សៀមរាប ៖ ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ១១ ៣៣៨ក្បាលដី ក្នុងភូមិចំនួន ២០ ស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យពលរដ្ឋជាម្ចាស់ក្បាលដីធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ធានានូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិជូន។
បើតាមមន្ទីរព័ត៌មានខេត្តសៀមរាប ដកស្រង់សម្ដីលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប បានអំពាវនាវឱ្យម្ចាស់ដីត្រូវពិនិត្យមើលសាវតាឈ្មោះ, ឆ្នាំកំណើត, ប្រភេទទ្រព្យ, ឈ្មោះឪពុកម្តាយ និងទំហំដី នៅលើតារាងបញ្ជីឈ្មោះម្ចាស់ដី ព្រមទាំងពិនិត្យទីតាំងដី និងរូបរាងដីនៅលើផែនទីក្បាលដីឱ្យបានច្បាស់លាស់។ នេះគឺជាឱកាសដែលបងប្អូនមានសិទ្ធិធ្វើការកែតម្រូវ ឬដាក់ពាក្យបណ្ដឹងតវ៉ាផ្សេងៗបាន ប្រសិនបើពិនិត្យទៅឃើញថាមានការខុសឆ្គង ឬចង់ជំទាស់តវ៉ាលើចំណុចណាមួយ ដោយត្រូវទាក់ទងជាមួយក្រុមការងារដែលប្រចាំការនៅកន្លែងបិទផ្សាយ។
លោកបញ្ជាក់ថា ក្រោយបញ្ចប់ការបិទផ្សាយរយៈពេល ១៥ថ្ងៃនេះ គណៈកម្មការរដ្ឋបាលនឹងលើកសំណើជូនទៅ ឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់កម្មសិទ្ធិករ និងអ្នកកាន់កាប់ដីណាដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមនីតិវិធីច្បាប់ ដែលជាក្បាលដីមិនមានទំនាស់ និងមិនពាក់ព័ន្ធជាមួយដីឯកជនរបស់រដ្ឋ ឬដីសាធារណៈរបស់រដ្ឋដូចជាបុរាណដ្ឋាន។
លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បណ្ណកម្មសិទ្ធិដីធ្លីដែលមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ធ្វើឡើងស្របតាមគោលនយោបាយជាតិ ស្តីពីដីធ្លី និងច្បាប់ភូមិបាល ក្នុងគោលបំណងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយ ក៏ដូចជាឈានទៅបិទបញ្ចប់ទំនាស់ដីធ្លី បង្កើតនូវបរិយាកាសគ្មានវិវាទ ភូមិឋានក្សេមក្សាន្ត និងសុភមង្គល។ ដូច្នេះ សូមអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា តំណាងមន្ទីរអង្គភាពពាក់ព័ន្ធដែលជាស្ថាប័នគ្រប់គ្រងដីរដ្ឋ និងបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ នឹងមានកិច្ចសហការល្អនៅក្នុងដំណើរការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនេះ។
លោកបានបញ្ជាក់ថា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋមានចម្ងល់ ឬមិនចេះអក្សរ មន្ត្រីជំនាញដែលនៅប្រចាំការនឹងរង់ចាំធ្វើការដោះស្រាយ ពន្យល់បកស្រាយរាល់មន្ទិលសង្ស័យ ក៏ដូចជាទទួលពាក្យបណ្តឹងតវ៉ាដើម្បីធ្វើការសម្រុះសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាល។ ជាមួយគ្នានោះ អាជ្ញាធរឃុំភូមិ ត្រូវបន្តជួយផ្សព្វផ្សាយ និងបំផុសឱ្យប្រជាពលរដ្ឋមកចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យការងារនេះសម្រេចបានជោគជ័យស្របតាមផែនការគ្រោងទុក។
សូមរម្លឹកថា ការបិទផ្សាយឯកសារនៃការវិនិច្ឆ័យនេះមានរយៈពេលត្រឹមតែ ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តចារឈូករង្សី ភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។ ដោយឡែក សម្រាប់ឃុំចំនួន ៦ទៀត ក្នុងស្រុកអង្គរជុំ រួមមាន ឃុំដូនពេង, ឃុំគោកដួង, ឃុំគោល, ឃុំនគរភាស, ឃុំស្រែខ្វាវ និងភូមិតាសោម គឺមានផែនការគ្រោងនឹងចេញបណ្ណកម្មសិទ្ធិជូនឱ្យបានមុនដំណាច់ឆ្នាំ២០២៦ នេះដូចគ្នា ។
បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងបញ្ជាក់កន្លងមកថា ការចុះបញ្ជីដីធ្លី នឹងត្រូវបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗនេះហើយ ដើម្បីរៀបចំដំណើរការចេញបណ្ណ ជូនពលរដ្ឋម្ចាស់កម្មសិទ្ធិ ដោយរំពឹងថាក្នុងឆ្នាំ ២០២៧ខាងមុខនេះ ការចុះបញ្ជីដីធ្លីនឹងត្រូវបញ្ចប់ទាំងស្រុង ហើយចាប់ពីពេលនោះដែរ បញ្ហាវិវាទដីធ្លីដែលកើតឡើងថ្មីៗនឹងលែងមានទៀតហើយ ៕