បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគ្រិនខ្មែរ និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានសហការរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “កម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”

សហគ្រិនខ្មែរ និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានសហការរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “កម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”

ភ្នំពេញ ៖ ក្នុងគោលបំណងពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សហគ្រិន និងអ្នកប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា សហគ្រិនខ្មែរ, ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា, និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចកវិទ្យា និងនវានុវត្តន៍  កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានសហការរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្ដីពី “កម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ទៅដល់អ្នកចូលរួមប្រមាណ ៦០នាក់។

កម្មវិធីវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្ដល់នូវចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការត្រៀមលក្ខណៈចំពោះហានិភ័យ ឬស្ថានភាពសេដ្ឋកិច្ចដែលភាពមិនប្រាកដប្រជា និងការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងទៅដល់គ្រូបង្គោល។ សម្រាប់កម្មវិធីវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ នឹងធានាថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏មានសារៈសំខាន់ នឹងត្រូវបានបន្តពង្រីកវិសាលភាពទៅដល់សហគ្រិន និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បានបន្តបេសកកម្មជួយដល់អាជីវកម្មឱ្យរីកចម្រើន តាមរយៈការលើកកម្ពស់ផ្នែកហិរញ្ញវត្ថុ ដែលជាជំហានដ៏មានសារៈសំខាន់មួយសម្រាប់ដំណើរការផ្លាស់ប្តូរខ្លួនពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅជាសហគ្រាសធុនតូច និងមធ្យម។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សហគ្រិន និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានចំណេះដឹងដែលអាចបង្កើនលទ្ធភាពចាប់បានឱកាសកាន់តែខ្ពស់ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងការគាំទ្រផ្សេងៗ។

តាមរយៈវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះដែរ បានបែងចែកជា ៣ ផ្នែកធំៗដូចជា ៖ ការធ្វើបទបង្ហាញស្តីពីសារៈសំខាន់នៃកម្មវិធីទាំងមូល និងទិសដៅយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា, ការបណ្តុះបណ្តាលទៅលើការរៀបចំអនាគតដែលមានសុវត្ថិភាព ភាពធន់ហិរញ្ញវត្ថុ និងរបាំងការពារអាជីវកម្ម, និងមានការអនុវត្តជាក់ស្តែងអំឡុងពេលបណ្តុះបណ្តាល ដើម្បីធានាថាអ្នកចូលរួមនឹងទទួលបានចំណេះដឹង មានសមត្ថភាពគ្រប់គ្រងហានិភ័យ និងរៀបចំផែនការផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា​៖ ជាក់ស្តែងសម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីកម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលទទួលបានពីការចូលរួមរបស់វិស័យឯកជន ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់រវាងគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមហ៊ុន មេនូឡាយហ្វ៍ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រង និងការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមតិយោបល់ចំពោះភាពជាដៃគូនេះ លោក ចាន់ រដ្ឋា អគ្គ​នាយក​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា​ បានមានប្រសាសន៍ថា​៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្ងៃនេះ ធ្វើឡើងក្រោមគោលដៅដ៏ច្បាស់លាស់ និងស្មារតីរួមគ្នា គឺគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈកម្មវិធី លើកកម្ពស់ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលជាក្រុមពី មេនូឡាយហ្វ៍ ។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាដង្ហើម និងជាសរសៃឈាមដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ នេះជាទឹកចិត្ត និងការវិនិយោគដ៏ធំមួយទៀតពី មេនូឡាយហ្វ៍ ក្នុងការផ្ដល់ក្តីសង្ឃឹម និងការផ្ដល់នូវផែនទីហិរញ្ញវត្ថុសម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

នៅពេលនោះផងដែរ សហគ្រិនខ្មែរ និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានចុះហត្ថលេខាជាផ្លូវការលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងការគាំទ្រដល់សហគ្រិន និងអ្នកប្រកបរបរកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានចំណេះដឹងទៅលើភាពធន់ផ្នែកហិរញ្ញវត្ថុ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្នទូទាំងប្រទេស។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅសហគ្រិនខ្មែរ ដែលមានការចូលរួម ពី ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ និង លោក ចាន់ រដ្ឋា អគ្គ​នាយក ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា​។

ភាពជាដៃគូនេះបាននាំមកនូវកិច្ចសហការរវាង សហគ្រិនខ្មែរ និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ និងមានចីរភាព ជាពិសេសសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តធ្វើការរួមគ្នាបន្ថែមជាមួយវិស័យឯកជន។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា