្នុងខែមីនា។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃនាំចូលប្រេងនឹងបន្តឡើងថ្លៃបន្ថែមទៀតនៅក្នុងខែឧសភានេះ។

ក្នុងគោលបំណងកាត់បន្ថយហានិភ័យពីវិបត្តិថាមពល រដ្ឋាភិបាល និងក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា បានងាកទៅរកជម្រើសនាំចូលពីប្រទេសផ្សេងៗ ដូចជា វេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា រួមទាំងការបន្តទិញប្រេងពីរុស្ស៊ីផងដែរ។ បច្ចុប្បន្ននេះ រុស្ស៊ី​ នៅតែ​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​កំពូលលេខ ១ ​របស់​ឥណ្ឌា ដែលបាននាំចេញប្រេងប្រហែល ១,៩ លានបារ៉ែលក្នុងមួយថ្ងៃ បន្ទាប់មកគឺអារ៉ាប់រួម និង​អារ៉ាប៊ីសាអូឌីត។ ប្រេស៊ីលគឺជាអ្នកផ្គត់ផ្គង់ធំជាងគេទី ៤ ខណៈដែលវេណេស៊ុយឡាជាប់ចំណាត់ថ្នាក់ទី ៥។ យ៉ាងណាមិញ វេណេស៊ុយអេឡាកំពុងក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេទី ៤ របស់ឥណ្ឌានៅក្នុងខែឧសភានេះ។

យ៉ាងណាក៏ដោយ ថ្វីត្បិតតែមានសង្គ្រាមនៅមជ្ឈិមបូព៌ាក្តី ប៉ុន្តែអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតមានបំពង់បង្ហូរប្រេងឆៅដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលគុយវ៉ែត អ៊ីរ៉ាក់ កាតា និងបារ៉ែនសុទ្ធតែពឹងផ្អែកលើផ្លូវទឹកមួយនេះសម្រាប់ការដឹកជញ្ជូន។ នេះជាមូលហេតុដែលឥណ្ឌារកជម្រើសផ្គត់ផ្គង់ពីប្រភពផ្សេងៗ ខណៈដែលរក្សាបានអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតនៅតែជាអ្នកផ្គត់ផ្គង់ដ៏សំខាន់។ ជាក់ស្តែងកាលពីខែមេសាកន្លងទៅនេះ ឥណ្ឌាផ្អាកទិញប្រេងពីអ៊ីរ៉ាក់ដោយសារការបិទច្រកសមុទ្រ Hormuz ប៉ុន្តែទទួលបានប្រេងពីអ៊ីរ៉ង់ឡើងវិញបន្ទាប់ពីផ្អាកទិញ ៧ ឆ្នាំ ដោយសារទីក្រុងវ៉ាស៊ីនតោនលើកលែងទណ្ឌកម្មជាបណ្តោះអាសន្ន ដើម្បីជួយរក្សាស្ថិរភាពតម្លៃប្រេងពិភពលោក។ នៅក្នុងខែឧសភា ឥណ្ឌាទិញប្រេងពីអ៊ីរ៉ាក់ឡើងវិញខ្លះៗប្រហែល ៤ ១០០០​ បារ៉ែលក្នុងមួយថ្ងៃ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា