
សៀមរាប៖ សៀមរាប គឺជាទឹកដីប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ក្នុងនោះ ភ្នំគូលែនក៏ជាទឹកដីកេរដូនតាដ៏ចំណាស់មួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដែរ។ បច្ចុប្បន្ន ទឹកដីកេរដូនតានៅលើភ្នំគូលែនមួយនេះ បាននិងកំពុងបន្តផ្ដល់អំណោយផលទាំងទេសចរណ៍និងកសិកម្ម ពិសេស ដំណាំ “ខ្ជាយខ្មៅ” លើភ្នំនេះ ផ្ដល់ចំណូលក្រាស់ក្រែលដល់កសិករ ហើយក៏ជាប្រភេទរុក្ខឱសថក៏មានប្រសិទ្ធភាពមួយមុខផងដែរ។
ដាំណាំដែលកសិករមួយចំនួនកំពុងដាំ និងពង្រីកការដាំដុះ ជាបន្តបន្ទាប់នៅលើភ្នំមួយនេះ ត្រូវបានអ្នកភូមិលើខ្នងភ្នំគូលែនហៅថា ប្រទាលថ្លើមឆ្កែខ្មៅ តែភាសាបច្ចេកទេសក្នុងវិស័យកសិកម្មបានឱ្យឈ្មោះថា «ខ្ជាយខ្មៅ» ។ ដំណាំនេះមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាព និងកំពុងមានទីផ្សារនៅក្នុងប្រទេសកម្ពុជា ដោយអាចយកកែច្នៃលក់បានក្នុងតម្លៃខ្ពស់ និងកំពុងមានការបញ្ជាទិញពីខាងក្រៅមួយចំនួនដែរ ។
លោក ឈឿម តាំង មេឃុំ ខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានមានប្រសាសន៍ថា កសិករក្នុងឃុំរបស់លោក កាន់តែច្រើនបាននាំគ្នាដាំដំណាំខ្ជាយខ្មៅ ដើម្បីលក់ជូនសិប្បកម្មកែច្នៃទៅជាឱសថ និងជាតែសម្រាប់ឆុងទឹកពិសា ខណៈទីផ្សារលើដំណាំមួយនេះ កំពុងតែរីកធំ។ លោកថា៖
“ក្នុងឃុំ ខ្នងភ្នំ មានកសិករច្រើនគ្រួសារ ដាំដំណាំខ្ជាយខ្មៅ ដោយក្នុងមួយភូមិ យ៉ាងហោចណាស់ក៏មាន ២០ ទៅ ៣០ គ្រួសារ ដែលដាំដំណាំខ្ជាយនេះ ហើយវាក៏បានផ្ដល់ចំណូលគួរសមសម្រាប់អ្នកដាំដុះ។”
លោកបានបន្តថា ពីដើមឡើយ ចាស់ៗបុរាណ បានដាំសម្រាប់ទុកឆុងជាតែពិសា ដូចការពិសារតែទូទៅដែរ ដោយពួកគាត់ហៅថា ប្រទាលថ្លើមឆ្កែខ្មៅ ហើយដោយសារតែ ពាក្យនេះ ស្ដាប់ទៅវាហាក់ដូចជាមិនសមរម្យទើបអ្នកជំនាញកសិកម្មដាក់ឈ្មោះថ្មីឱ្យថា ខ្ជាយខ្មៅ ព្រោះវាជាប្រភេទអំបូរខ្ជាយ និងរមៀត ។ បច្ចុប្បន្ននេះ នៅក្នុងឃុំខ្នងភ្នំ បានសាងសង់សិប្បកម្មកែច្នៃវេចខ្ចប់ មើមខ្ជាយខ្មៅ ដើម្បីឱ្យការចែកចាយ នៅលើទីផ្សារ និងអ្នកប្រើប្រាស់កាន់តែមានភាពស្រួលទុកដាក់។
លោក កែវ សុភ័ក្ត្រ មន្ត្រីបច្ចេកទេសនៃអង្គការ Agri Sud បានមានប្រសាសន៍ថា រុក្ខជាតិមួយប្រភេទនេះ គឺមានដុះនៅលើគូលែនតាំងពីបរមបុរាណមកម្ល៉េះ ហើយបើសិនជាយកវាទៅដាំនៅ តំបន់ផ្សេង វានឹងលូតលាស់ជាធម្មតា មានដើមមានមើមដូចគេឯង ប៉ុន្តែវាមិនមានប្រសិទ្ធភាព និងសារធាតុថ្នាំ ដូចដាំដុះនៅលើភ្នំគូលែននោះទេ។ មើមខ្ជាយខ្មៅ គឺដូចនឹងខ្ជាយ ឬរមៀតធម្មតាដែរ តែវាមានពណ៌ខ្មៅឬពណ៌ស្វាយនៅខាងក្នុង។
លោកបានលើកឡើងបន្តថា បើសិនជាយកវាទៅដាំនៅតំបន់ផ្សេង មើមវា ដូចនឹងខ្ជាយធម្មតា ដោយមិនមានពណ៌ខ្មៅ ឬពណ៌ស្វាយ ដូចដាំនៅលើភ្នំគូលែនទេ ហើយសារធាតុថ្នាំរបស់មើមខ្ជាយដែលដាំនៅតំបន់ផ្សេងក៏មិនមានដូចនៅលើភ្នំគូលែនដែរ គឺមានតិចតួចបំផុត ដែលគេមិនអាចយកមកប្រើប្រាស់បានឡើយ។
លោកបានបន្តថា ការដាំដុះដំណាំខ្ជាយខ្មៅនៅលើភ្នំគូលែននេះ ត្រូវបានគេដាក់ឈ្មោះថា គឺជាការធ្វើកសិកម្មតាមបែប «កសិរុក្ខកម្ម» ដែលមានន័យថា ការធ្វើកសិកម្មដោយពឹងផ្អែកលើធម្មជាតិអាស្រ័យគ្នាទៅវិញទៅមក។ ដំណាំ ខ្ជាយខ្មៅ ត្រូវដាំដុះនៅក្រោមម្លប់ ដោយពឹងលើម្លម់ដើមឈើធំៗនៅពីលើ ហើយយកស្លឹកឈើ ដែលជ្រុះមកក្រោម ធ្វើជាជីរបស់វា ។
លោកបានបន្ថែមថា ដំណាំខ្ជាយខ្មៅ ត្រូវបានប្រជាកសិករលើភ្នំគូលែនចាប់ផ្ដើមដាំនៅដើមរដូវវស្សា និងប្រមូលផលនៅចុងរដូវវស្សា ពោលគឺនៅអំឡូងខែមេសា ឬឧសភា ចាប់ផ្ដើមដាំ ហើយប្រមូលផលនៅអំឡុងខែតុលា ឬវិច្ឆិកា។

អ្នកស្រី ហេង ចាន់ណា អនុប្រធានក្រុមផលិតគ្រឿងទេសសម្ងួតខ្នងភ្នំគូលែន នៃសមាគមអ្នកដាំបន្លែសុវត្ថិភាព សៀមរាប បានឱ្យដឹងផងដែរថា នៅក្នុងសហគមន៍មានសិប្បកម្មកែច្នៃមើមខ្ជាយខ្មៅមួយកន្លែង ដើម្បីប្រមូលទិញ មើមខ្ជាយខ្មៅពីកសិករ ដោយក្នុងមួយគីឡូក្រាមមានតម្លៃប្រមាណពី ១ ម៉ឺន ៥ ពាន់រៀល ទៅ ២ ម៉ឺនរៀល ដោយយកមកកែច្នៃជាចំណិតក្រៀម និងជាម្សៅដែលអាចងាយស្រួលដាក់លក់លើទីផ្សារ និងរក្សាទុកបានយូរ ។
អ្នកស្រីបានបន្តថា តាមរយៈសិប្បកម្មកែច្នៃខ្ជាយខ្មៅនេះដែរ បានធ្វើឱ្យពលរដ្ឋក្នុងសហគមន៍មួយចំនួនមានការងារធ្វើ ហើយកសិករក៏អាចរកចំណូលពីការលក់មើមខ្ជាយខ្មៅឱ្យសិប្បកម្មដើម្បីកែច្នៃ ផងដែរ៕
