ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គាំទ្រការស្ដារជីវភាពរស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកាលពីឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះបានបញ្ជាក់ជាផ្លូវការនូវជំនួយជាសាច់ប្រាក់ចំនួន ២២១ លានយេនជប៉ុន (ស្មីនឹងប្រមាណ ១,៥លានដុល្លារអាម៉េរិក) ពីរដ្ឋាភិបាលជប៉ុន ដែលនឹងអនុវត្តដោយ WFP ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (Atsushi UENO) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា (Atsushi UENO) និងលោកស្រី យ៉ុងណាន ផាក (Kyungnan PARK) តំណាងប្រចាំប្រទេស និងជានាយកប្រតិបត្តិនៃអង្គការ WFP ក្រោមវត្តមាន ឯកឧត្ដម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

គម្រោងនេះនឹងគាំទ្រការស្តារជីវភាពនិងអាហារូបត្ថម្ភឡើងវិញនៅខេត្តព្រះវិហារ និង ខេត្តឧត្ដរមានជ័យ ដែលសហគមន៍ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបន្តប្រឈមមុខនឹងផលលំបាកផ្សេងៗដែលបង្កដោយការខូចខាតប្រព័ន្ធហេត្ថារចនាសម្ព័ន្ធ ការបាត់បង់មុខរបរចិញ្ចឹមជីវិត និងអសន្តិសុខស្បៀង បន្ទាប់ពីវិវាទកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ខណៈដែលប្រជាជនច្រើនជាង ៦០០ ០០០ ត្រូវរត់ភៀសសឹក ហើយកម្មករចំណាកស្រុកប្រមាណ ៩០០ ០០០ នាក់បានត្រឡប់មកពីប្រទេសថៃវិញ ដែលបានបន្ថែមបន្ទុកទៅលើសេដ្ឋកិច្ចក្នុងសហគមន៍ និងសេវាសង្គម។
តាមរយៈយន្តការជំនួយអាហារសម្រាប់កសាងរចនាសម្ព័ន្ធក្នុងសហគមន៍ឡើងវិញ គម្រោងនេះក៏នឹងអនុញ្ញាតឱ្យគ្រួសារដែលទទួលរងផលប៉ះពាល់អាចបំពេញតម្រូវការអាហារ និងអាហារូបត្ថម្ភរបស់ពួកគាត់ផង និងអាចចូលរួមយ៉ាងសកម្មក្នុងការស្ដារឡើងវិញនូវហេត្ថារចនាសម្ព័ន្ធក្នុងសហគមន៍ ដូចជា ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធទឹកស្អាតផង ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ជប៉ុនចំពោះកិច្ចខិតខំស្តារឡើងវិញរបស់កម្ពុជា តាមរយៈកិច្ចសហការរវាងរដ្ឋាភិបាលជប៉ុន ជាមួយកម្មវិធីស្បៀង អាហារពិភពលោក (WFP) ដោយសង្ឃឹមថា គម្រោងដែលបានភ្ជាប់ជាមួយជំនួយស្បៀង និងការស្តារជីវភាពឡើងវិញ នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ជួយអោយសហគមន៍ដែលរងផលប៉ះពាល់អាចស្តារឡើងវិញនូវជីវភាពឡើងវិញ។
លោកស្រី យ៉ុងណាន ផាក (Kyungnan PARK) តំណាងប្រចាំប្រទេស និងជានាយកប្រតិបត្តិនៃអង្គការ WFP បានលើកឡើងពីសារ:សំខាន់នៃវិធីសាស្ត្រសមាហរណកម្មរបស់គម្រោងនេះថា គម្រោងដែលមានថវិកាផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុន នឹងផ្តោតគោលដៅរួមបញ្ចូលគ្នារវាងការធានាលើសន្តិសុខស្បៀង ការលើកកម្ពស់អាហារូបត្ថម្ភ ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងស្តារហេត្ថារចនាសម្ព័ន្ធរបស់សហគមន៍ឡើងវិញ ។
នៅក្នុងឱកាសនេះដែរ ឯកឧត្ដម គន់ គីម បានលើកឡើងពីសារៈសំខាន់នៃកិច្ចសម្របសម្រួល និងការត្រៀមខ្លួនជាមុន ដោយរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជំនួយគាំទ្រដ៏ទាន់ពេលវេលាមួយនេះពីប្រទេសជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោក ។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងសមត្ថភាពមូលដ្ឋាន គឺចាំបាច់ណាស់សម្រាប់ការស្ដារឡើងវិញ និងសម្រាប់ជាការត្រៀមទុកជាមុន ប្រឆាំងនឹងគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមាននៅពេលអនាគតផងដែរ៕
























