ភ្នំពេញ៖ ស្របពេលនឹងតម្លៃម្រេចកំពតបានបន្តឡើងថ្លៃមួយកម្រិតទៀត ងាកទៅមើលទិន្នផលឆ្នាំ ២០២៦ នេះ បែរជាធ្លាក់ចុះ ដោយសារតែអាកាសធាតុឆ្នាំនេះមិនអំណោយផល ពោលគឺអាកាសធាតុក្ដៅខ្លាំងជាងឆ្នាំ ២០២៥ កន្លងទៅ ដែលធ្វើឱ្យម្រេចខ្លះត្រូវងាប់ ខ្លះស្រពោន ជ្រុះផ្កា និងផ្លែ ពីព្រោះតែខ្វះទឹកសម្រាប់ស្រោចស្រព។
លោក ហ៊ុន សុភ័ក្រ ផលិតករម្រេចកំពតមួយរូបស្ថិតនៅភូមិអង្គរជ័យទី ២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ទិន្នផលម្រេចរបស់លោកឆ្នាំ ២០២៦ នេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ធៀបនឹងឆ្នាំ ២០២៥ ។ តាំងពីដើមឆ្នាំ ២០២៦ មក នៅតំបន់ដាំម្រេចក្នុងខេត្តកំពត មិនមានភ្លៀងកក់ខែដូចកាលឆ្នាំមុនទេ ហើយដូចដែលបានដឹងស្រាប់ ដំណាំម្រេចត្រូវការទឹកច្រើនណាស់ បើមិនមានទឹកគ្រប់គ្រាន់ទេ នឹងធ្វើឱ្យទិន្នផលថយចុះ ហើយបើខ្វះទឹកកាន់តែច្រើន នឹងធ្វើឱ្យម្រេចងាប់តែម្ដង។
លោកបានបន្តថា កាលពីឆ្នាំ ២០២៤ អាកាសធាតុនៅកម្ពុជាឡើងកម្ដៅខ្ពស់ និងអូសបន្លាយយូរ ធ្វើឱ្យម្រេចរបស់លោកស្ទើរតែមួយចម្ការត្រូវងាប់មិនអាចសង្គ្រោះបាន បើទោះបីជាជីកអណ្ដូងទាញទឹកពីក្នុងដីផង និងទឹកដែលសាកួរនៅក្នុងស្រះផង ក៏នៅតែមិនគ្រប់គ្រាន់ ។ ដោយឡែកក្នុងឆ្នាំ ២០២៦ នេះ វិញបើទោះបីជាអាកាសធាតុមិនក្ដៅដូចឆ្នាំ ២០២៤ ក្ដៅ តែក៏បានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលម្រេចដែរ។
លោកបានឱ្យដឹងថា៖
“ឆ្នាំ ២០២៦ នេះ តម្លៃម្រេចកំពតបានហក់ឡើងមួយកម្រិតទៀត ដោយម្រេចខ្មៅអាចលក់បានក្នុងតម្លៃ ២០ ដុល្លារអាម៉េរិក ម្រេចក្រហមអាចលក់បានក្នុងតម្លៃ ២៩ ដុល្លារអាម៉េរិក និងម្រេចស លក់បានក្នុងតម្លៃ ៣២ ដុល្លារអាម៉េរិកក្នុងមួយគីឡូក្រាម ហើយកសិករខ្លះទៀត អាចលក់បានលើសនេះទៅតាមក្រុមហ៊ុនដែលជាដៃគូ។”
លោក យុន បូរិន តំណាងសមាគមលើកកម្ពស់ម្រេចខេត្តកំពត បានមានប្រសាសន៍ថា អាកាសធាតុក្ដៅ ធ្វើឱ្យប៉ះពាល់ដល់ទិន្នផលម្រេចកំពត ក៏ដូចជាដំណាំផ្សេងៗទៀតរបស់កសិករ។ សម្រាប់ដំណាំម្រេចជាដំណាំមួយដែលត្រូវការទឹកគ្រប់គ្រាន់ ជាប្រចាំ ហើយបើសិនជាមិនមានទឹកគ្រប់គ្រាន់ទេនោះ នឹងធ្វើឱ្យផ្លែមិនសូវល្អ ជ្រុះផ្កា ផ្លែ និងមានចម្ការរបស់កសិករខ្លះ ដែលខ្វះខាតទឹកខ្លាំង ត្រូវងាប់តែម្ដង។
លោកបានបន្តថា ក្នុងឆ្នាំ ២០២៦ នេះ សមាគមនៅមិនទាន់ធ្វើសន្និធិទិន្នផលបានគ្រប់គ្រាន់នៅឡើយ ដោយក្រុមការងារកំពុងតាមដានជាមួយសមាជិកថា តើឆ្នាំ ២០២៦ នេះ ក្នុងសមាគមទាំងមូលទទួលបានទិន្នផលប៉ុន្មានតោន ប៉ុន្តែគ្រាន់តែអាចប៉ាន់ស្មានបានថា ទិន្នផលនឹងធ្លាក់ចុះបើធៀបនឹងឆ្នាំមុន។ ក្នុងពេលទិន្នផលធ្លាក់ចុះដូចនេះ តម្លៃម្រេចកំពតបែរជាទទួលបានការឡើងថ្លៃជាងឆ្នាំមុនបន្តិច។
លោកបានបន្ថែមថា ផលិតផលម្រេចកំពតបាននាំចេញទីផ្សារតំបន់អឺរ៉ុបច្រើនជាងគេ ក្នុងប្រទេសបារាំងគឺជាទីផ្សារធំរបស់ម្រេចកំពត។ ក្នុងបរិមាណនាំចេញ ១០០ តោន កាលពីឆ្នាំ ២០២៥ កន្លងទៅ ប្រទេសបារាំងបានចាប់យកទីផ្សារប្រមាន ៥០ តោន ឬ៥០ភាគរយនៃការនាំចេញសរុបរបស់ម្រេចកំពត។ ម្យ៉ាងវិញទៀត នៅក្នុងទឹកដីនៃខេត្តកំពត និងកែប ក៏មានក្រុមហ៊ុនមកពីអឺរ៉ុបជាច្រើនបានចូលមកដាំដុះ វិនិយោគលើដំណាំម្រេច ហើយក៏មានក្រុមហ៊ុនខ្លះជោគជ័យ និងខ្លះទៀតបរាជ័យ ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគលើដំណាំខ្លះ គាត់មិនតស៊ូក្រាញននៀលដូចកសិករទេ។ គាត់ដាក់ទុនវិនិយោគទាំងដុល បើចំណេញ គាត់នៅបន្ត តែបើខាត គាត់ចាកចេញហើយ ខុសពីកសិករដែលបន្តថែទាំដំណាំម្រេចដោយខ្លួនឯង ហើយកសិករខ្លះដែលមានទុនតិចតួចក៏ជួលកម្លាំងពលកម្មក្នុងជួយថែទាំ យ៉ាងណាកសិករនៅជាប់ជាមួយដំណាំរបស់ខ្លួន ខុសពីក្រុមហ៊ុនដែលម្ចាស់ចម្ការយូរៗមកមើលម្ដង៕