បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំពង់ស្ពឺ នៅតែជាខេត្តមានសក្ដានុពលនិងទទួលបានគម្រោងវិនិយោគច្រើនជាងគេ

កំពង់ស្ពឺ នៅតែជាខេត្តមានសក្ដានុពលនិងទទួលបានគម្រោងវិនិយោគច្រើនជាងគេ

ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ នៅតែរក្សាបានកិត្តិនាមជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច និងទាក់ទាញគម្រោងវិនិយោគបានច្រើនជាងគេ។ ជាក់ស្តែងនៅក្នុងរយៈពេល៣១ថ្ងៃ នៃខែមករា ឆ្នាំ២០២៦ ខេត្តដ៏មានប្រជាប្រិយភាពមួយនេះទទួលបានគម្រោងវិនិយោគសរុបចំនួន១៣គម្រោង ដែលមានទឹកប្រាក់មានទំហំរាប់សិបលានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែង។

Advertisement

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៣១ថ្ងៃ នៃខែមករា កន្លងទៅនេះ កំពង់ស្ពឺ ជាខេត្តដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេគឺមានរហូតដល់ ១៣គម្រោង នាំមុខខេត្តកណ្តាល ដែលមាន១០គម្រោង និងខេត្តតាកែវ ដែលទទួលបាន៤គម្រោង។

សូមជម្រាបថា៖ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៦ពាន់កន្លែង។

គម្រោងវិនិយោគដែលលេចធ្លោជាងគេប្រចាំខេត្តកំពង់ស្ពឺនៅក្នុងខែមករា ឆ្នាំ២០២៦ គឺគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ឡូជីស្ទិក អេន អ៊ិនដាស្ទ្រៀល ខមផ្លេកស៍ (ខេមបូឌា ស៊ូកើផត)ទំហំទុនវិនិយោគ ៣៥លានដុល្លាអាមេរិក និងបង្កើតការងារ ៣៤០កន្លែង មានទីតាំងស្ថិតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែកគម្រោងវិនិយោគមួយទៀត គឺ គម្រោងវិនិយោគបង្កើតរោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មី ទំហំទុនវិនិយោគប្រមាណ ២៣លានដុល្លារអាម៉េរិក បង្កើតការងារ៨០៤​កន្លែង ​មានទីតាំងស្ថិតនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ដោយឡែក នៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោងធំៗចំនួន ៣ បន្ថែមទៀត ទី១៖ គឺគម្រោង​វិនិយោគបង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង (ពីអាលុយមីញ៉ូម និងដែក) ក្នុងទំហំទុនវិនិយោគប្រមាណ ១៨,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២៧កន្លែង មានទីតាំងនៅស្រុកគងពិសី ។ គម្រោងទី២៖គម្រោងវិនិយោគបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អដើមណូអែល និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង នៅក្នុងស្រុកស្រុកគងពិសី។ គម្រោងទី៣៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង បរិក្ខារអគ្គិសនី និងម៉ាស៊ីនបូមធូលី ក្នុងទំហំទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៥០កន្លែង មានទីតាំងនៅក្នុងស្រុក ថ្ពង ។

ការកើនឡើងនៃចំនួនគម្រោងវិនិយោគទាំងនេះ កំពុងបង្ហាញពីភាពទាក់ទាញដែលកំពុងកើនឡើងរបស់ខេត្តកំពង់ស្ពឺសម្រាប់អ្នកវិនិយោគដែលនឹងមកជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖ សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងភាពធន់ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា បានជំរុញទំនុកចិត្តវិនិយោគិន។

ឯកឧត្តមបានបន្តថា ក្នុងនាមជាអភិបាលខេត្ត នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកមកកាន់ខេត្តកំពង់ស្ពឺ ក្នុងគោលដៅបង្កើតការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ដែលឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបានគូសបញ្ជាក់ថា សក្តានុពលជាយុទ្ធសាស្ត្ររបស់ខេត្តកំពង់ស្ពឺ រួមមាន៖ នៅជិតរាជធានីភ្នំពេញ, កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ, កំពង់ផែភ្នំពេញ និងកំពង់ផែទឹកជ្រៅខេត្តកោះកុង ព្រមទាំងនៅជិតគម្រោងព្រែកជីកហ្វូណនតេជោ ។ កត្តាទាំងនេះ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងមធ្យោបាយធ្វើដំណើរងាយស្រួល ធ្វើឱ្យកំពង់ស្ពឺក្លាយជាគោលដៅសំខាន់សម្រាប់អ្នកវិនិយោគ។ ខេត្តកំពង់ស្ពឺ គិតត្រឹមខែសីហា ឆ្នាំ២០២៥ មានរោងចក្រ-សហគ្រាស ជាង ១ ៤៥៨ កន្លែង កំពុងប្រតិបត្តិការអាជីវកម្ម ដែលបានបង្កើតឱកាសការងាររាប់សែនកន្លែង ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា