បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋជប៉ុនរង់ចាំមើលប្រសិទ្ធភាពដំណោះស្រាយសេដ្ឋកិច្ចរបស់លោកស្រី Takaichi ក្រោយទទួលបានជ័យជំនះសាជាថ្មី

ពលរដ្ឋជប៉ុនរង់ចាំមើលប្រសិទ្ធភាពដំណោះស្រាយសេដ្ឋកិច្ចរបស់លោកស្រី Takaichi ក្រោយទទួលបានជ័យជំនះសាជាថ្មី

បរទេស ៖ ការបោះឆ្នោតមុនអាណត្តិរបស់ប្រទេសជប៉ុន បានក្លាយទៅជាការប្រថុយប្រថានដ៏ធំមួយរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi នៅចំពោះមុខបញ្ហានយោបាយនិងសេដ្ឋកិច្ចដែលកំពុងកើតមាន។

លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសកាលពីខែមករា កន្លងទៅ ក្នុងការរំលាយសភាដើម្បីរៀបចំការបោះឆ្នោតឡើងវិញនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ជាលទ្ធផល កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ គណបក្យប្រជាធិបតេយ្យសេរី LDP របស់លោកស្រី Takaichi បានទទួលជ័យជំនះយ៉ាងខ្លាំងរហូតដល់ទៅ ៣១៦អាសនៈ ក្នុងចំណោម ៤៦៥ អាសនៈ។

ទូរទស្សន៍ BBC បានចេញផ្សាយនៅថ្ងៃអង្គារនេះថា ការត្រឡប់មកកាន់តំណែងសាជាថ្មីលើកនេះ ពលរដ្ឋជប៉ុនកំពុងនាំគ្នាទន្ទឹងរង់ចាំមើលថា តើលោកស្រីនឹងអាចដឹកនាំគណៈរដ្ឋមន្ត្រីដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ជប៉ុនដែលបាន និងកំពុងកើតមានបានល្អប្រសើរក្នុងកម្រិតណា ខណៈដែលវិបត្តិជាច្រើនកំពុងបន្តកើនឡើយ។

សូមជម្រាបថា ជាយូរឆ្នាំមកហើយ វិបត្តិដែលជប៉ុនប្រឈមរួមមានទាំងបញ្ហាកំណើនសេដ្ឋកិច្ចយឺតយ៉ាវ បញ្ហាបំណុលសាធារណៈ ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក ព្រមទាំងបញ្ហាធ្លាក់ចុះនៃចំនួនពលរដ្ឋពេញវ័យធ្វើការ និងបញ្ហាពលរដ្ឋមានអាយុច្រើនកើនឡើងជាលំដាប់។

សំណួរទី១ ដែលបានចោទសួរទៅកាន់លោកស្រីក្នុងនាមជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីថា តើលោកស្រីនឹងរៀបចំប្រព័ន្ធថវិកាជាតិដោយរបៀបណា ព្រោះលោកស្រីធ្លាប់បានអះអាងថារដ្ឋាភិបាលរបស់លោកស្រីនឹងបង្កើនខ្ទង់ចំណាយទៅលើការវិនិយោគក្នុងឧស្សាហកម្មសំខាន់ៗដើម្បីធានាដល់ការរីកចម្រើនរបស់ប្រទេសជប៉ុន ?

ជាការឆ្លើយតប លោកស្រី Sanae Takaichi បានសង្កត់ធ្ងន់អំពីផែនការកាត់បន្ថយពន្ធចំពោះពលរដ្ឋជប៉ុនដោយរំពឹងថាពួកគេនឹងអាចចាយវាយច្រើនជាងមុន ហើយអ្វីដែលកាន់តែសំខាន់ គឺជប៉ុន ត្រូវតែរីកចម្រើនបានលឿនជា ទាំងសេដ្ឋកិច្ចគ្រួសារពលរដ្ឋ ទាំងសេដ្ឋកិច្ចជាតិ។

ទោះជាយ៉ាងណា ជ័យជំនះដ៏ធំធេងរបស់បក្ស LDP កាលពីយប់ថ្ងៃអាទិត្យ បានបង្ហាញសញ្ញាវិជ្ជមានចំពោះក្រុមអ្នកវិនិយោគ។ ក្រុមអ្នកវិនិយោគដែលមានជំនឿចិត្តលើយុទ្ធសាស្ត្រ Takaichi Trade បាននាំគ្នាបន្តទិញភាគហ៊ុនក្នុងទីផ្សារហ៊ុន និងបន្តលក់លុយយេន,បណ្ណបំណុលរដ្ឋចេញ។ វាបានធ្វើឲ្យតម្លៃលុយយេនចាប់ផ្តើមកើនឡើងដែលអ្នកវិនិយោគជាច្រើនមើលឃើញថា គឺជារឿងល្អសម្រាប់ដំណាក់កាលនេះ។

ជាការកត់សម្គាល់ ទំនុកចិត្តរបស់អ្នកវិនិយោគចំពោះទីផ្សារភាគហ៊ុន គឺជារឿងស្មុគ្រស្មាញមិនងាយដោះស្រាយនោះទេ។ ដោយឡែក ពាក់ព័ន្ធទៅនឹងបញ្ហាកាត់បន្ថយពន្ធដើម្បីបង្កើនប្រតិបត្តិការចំណាយរបស់ពលរដ្ឋ ត្រូវបានអ្នកជំនាញមើលឃើញថា​ជាផ្លូវដ៏គ្រោះថ្នាក់ ពីព្រោះថាវានឹងអាចបង្កទៅជាវិបត្តិអតិផរណា និងធ្វើឲ្យខ្ទង់ចំណាយលើការរស់នៅកាន់តែអាក្រក់ ដែលចាំបាច់បំផុត ជប៉ុនគួរតែប្រើប្រាស់ការតម្លើងអត្រាការប្រាក់នៅធនាគារកណ្តាលជំនួសវិញ ដើម្បីប្រឆាំងទៅនឹងបញ្ហាតម្លៃទំនិញឡើងថ្លៃ។

សូមជម្រាបថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ចំនួនពលរដ្ឋជប៉ុនដែលពេញវ័យបំពេញការងារបានបន្តធ្លាក់ចុះកាន់តែខ្លាំង ខណៈដែលពលរដ្ឋដែលមានអាយុច្រើន ឬវ័យចំណាស់កាន់តែមានច្រើន ដែលជាកត្តាជះឥទ្ធិពលអាក្រក់ទៅដល់ការបំពេញការងាររបស់សេវាសាធារណៈ។ វិស័យសំខាន់ៗត្រូវការកម្លាំងពលកម្មជាច្រើន ប៉ុន្តែមិនមានតម្រូវការគ្រប់គ្រាន់បើទោះបីជាបានខិតខំអនុវត្តច្បាប់លើកទឹកចិត្តថ្មីៗជាច្រើនចំពោះពលករ និងបុគ្គលិកជាជនជាតិបរទេសក៏ដោយ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា