ភ្នំពេញ ៖ ការកាត់ប្លង់ផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាតិ ឬអំណោយផ្ដាច់ គឺជាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ (ដី/ផ្ទះ) ពីឪពុក-ម្តាយ ទៅកូន ឬពីយាយ-តា ទៅចៅ ។ ការផ្ទេរប្រភេទនេះទទួលបាន ការលើកលែងពន្ធប្រថាប់ត្រា ប៉ុន្តែតម្រូវឱ្យបំពេញបែបបទផ្លូវការនៅការិយាល័យភូមិបាលក្រុង/ស្រុក/ខណ្ឌ ទីតាំងដី ។ នៅថ្ងៃនេះ ពីបណ្ដាញព័ត៌មាន AMS នឹងចែករំលែកចំណេះដឹងពីការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ជាជំហានដំបូង បងប្អូន ឬអតិថិជន ត្រូវចូលទៅកាន់គេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមតំណ https://mlmupc.gov.kh/ ប៉ុន្តែមុននឹងចូលទៅកាន់ការប្រើប្រាស់នូវសេវាផ្សេងៗបាន លោកអ្នកត្រូវប្រាកដថាបានបង្កើតគណនីរួចហើយ ។ បន្ទាប់មកជ្រើសរើសយកពាក្យថា សេវាលក់ និងអំណោយផ្ដាច់ ហើយត្រូវបំពេញបែបបទដែលបានបង្ហាញ រួមមានសេវាសាធារណៈ ដែលក្នុងនោះមាន លក់/អំណោយផ្ដាច់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ , លក់/អំណោយផ្ដាច់វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬហៅថាខុនដូ ។
បន្ទាប់ពីនេះ ជ្រើសរើសយកលក់/អំណោយផ្ដាច់ តែសម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាតិសូមជ្រើសរើសយក អំណោយផ្ដាច់ ។ ក្រោយបំពេញត្រង់ចំណុចនេះរួចរាល់ លោកអ្នកត្រូវបំពេញបន្តនូវប្រភេទដី ដូចជា ប្រភេទដីលំនៅឋាន កសិកម្ម ឬដីរដ្ឋ ហើយត្រូវបញ្ចូលលេខក្បាលដី ទំហំផ្ទៃដី ទីតាំងដីរួមមានរាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ភូមិ។
នៅពេលបំពេញបែបបទរួច ប្រព័ន្ធអេឡិចត្រូនិកនឹងបង្ហាញរាល់ឯកសារត្រៀម ដែលត្រូវយកទៅប្រគល់ឱ្យមន្ត្រីជំនាញ ។ បន្ទាប់ពីត្រួតពិនិត្យលើការស្នើសុំរួចរាល់ លោកអ្នកអាចធ្វើការបង់ប្រាក់តាមរយៈប្រព័ន្ធទូទាត់ KESS Payment Hub (QR Code ) ដែលមានធនាគារដៃគូជាច្រើន ឬក៏អាចជ្រើសរើសការបង់ប្រាក់តាមបញ្ជររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ។ ជំហានបន្ទាប់លោកអ្នកអាចតាមដានរាល់ដំណើរការនៃចរន្តឯសារដែលបានដាក់ស្នើ ដោយគ្រាន់តែចូលទៅកាន់ប្រវត្តិឯកសារ ឬស្កែន QR នៅលើបង្កាន់ដៃដែលប្រព័ន្ធបានផ្ដល់ជូន ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីចូលរួមចំណែកនៅក្នុងការខិតខំកំណែទម្រង់ និងធ្វើទំនើបកម្មរបស់រាជរដ្ឋាភិបាលដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី បានបង្កើតនូវក្រុមការងារដើម្បីរៀបចំការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមប្រព័ន្ធឌីជីថល នូវមុខសេវាមួយចំនួន ដែលជាមុខងារសេវាចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដូចជា ការលក់ផ្ទេរ ការដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក និងការប្រកាសតំបន់វិនិច្ឆ័យដែលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។
លោកបន្តថា តាមរយៈសេវាអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួយប្រជាពលរដ្ឋកាត់បន្ថយការចំណាយទាំងពេលវេលា និងថវិកា ហើយការផ្ដល់សេវាបែបនេះក៏ប្រកបដោយតម្លាភាពផងដែរ ៕