បរទេស ៖ ក្រៅតែពីការវាយប្រហារស្រោចដោយមីស៊ីលយ៉ាងច្រើនទៅលើគោលដៅសំខាន់ៗដែលពាក់ព័ន្ធជាមួយអាម៉េរិក និងអ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈិមបូព៌ាហើយនោះ អ៊ីរ៉ង់ បានត្រៀមផែនការវាយប្រហារដោយអាវុធសេដ្ឋកិច្ចមួយទៀតដែលសំដៅឆ្អឹងខ្នងរបស់សហរដ្ឋអាម៉េរិក(ដុល្លារអាមេរិក)ក្នុងនាមខ្លួនជាអ្នកគ្រប់គ្រងច្រកសមុទ្រ Hormuz ។
ចូលមកដល់ពាក់កណ្តាលខែមីនា គឺជាសប្តាហ៍ទី៣នៃសង្គ្រាមរវាង អ៊ីរ៉ង់ ជាមួយសហរដ្ឋអាម៉េរិកដែលសហការគ្នាជាមួយអ៊ីស្រាអែល ដែលកំពុងបន្តផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារប្រេងនៅជុំវិញពិភពលោកដោយសារតែការប្រកាសបិទច្រកសមុទ្រ Hormuz ពីសំណាក់ប្រទេសអ៊ីរ៉ង់។
កាសែត Times of India បានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ គ្រោងអនុញ្ញាតឲ្យនាវាដឹកប្រេងធំៗអាចឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះឡើងវិញបាន ប៉ុន្តែក្នុងលក្ខខណ្ឌដ៏ពិសេសមួយគឺការប្រើប្រាស់លុយយ័នរបស់ចិន Petroyuan ជារូបិយបណ្ណសម្រាប់ការជួញដូរប្រេង។ វិធានការនេះជឿជាក់ថា វាគឺជាជម្រើសថ្មីមួយផ្សេងទៀតក្នុងការវាយប្រហារទៅលើអាម៉េរិក និងអ៊ីស្រាអែល។ សូមជម្រាបថា ទីផ្សារប្រេងបានប្រើប្រាស់លុយដុល្លារ (Petrodollar) គឺជាក្របខណ្ឌទូទាត់ប្រេងជាសកលដែលមានឥទ្ធិពលយ៉ាងខ្លាំងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និងមានវិសាលភាពយ៉ាងទូលាយរហូតដល់ប្រមាណ ៨០ភាគរយ។
អ្នកជំនាញទីផ្សារប្រេងបានលើកឡើងថា ប្រសិនបើអ៊ីរ៉ង់ទទួលបានជោគជ័យក្នុងការអនុវត្តផែនការជួញដូរប្រេងជាលុយយ័ន Petroyuan វាអាចប៉ះពាល់ខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុជាសកល។ សម្រាប់ក្របខណ្ឌ Petroyuan នឹងប៉ះទង្គិចខ្លាំងជាងគេដល់ទីផ្សាររូបិយវត្ថុ និងទីផ្សារបណ្ណបំណុល ហើយក្នុងស្ថានភាពដែលមិនប្រាកប្រជាបែបនេះ អាចជំរុញឱ្យទីផ្សារមាសនិងប្រាក់ ហក់ឡើងសាជាថ្មីក្នុងនាមជាឧបករណ៍វិនិយោគដ៏មានសុវត្ថិភាពបំផុត។
បន្ថែមពីលើនេះ ក្រៅតែពីធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិកហើយនោះ ផែនការនៃការអនុវត្តក្របខណ្ឌ Petroyuan របស់អ៊ីរ៉ង់ ក៏អាចឲ្យរដ្ឋាភិបាលលោក Donald Trump ឈឺក្បាលបន្ថែមទៀតនៅពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងត្រៀមរៀបចំធ្វើឡើងនៅអំឡុងខែវិច្ឆិកាខាងមុខនេះ ព្រោះតែអត្រាកើនឡើងនៃអតិផរណានៅក្នងប្រទេសដែលជះឥទ្ធិពលខ្លាំងទៅដល់ក្រុមពលរដ្ឋជាម្ចាស់សន្លឹកឆ្នោត៕