បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា នេះបើយោងតាមសេចក្ដីរាយការណ៍ពី Jakarta Globe ។

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា នេះបើយោងតាមសេចក្ដីរាយការណ៍ពី Jakarta Globe ។
កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានឡើងយន្តហោះឆ្ពោះទៅកាន់ប្រទេសរុស្ស៊ីជាលើកទី ៣ ខណៈដែលសង្រ្គាមនៅមជ្ឈិមបូព៌ាបន្តគំរាមកំហែងថាមពលពិភពលោក។
លេខាធិការខុទ្ទកាល័យរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Teddy Indra Wijaya បានលើកឡើងថា មេដឹកនាំទាំងពីរអាចនឹងពិភាក្សាអំពីបញ្ហាយុទ្ធសាស្រ្ត ភូមិសាស្ត្រនយោបាយ និងសន្តិសុខថាមពល។ ឥណ្ឌូនេស៊ីនឹងបន្តធ្វើការជាមួយរដ្ឋាភិបាលរុស្ស៊ី ដែលធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេស រួមមាន ទាំងការស្វែងរកប្រភពផ្គត់ផ្គង់ប្រេងផងដែរ។ នៅលើប្រធានបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ឥណ្ឌូនេស៊ី នឹងបង្ហាញជំហរយុទ្ធសាស្ត្ររបស់ខ្លួនក្នុងកិច្ចការពារស្ថិរភាព និងសន្តិភាពពិភពលោក។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិសុខថាមពលជាតិ កិច្ចប្រជុំនេះនឹងបើកឱកាសថ្មីសម្រាប់ការចែកចាយ និងការផ្គត់ផ្គង់ថាមពលកាន់តែប្រសើរឡើង ខណៈដែលការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព គឺជាអាទិភាពសំខាន់នៅក្នុងគោលនយោបាយសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី។ ដូច្នោះហើយ ជំនួបរវាងលោក Prabowo និងលោក Putin អាចមានឥទ្ធិពលលើយុទ្ធសាស្ត្រថាមពល និងសេដ្ឋកិច្ចនាពេលអនាគតរបស់ឥណ្ឌូនេស៊ី។
រដ្ឋមន្ត្រីថាមពលលោក Bahlil Lahadalia បានបង្ហាញពីចំណាប់អារម្មណ៍របស់ឥណ្ឌូនេស៊ីក្នុងការទិញប្រេងពីរុស្ស៊ី ដែលជាប្រទេសផលិតប្រេងធំជាងគេទីបីរបស់ពិភពលោកបន្ទាប់ពីអាមេរិក និងអារ៉ាប៊ីសាអូឌីត។ កាលពីចុងខែមីនា កន្លងទៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Sergei Tolchenov បានបង្ហើបថា រុស្ស៊ីបើកចំហចំពោះកិច្ចព្រមព្រៀងប្រេងបែបនេះ។ យ៉ាងណាមិញ គេកំពុងរង់ចាំមើលថា តើទីក្រុងម៉ូស្គូនឹងលក់ប្រេងក្នុងតម្លៃបែបណា ឬ ផ្តល់ការបញ្ចុះតម្លៃដល់ទីក្រុងហ្សាការតា ដែឬអត់?
សុមបញ្ជាក់ថា ចាប់តាំងពីច្រកសមុទ្រ Hormuz ត្រូវបានបិទកាលពីចុងខែកុម្ភៈ នាវាដឹកប្រេងចំនួន ២ របស់ឥណ្ឌូណេស៊ី មិនអាចចេញពីផ្លូវទឹកដ៏តូចចង្អៀតនោះទេ។ ការបិទច្រកសមុទ្រដ៏សំខាន់មួយនេះកំពុងប៉ះពាល់សេដ្ឋកិច្ចនៅក្នុងទ្វីបអាហ្រ្វិក និងអាស៊ីដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីតំបន់មជ្ឈិមបូព៌ា ដោយពួកគេកំពុងជួបផលលំបាកកាន់តែខ្លាំងឡើងក្នុងការធានាដល់ការផ្គត់ផ្គង់សម្រាប់បំពេញតម្រូវការ។ បន្ថែមពីនេះ ភាពមិនច្បាស់លាស់នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ធ្វើឲ្យតម្លៃប្រេងឆៅឡើងថ្លៃឥតឈប់ឈរ៕
