បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូនខ្មែរ កែច្នៃម្ហូបប្រពៃណី នាំចេញទៅលក់ដល់ទីផ្សារ ៥ ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប

កូនខ្មែរ កែច្នៃម្ហូបប្រពៃណី នាំចេញទៅលក់ដល់ទីផ្សារ ៥ ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប

ពិតជាមិនសរសើរមិនបាន កូនខ្មែរកែច្នៃម្ហូបប្រពៃណីមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព រហូតទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីទីផ្សារក្នុងស្រុក រហូតនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិធំៗចំនួន ៥ ក្នុងតំបន់អាស៊ី និងអឺរ៉ុបទៀតផង។

Advertisement

លោកស្រី ហ៊ុក ស្រីហួរ នាយិការប្រតិបត្តិសហគ្រាស PPF Yummy Manufacturing មានប្រសាសន៍ថា ផលិតផលម្ហូបខ្មែរ កែច្នៃដោយសហគ្រាស រួមមានជាង ២០ ប្រភេទ មានដូចជាប្រហុកខ្ទិះ កាពិឆាបាត់ដំបង ប្រហុកឦសាន បុកត្រីឆ្អើ កន្ទុយហេស ជាដើម។ ក្រៅពីនេះនៅមានគ្រឿងលាយស្រាប់សម្រាប់សម្លខ្មែរ ដូចជាគ្រឿងឆា ហហ្មុក ការី កកូរ ម្ជូរស្លឹកថ្នឹង ទឹកជ្រលក់ និងគ្រឿងប្រឡាក់សាច់លាយស្រេច ជាច្រើនរសជាតិថែមទៀត។

ផលិតផលទាំងនេះត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើទីផ្សារក្នុងស្រុក ជាពិសេសអតិថិជនអាចរកទិញបាននៅតាមផ្សារទំនើប ហាងលក់ទំនិញ តំណាងចែកចាយ និងបណ្ដាញអនឡាញទូទាំងប្រទេស។ លោកស្រីអះអាងថា៖

“ដោយសារអាហារមានរសជាតិឆ្ងាញ់ មានគុណភាពនិងសុវត្ថិភាព ទទួលស្គាល់ដោយស្ថាប័នជាតិ និងអន្តរជាតិជាច្រើន បានធ្វើឱ្យម្ហូបអាហារកែច្នៃទាំងនេះទទួលបានការគាំទ្ររហូតដល់សហគមន៍ខ្មែរ នៅក្រៅប្រទេសថែមទៀតមានដូចជា សហរដ្ឋអាម៉េរិក ជប៉ុន កូរ៉េ អូស្ត្រាលី នូវែលសេឡង់ ហើយក៏កំពុងពង្រីកទីផ្សារទៅកាន់ប្រទេសផ្សេងៗទៀត។”

សហគ្រាសកែច្នៃម្ហូបខ្មែរ PPF Yummy ខាងលើ ចាប់ផ្ដើមដំណើរការដំបូងជាលក្ខណៈគ្រួសារក្នុងឆ្ នាំ២០២០ អំឡុងពេលដែលកម្ពុជាជួបវិបត្តិកូវីដ១៩ ដែលធ្វើឱ្យពលរដ្ឋខ្មែរមិនហ៊ានធ្វើដំណើរចេញក្រៅ ទិញម្ហូបនៅតាមហាង និងផ្សារទំនើបនានា ដែលធ្វើឱ្យអាហារដ្ឋាន ភោជនីយដ្ឋាន និងផ្សារទំនើបជាច្រើន ត្រូវបានបិទទ្វារផ្អាកដំណើរការបណ្ដោះអាសន្ននៅពេលនោះ ហើយបានងាកមកគាំទ្រយ៉ាងខ្លាំងនូវការលក់ម្ហូបអាហារតាមអនឡាញ។

លោកស្រីបានរំលឹកដូច្នេះថា៖

“នៅដំណាក់កាលនោះភោជនីយដ្ឋានគ្រួសារខ្ញុំចំនួន ២ ទីតាំង នៅក្នុងក្រុងភ្នំពេញក៍ត្រូវបានបិទទ្វារផងដែរ ដែលជាក្ដីព្រួយបារម្ភពីការបាត់បង់ប្រាក់ចំណូល និងបុគ្គលិកចំនួន ៤០ នាក់ផ្សេងទៀត ត្រូវបាត់បង់ការងារ ដែលជាហេតុនាំឱ្យមានការផលិតអាហារកែច្នៃទាំងនេះឡើង សម្រាប់ទ្រទ្រង់អាជីវកម្ម និងការពារកុំឱ្យបុគ្គលិកត្រូវបាត់បង់ការងារ។”

អាហារកែច្នៃខាងលើ ត្រូវបានបង្កើតឡើង ចំពេលដែលវិបត្តិកូវីដ-១៩ កំពុងផ្ទុះឡើង នៅក្នុងឆ្នាំ ២០២០ ពេលនោះបានធ្វើឱ្យអតិថិជនជនមានការគាំទ្រម្ហូបអាហារអនឡាញជាខ្លាំង ហើយបានងាកមកគាំទ្រម្ហូបទាំងនេះព្រោះជាអាហារប្រពៃណីខ្មែរ មានរសជាតិឆ្ងាញ់ ដែលអាចលក់ចេញបានជាច្រើនជារៀងរាល់ថ្ងៃ។

នៅដំណាក់កាលដំបូងនោះ សហគ្រាសអាចលក់ចេញបានរហូតដល់ ១០០ កំប៉ុងក្នុងមួយថ្ងៃក៏មាន ហើយបានកើនឡើងជាបន្តបន្ទាប់ រហូតដល់នាំចេញទៅក្រៅប្រទេស ចាប់តាំងពីឆ្នាំ ២០២៣ ក្នុងទំហំជាច្រើនកុងតឺន័រថែមទៀតជារៀងរាល់ខែ ពិសេសកើនឡើងខ្លាំង ខណៈដែលសហគមន៍ខ្មែរនៅក្រៅប្រទេសធ្វើពហិការ លែងគាំទ្រម្ហូបថៃដែលលក់នៅទីនោះ ដោយសារសង្គ្រាមឈ្លានពានទឹកដីខ្មែរ។

ការគាំទ្រម្ហូបអាហារស្នាដៃកូនខ្មែរខាងលើ ប្រៀបដូចជាបានជួយផ្ដល់ការងារដល់បុគ្គលិកក្រុមហ៊ុន ចំនួនជាង ៦០នាក់ ដែលកំពុងធ្វើការនៅទីនោះ នឹងជួយគាំទ្រវត្ថុធាតុធាដើមដែលជាផលិតផលក្នុងស្រុក មានដូចជា ម្ទេស ខ្ទឹមស ស្លឹកគ្រៃ រល្មៀត រំដេង ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ និងវត្ថុធាតុដើមផ្សេងៗទៀតដែលផលិតផលរបស់កសិករខ្មែរ។

ដោយសារកំណើននៃការគាំទ្រខ្លាំង សហគ្រាស PPF Yummy បានកំពុងស្វែងរកដៃគូជាតំណាងចែកចាយនៅតាមបណ្ដាខេត្ត ក៏ដូចជាតំណាងចែកចាយនៅសហគមន៍ខ្មែរនៅក្រៅប្រទេស ដើម្បីចែកចាយផលិតផលរបស់ខ្លួនឱ្យបានកាន់តែច្រើនថែមទៀតទាំងក្នុងនិងក្រៅប្រទេស ពិសេសប្រទេសបារាំង និងកាណាដាជាដើមនាពេលខាងមុខឆាប់ៗ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា