បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

បរទេស៖ ធនាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន។ នេះបើយោងតាមសារព័ត៌មានឥណ្ឌូណេស៊ី Antara កាលពីថ្ងៃទី ២១​ ខែឧសភា ឆ្នាំ ២០២៦។

Advertisement

អ្នកនាំចេញអាចតម្កល់ប្រាក់ចំណូលជារូបិយប័ណ្ណបរទេស ជាពិសេសប្រាក់យ័នចិននៅក្នុងធនាគាររបស់រដ្ឋក្នុងទម្រង់ជា “ប្រាក់បញ្ញើមានកាលកំណត់ ឬ Term Deposits” បានរហូតដល់ ១២ ខែ។

ថ្លែងនៅក្នុងសន្និសីទបទប្បញ្ញត្តិនៅទីក្រុងហ្សាកាតាកាលពីថ្ងៃព្រហស្បតិ៍ អភិបាលធនាគារជាតិរបស់ឥណ្ឌូនេស៊ី លោក Perry Warjiyo លើកឡើងថា កាលពីមុន ការនាំចេញធនធានធម្មជាតិ (DHE SDA) ត្រូវបានគ្រប់គ្រងដោយប្រាក់ដុល្លារអាម៉េរិក ប៉ុន្តែឥឡូវនេះអាជីវកម្មអាចប្រើប្រាស់រូបិយប័ណ្ណផ្សេងជំនួសបានកាន់តែច្រើន។

លោកបានថែងថា៖

“យើងកំពុងពង្រីកជម្រើសរូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាម៉េរិក។ ធនាគារជាតិឥណ្ឌូនេស៊ីកំពុងធ្វើឱ្យទីផ្សារប្តូរប្រាក់បរទេសក្នុងស្រុកកាន់តែស៊ីជម្រៅ ខណៈដែលប្រាក់យ័នរបស់ចិនត្រូវបានជួញដូរយ៉ាងសកម្មនៅក្នុងប្រទេសរួចទៅហើយ។”

លោក Perry Warjiyo បានបន្តថា បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយបណ្តាធនាគារក្នុងស្រុករបស់ឥណ្ឌូណេស៊ី និងធនាគារកណ្តាលរបស់ចិន អាជីវកម្មទាំងអស់ឥឡូវនេះអាចប្រើប្រាស់ប្រាក់យ័នចិននៅក្នុងទីផ្សារក្នុងស្រុកបាន។

ការកែសម្រួលរបស់ធនាគារជាតិឥណ្ឌូណេស៊ី ផ្តល់នូវភាពបត់បែនដល់ប្រតិបត្តិការសម្រាប់អ្នកនាំចេញទំនិញ ដែលច្បាប់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦។ យ៉ាងណាមិញ នៅក្រោមច្បាប់ថ្មីនេះ ក្រុមហ៊ុននាំចេញធនធានធម្មជាតិទាំងអស់ត្រូវតែបញ្ជូនប្រាក់ចំណូល ១០០ ភាគរយ ដែលទទួលបានពីការលក់ទំនិញនៅក្រៅប្រទេស ត្រឡប់មកដាក់ក្នុងប្រព័ន្ធធនាគាររដ្ឋរបស់ឥណ្ឌូនេស៊ីវិញ។ គេមិនអនុញ្ញាតឱ្យតម្កល់ប្រាក់ចំណូលទាំងនោះនៅធនាគារក្រៅប្រទេសទៀតឡើយ។

សម្រាប់វិស័យប្រេង និងឧស្ម័នវិញ ក្រុមហ៊ុនត្រូវតម្កល់លុយយ៉ាងតិច ៣០ ភាគរយ នៃប្រាក់ចំណូលនាំចេញសរុបនៅក្នុងគណនីពិសេសក្នុងស្រុកយ៉ាងហោចណាស់ ៣ ខែ ខណៈដែលវិស័យមិនមែនប្រេង និងឧស្ម័ននៅត្រូវរក្សាទុក ១០០ ភាគរយ យ៉ាងហោចណាស់ ១២ ខែ។ សម្រាប់អ្នកវិនិយោគបរទេស រដ្ឋាភិបាលបានបន្ថយកម្រិតកំណត់ការដូរលុយរូពៀ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនតម្កល់លុយជារូបិយប័ណ្ណបរទេសរហូតដល់ ៥០ ភាគរយ និង ប្រាក់រពៀ ៥០ ភាគរយ។ កាលពីមុន រដ្ឋាភិបាលតម្រូវឱ្យប្តូរប្រាក់ចំណូលទាំងនោះទៅជាលុយរូពៀទាំងស្រុង ១០០ ភាគរយ។

ការផ្លាស់ប្តូរគោលនយោបាយនេះ គឺធ្វើឡើងស្របទៅតាមយុទ្ធសាស្ត្ររបស់ធនាគារជាតិឥណ្ឌូណេស៊ី ដើម្បីធ្វើឱ្យទីផ្សារដូរប្រាក់ (Forex) ក្នុងស្រុកកាន់តែមានភាពរស់រវើកស៊ីជម្រៅ ដែលអនុញ្ញាតឱ្យមានរូបិយប័ណ្ណច្រើនជម្រើស ពិសេសជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌូនេស៊ី និងងាយស្រួលជួញដូរ ដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធធនាគារក្រៅប្រទេស ឬ ពឹងផ្អែកតែលើប្រាក់ដុល្លារអាម៉េរិក។​

យុទ្ធសាស្ត្ររបស់ធនាគារជាតិឥណ្ឌូនេស៊ី គឺការធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ដោយមិនពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិកតែមួយគត់ និងដើម្បីសម្រួលដល់ពាណិជ្ជកម្មជាមួយចិន ដែលជាដៃគូសេដ្ឋកិច្ចធំបំផុតរបស់ខ្លួន។

លោក Perry Warjiyo បានបង្ហាញថា ការទូទាត់រូបិយប័ណ្ណទ្វេភាគីរវាងលុយរូពៀជាមួយលុយយ័នចិន ឈានដល់ជាង ២៥ ពាន់លានដុល្លារកាលពីឆ្នាំមុន។ រហូតមកដល់ពេលនេះ បរិមាណបានកើនឡើងថែមប្រហែល ៣,៧ ពាន់លានដុល្លារក្នុងមួយខែ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា