បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ភ្នំពេញ ៖ ផលិតផលដែលជាអាហារកែច្នៃក្នុងស្រុករាប់សិបមុខ (ready-to-eat food) រួមមានដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស ប្រហុកអង្ក្រង ប្រហុកឦសាន រហូតដល់មុខម្ហូបផ្សំគ្រឿងជាស្រេច (ready-to-cook food) ដូចជា ម្ជូរគ្រឿងស្លឹកថ្នឹង គ្រឿងម្ជូរសណ្ដាន់ ឆ្អឹងជំនីប្រឡាក់ សាច់គោចំណិត សាច់គោជ្រនួច ជាដើម បាន និងកំពុងបង្ហាញវត្តមាននៅលើទីផ្សារយ៉ាងទូលាយ ខណៈដែលតម្រូវការពីទីផ្សារក្រៅប្រទេស​ ដូចជា កូរ៉េខាងត្បូង សហរដ្ឋអាម៉រិក អូស្ត្រាលី បារាំង នូវែលហ្សេឡង់ និងប្រទេសជប៉ុន ក៏កំពុងបន្តកើនឡើងត្រូវនាំចេញទៅប្រទេស។ នេះបើតាមការឱ្យដឹងពីលោកស្រី ហ៊ុក ស្រីហួរ ស្ថាបនិក និងជាអគ្គនាយិកាប្រតិបត្តិ ក្រុមហ៊ុន Phnom Penh Food Yummy Manufacturing Co., Ltd. ។

Advertisement

សិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ និងបានវិវត្តពីអាជីវកម្មលក្ខណៈគ្រួសារដែលលក់តែតាមប្រព័ន្ធអនឡាញ ទៅជាសហគ្រាសក្នុងវិស័យកែច្នៃចមណីអាហារដែលមានសក្តានុពល។

សហគ្រាសកែច្នៃចំណីអាហារក្នុងស្រុកមួយនេះ បាន និងកំពុងបង្ហាញពីសក្តានុពលយ៉ាងខ្លាំងក្នុងការផ្គត់ផ្គង់ផលិតផលរបស់ខ្លួនទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។ អ្វីដែលជាមោទនភាពនោះគឺផលិត​ផលទាំងអស់ត្រូវបានកែច្នៃឡើងដោយប្រើប្រាស់វត្ថុធាតុដើមដែលប្រមូលទិញពីក្នុងស្រុករហូតដល់ប្រមាណ ៩៥ភាគរយ ដែលនេះជាការរួមចំណែកយ៉ាងធំធេងក្នុងការជួយគាំទ្រដល់កសិករខ្មែរ ខណៈដែលបច្ចុប្បន្ន សង្វាក់ផលិតកម្មអាចមានលទ្ធភាពផលិតបានចន្លោះពី ៣,០០០ ដល់ ៤,០០០ កែវ/ក្រឡ ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងមានការកើនឡើងជាលំដាប់។

លោកស្រីអគ្គនាយិកាក្រុមហ៊ុន បានប្រាប់ AMS Economy ថា៖ រហូតមកដល់ពេលនេះ ខាងក្រុមហ៊ុនបាននាំចេញផលិតផលទៅកាន់ប្រទេសកូរ៉េខាងត្បូងបានច្រើនគួរសម ដោយម្ដងៗក្នុងបរិមាណប្រមាណ ៥២០កេស ឬក្នុងរង្វង់ចន្លោះពី ៥០០០ ទៅ​ ៦០០០គីឡូក្រាម ហើយក្រៅពីនេះ ក្រុមហ៊ុនក៏បាននាំចេញទៅ អាម៉េរិក អូស្ត្រាលី  នូវែលហ្សេឡង់​ ជប៉ុន និងបារាំងផងដែរ ដោយផលិតផលដែលនាំចេញរួមមាន បុកត្រីឆ្អើរ បុកកន្ទុយហេស ប្រហុកអង្ក្រង ប្រហុកឦសាន ប្រហុកអប់ក្រូចឆ្មា ប្រហុកសាច់ត្រីរ៉ស់​ ប្រហុកសាច់ត្រីកំភ្លាញ ត្រីប្រម៉ាត្រាំប្រេង ទឹកប្រហុក ទឹកអំពិលទុំ ទឹកឆា គ្រឿងសំលរកកូរ គ្រឿងការី និងគ្រឿងមុខម្ហូបជាច្រើនទៀត។

លោកស្រីបញ្ជាក់ថា៖

« ក្រោយបិទព្រំដែន និងការធ្វើពហិកាទំនិញថៃ ការផលិតមានការកើនឡើងខ្លាំង ព្រោះបងប្អូនប្រជាជនខ្មែរងាកមកគាំទ្រផលិតផលខ្មេរ គួបផ្សំមានការកុម៉្មង់នាំចេញទៅប្រទេសអាម៉េរិកផងដែរ។ ជាមួយគ្នានេះ ខ្ញុំក៏សូមស្នើដល់ប្រជាជនខ្មែរបន្តគាំទ្រផលិផលខ្មែរបន្តទៀត ព្រោះវាជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់ពួកយើងដែលជាអ្នកផលិត ហើយក៏ជាការជួយដល់សេដ្ឋកិច្ចជាតិ ជួយដល់កសិករ ជួយបង្កើនការងារដល់ប្រជាជនយើងផងដែរ មួយវិញទៀត ឥលូវនេះ វាជាឱកាសដែលប្រទេសយើងត្រូវ​ពង្រឹងការផលិតដោយខ្លួនឯងហើយ»។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុកស្វែង និងពង្រឹងជំនាញបន្ថែម ដើម្បីលើកកម្ពស់គុណភាពកែច្នៃ និងការទទួលស្គាល់ម្ហូបខ្មែរលើឆាកអន្តរជាតិ ដោយនាំយកម្ហូបដែលមានរសជាតិដ៏សម្បូរបែបរបស់កម្ពុជាជូនទៅដល់អតិថិជននៅទូទាំងពិភពលោក។

ឯកឧត្តមបានលើកឡើងថា ៖

«ពាក្យខ្មែរធ្វើបាន ជាពាក្យស្លោកដ៏សំខាន់ ដែលរួមបញ្ចូលមិនត្រឹមតែការផលិតបានប៉ុណ្ណោះទេ ប៉ុន្តែផលិតបានហើយ លក់បានទៀត ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។ អ្វីដែលសំខាន់ ក្នុងនាមជាក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុក ត្រូវផ្តោតលើការលើកកម្ពស់ស្តង់ដារគុណភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលលើកកម្ពស់ស្តង់ដារគុណភាព និងធានាបរិមាណដើម្បីបំពេញតម្រូវការផលិត ជាពិសេស នៅពេលមានកំណើនតម្រូវការវត្ថុធាតុដើមខ្ពស់នាពេលអនាគតគឺជារឿងសំខាន់បំផុត។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា៖ ការលើកកម្ពស់ផលិតផលក្នុងស្រុក នឹងជួយពង្រឹងសេដ្ឋកិច្ចជាតិឲ្យមានភាពឯករាជ្យជាងមុន ដោយ​អាស្រ័យលើទំនិញក្នុងស្រុកជាចម្បង និងជួយការកាត់បន្ថយការនាំចូលទំនិញពីខាងក្រៅ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា៖

«ខ្ញុំសូមលើកទឹកចិត្តឱ្យប្រើផលិតផលក្នុងស្រុករបស់យើង។ ការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុក គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ដែលវាមិនត្រឹមតែជួយកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP)​ បានផងដែរ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា