ប្រទេសជប៉ុនថ្មីៗនេះ បានចាប់ផ្តើមដាក់ពង្រាយដ្រូនប្រយុទ្ធបច្ចេកវិទ្យាទំនើបមួយប្រភេទដែលមានតម្លៃធូរថ្លៃខ្លាំង និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអ្នកផលិតក្នុងស្រុក។ វាគឺជាផ្នែកមួយនៃការងាកទៅរកយុទ្ធសាស្ត្រក្នុងការប្រើប្រាស់សព្វាវុធប្រភេទស្វ័យប្រវត្តិនៅក្នុងវិស័យការពារជាតិ។
យោងតាមការចេញផ្សាយរបស់ Tech Radar បានបញ្ជាក់ថា ដ្រូនទាំងនោះមានឈ្មោះថា AirKamuy 150 ជាបច្ចេកវិទ្យាទំនើបផ្តោតសំខាន់លើខ្ទង់ចំណាយតិច និងងាយស្រួលផលិតបានច្រើនក្នុងពេលវេលាខ្លី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ដ្រូនប្រយុទ្ធនេះ គឺជាការផលិតឡើងដោយប្រើប្រាស់ក្រដាសកាតុងប៉ុណ្ណោះ។ វាធ្វើឱ្យតម្លៃរបស់ដ្រូនមានត្រឹមតែចន្លោះពី ២០០០ ទៅ ២៥០០ ដុល្លារក្នុងមួយគ្រឿងពោលគឺទាបខ្លាំងជាងដ្រូនយោធាទូទៅ។
បច្ចុប្បន្ន សមត្ថភាពរបស់វាអាចប្រតិបត្តិការវាយប្រហារទៅលើទីតាំងប្រហែលជា ៥០ ម៉ាល ឬប្រមាណជា ៨០ គីឡូម៉ែត្រ និងអាចរក្សាការហោះហើរនៅលើលំហអាកាស ដោយមានការបញ្ជាពីចម្ងាយទៅដល់ ៨០ នាទី។ មិនត្រឹមតែប៉ុណ្ណោះ AirKamuy អាចផ្ទុកសារធាតុផ្ទុះជាប់នឹងខ្លួនទៅដល់ ៣ ផោន ឬប្រហែលជា ១,៥ គីឡូក្រាម ពោលគឺសមល្មមនឹងការវាយប្រហារបែបអត្តឃាត ឬបេសកកម្មតែមួយលើក ឬ one-way attack mission។
ក្រៅតែពីមានតម្លៃធូរថ្លៃ និងវាយប្រហារមានប្រសិទ្ធភាពល្អហើយនោះ ចំពោះការបំលាស់ទី និងដឹកជញ្ជូនវិញ វាបានផ្តល់ភាពងាយស្រួលខ្លាំងណាស់។ ជាទូទៅ ដោយសារវាមានរូបរាងស្មើជ្រុងល្អ ដូច្នេះប្រសិនបើផ្ទុកនៅក្នុងទូកុងទីន័រធម្មតា គេអាចរៀបចំ AirKamuy បានដល់ទៅ ៥០០ គ្រឿងក្នុងមួយទូ ហើយការតម្លើងប្រើប្រាស់ពេលត្រឹមតែ ៥ ទៅ ១០ នាទីប៉ុណ្ណោះ។
អ្វីដែលជាចំណុចកាន់តែពិសេសសម្រាប់ AirKamuy ដែលមានតួខ្លួនផលិតចេញពីក្រដាសកាតុងនោះគឺវាបានអនុញ្ញាតិឲ្យដ្រូនមួយនេះអាចធ្វើការហោះហើរនិងវាយប្រហារគោលដៅដោយគេចចេញពីប្រព័ន្ធរ៉ាដាកម្រិតទាបបានល្អប្រសើរជាងដ្រូនផ្សេងទៀតដែលជាធម្មតាផលិតពីដែក៕