ភ្នំពេញ ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីជំរុញការវិនិយោគតាមបណ្តាខេត្តនៅភូមិភាគឦសាន ឃើញថា ខេត្តចំនួន២ រួមមាន ខេត្តក្រចេះ និងមណ្ឌលគិរី ទទួលបានការចាប់អារម្មណ៍ និងមានការបណ្ដាក់ទុនវិនិយោគច្រើនជាងគេ ។
យោងតាមក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានបានបង្ហាញឱ្យឃើញថា ក្នុងចំណោមខេត្តទាំង៤ នៅភូមិភាគឦសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ខេត្តដែលទទួលបានការវិនិយោគ និងចាប់អារម្មណ៍វិនិយោគច្រើនជាងគេ មានខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ។ ជាក់ស្ដែងកាលពីឆ្នាំ២០២៥កន្លងទៅក្រុមការងារកម្មវិធីពិសេសជំរុញការវិនិយោគបានអនុម័តគម្រោងវិនិយោគសរុបចំនួន១៣ ជាមួយទុនវិនិយោគប្រមាណ ៦៦៨លានដុល្លារអាម៉េរិក ដោយក្នុងនោះ ខេត្តក្រចេះមានចំនួន៦គម្រោង ខេត្តមណ្ឌលគិរីមាន៤គម្រោង ។
ដោយឡែកក្នុងឆ្នាំ២០២៦នេះ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ក៏នៅតែបន្តទាក់ទាញការវិនិយោគនានាលើវិស័យគ្នា ដូចជា ទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម ដោយក្នុងនោះ ខេត្តក្រចេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១ គឺ តំបន់សេដ្ឋកិច្ចយូប៊ីអ៊ី ស្នួល ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បាន និងកំពុងទាក់ទាញការវិនិយោគពីក្នុង និងក្រៅប្រទេស ជាពិសេសគម្រោងវិនិយោគមកពីប្រទេសចិន។
បើតាមក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសានបានបង្ហាញថា តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពសកម្មបំផុតមួយនៅភូមិភាគឦសាន ដោយបច្ចុប្បន្នមានគម្រោងវិនិយោគផ្តោតលើការផលិតសំបកកង់យានយន្ត និងការផលិតពុម្ពសំបកកង់យានយន្ត ក្រោមទុនវិយោគជិត ៦០០ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារប្រមាណ ២ ០១៤ កន្លែង ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងប្រាប់សារព័ត៌មាន AMS ឱ្យដឹងថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាននេះ ខេត្តក្រចេះមានគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគដែលជាប់គាំងកន្លងទៅស្នើសុំលើកទឹកចិត្តពិសេស ដើម្បីដំណើរការវិនិយោគ ហើយក៏មានគម្រោងច្រើនទៀតត្រូវបានអនុម័តឱ្យដំណើរការវិនិយោគក្នុងខេត្តក្រចេះដែរ ។
ឯកឧត្តមបន្តថា ដើម្បីឱ្យការវិនិយោគរបស់វិនិយោគិន និងធុរជននៅក្នុងខេត្តក្រចេះ កាន់តែរលូន អាជ្ញាធរបានជួយសម្រួលដល់វិនិយោគិន និងធុរជន ស្របតាមគោលនយោបាយរបស់កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលចង់ឱ្យវិនិយោគិនចូលមកបណ្ដាក់ទុនវិនិយោគនៅតំបន់ភូមិភាគឦសានកាន់តែច្រើន ។
ងាកទៅមើលមណ្ឌលគិរី ដែលជាខេត្តមួយក្នុងតំបន់ភូមិភាគឦសានដែរនោះ ចាប់តាំងពីកម្មវិធីពិសេសនេះ បានដាក់ឱ្យអនុវត្តន៍ ក៏មានវិនិយោគិន និងធុរជនជាច្រើនបានចូលទៅកាន់ខេត្តមួយនេះស្វែងរកការវិនិយោគក្នុងពេលកំពុងមានឱកាសទទួលបានការអនុគ្រោះពិសេសពីរាជរដ្ឋាភិបាល ។
លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា និងជាម្ចាស់កសិដ្ឋានចម្ការកាហ្វេ, ផ្ទះស្នាក់ PIDA FARM ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងពេលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ពីការវិនិយោគនៅក្នុងខេត្តមណ្ឌលគិរី ឃើញមានវិនិយោគិន និងធុរជនជាច្រើន ចូលមកកាន់ខេត្តនេះ ដើម្បីស្វែងរកការវិនិយោគ ។
លោកសង្ឃឹមថា តាមរយៈកម្មវិធីជំរុញការវិនិយោគក្នុងភូមិភាគឦសាននឹងនាំអ្នកវិនិយោគកាន់តែច្រើនទៀតមកកាន់ខេត្តមណ្ឌលគិរី ដើម្បីបណ្ដាក់ទុនវិនិយោគ បង្កើតកាងារជូនប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋជនជាតិដើមភាគតិច ជាក់ស្ដែង ក្នុងកសិដ្ឋានរបស់លោកបច្ចុប្បន្ននេះ បានផ្ដល់នូវការងារជូនជនជាតិដើមភាគតិចឱ្យទទួលបានឱកាសការងារ និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ។ អ្វីដែលពិសេស ក្រុមហ៊ុនក៏បានបណ្ដុះបណ្ដាលបងប្អូនជនជាតិដើមភាគតិចនូវភាសាអង់គ្លេសដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងភ្ញៀវទេសចបរទេសដែលមកសម្រាក និងទស្សនានៅក្នុងកសិដ្ឋាន ហើយជាលទ្ធផល បងប្អូនជនជាតិដើមភាគតិចដែលជាបុគ្គលិកក៏ចាប់ផ្ដើមចេះនិយាយភាសាអង់គ្លេសជាមួយភ្ញៀវទេសចរបរទេសបានបណ្ដើរៗ ។

លោកបន្ថែមថា ដោយសារតែក្រុមហ៊ុននៅតូចនៅឡើយ ដូច្នេះការផ្ដល់ការងារជូនបងប្អូនពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរីនៅមានចំនួនតិចតួច ប៉ុន្តែសង្ឃឹមថាតាមរយៈការវិនិយោគពីបណ្ដាអ្នកវិនិយោគនានានៅក្នុងខេត្តមួយនេះ នឹងផ្ដល់ការងារជាច្រើនទៀតដល់ពលរដ្ឋក្នុងតំបន់ ។
គួររម្លឹកថា ក្នុងឆ្នាំ២០២៥កន្លង ខេត្តមណ្ឌលគិរី ទទួលបានការអនុម័តលើគម្រោងចំនួន២ ដែលជាគម្រោងវិនិយោគប្រវត្តិសាស្ត្រនៅកម្ពុជា គឺគម្រោងវិនិយោគថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ជាមួយទុនវិនិយោគចំនួន ៤៣០លានដុល្លារអាម៉េរិក ហើយនៅក្នុងខែមករាឆ្នាំ២០២៦នេះដែរ ខេត្តមណ្ឌលគិរី ក៏ទទួលបានការអនុម័តឱ្យវិនិយោគលើថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ចំនួន១ទៀត ដែលមានទុនវិនិយោគចំនួន ២០០លានដុល្លារអាម៉េរិក ៕
























