បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

មណ្ឌលគិរី ៖ បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញាផលិតផលខ្មែរទៀតផង។

Advertisement

លោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុន គីរីកាហ្វេ (Kiri Coffee) ដែលកំពុងយកចិត្តទុកដាក់ទៅលើវិស័យកាហ្វេនៅកម្ពុជាបានលើកឡើងថា​ ដោយមើលឃើញពីតម្រូវការកាហ្វេក្នុងស្រុកមានចំនួនច្រើន ហើយការផ្គត់ផ្គង់នៅមានចំនួនតិចនៅឡើយនោះ បច្ចុប្បន្ន​ មានអ្នកវិនិយោគក្នុងស្រុកជាច្រើនបានចាប់អារម្មណ៍បណ្តាក់ទុននៅក្នុងវិស័យនេះ ទាំងការដាំដុះ និងការបង្កើតរោងចក្រកែច្នៃផងដែរ។ ជាក់ស្ដែង គីរីកាហ្វេ​ ក៏ទើបតែបោះទុនវិនិយោគនៅដើមឆ្នាំ២០២៦នេះតែប៉ុណ្ណោះ ជាមួយនឹងការប្រមូលទិញគ្រាប់កាហ្វេពីបងប្អូនកសិករជាជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរីបានជិត ១០០០តោន ដើម្បីកែច្នៃជាផលិតផលសម្រេច ផ្គត់ផ្គង់ទីផ្សារកាហ្វេដែលកំពុងមាន។

លោក ជិន ជ័យាបុត្រ បានបញ្ជាក់ថា​ ៖

«វិសាលភាពទីផ្សារកាហ្វេនៅកម្ពុជាមានភាពទូលាយ ហើយការផ្គត់ផ្គង់នៅមានភាពខ្វះខាតច្រើនណាស់ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ប៉ុន្តែអ្វីដែលជាបញ្ហានោះនៅត្រង់ថា មានមនុស្សមួយចំនួន ខ្វះភាពស្មោះត្រង់ ក្លែងបន្លំម៉ាកសញ្ញា ដោយយកកាហ្វេបរទេសនាំចូលធ្វើជាកាហ្វេខ្មែរ ។ សម្រាប់ឆន្ទៈរបស់ គីរីកាហ្វេ គឺជាកាហ្វេកូនខ្មែរពិត និងប្តេជ្ញាចិត្តការកសាងកេរ្តិ៍ឈ្មោះកាហ្វេខ្មែរពិត ពីដែនដីមណ្ឌលគិរី មិនយកគ្រាប់កាហ្វេបរទេសមកបន្លំជាផលិតផលខ្មែរនោះទេ»។


ក្នុងនាមជាអ្នកវិនិយោគ និងស្រឡាញ់វិស័យកាហ្វេនៅកម្ពុជា លោក ជិន ជ័យាបុត្រ បានបញ្ជាក់ថា គីរីកាហ្វេ នឹងបន្តឈរជើងជាមួយបងប្អូនកសិករ ដោយប្តេជ្ញាចិត្តបន្តទិញកាហ្វេពីបងប្អូនជនជាតិដើមភាគតិចឱ្យអស់ពីលទ្ធភាពក្នុងតម្លៃទីផ្សារ ដើម្បីឱ្យកាហ្វេមណ្ឌលគិរី អាចបន្តដំណើរទៅមុខប្រកបដោយមោទនភាព និងជួយលើកកម្ពស់ជីវភាពបងប្អូនកសិករឱ្យកាន់តែធូរធារ។ ក្រៅតែពីការធានាឈរជើងទិញកាហ្វេពីកសិករហើយនោះ ក្រុមហ៊ុនក៏បានគាំទ្រផ្នែកឥណទានកសិកម្ម សម្រាប់ពង្រីកការដាំដុះកាហ្វេ រួមមាន ការផ្គត់ផ្គង់ ជី, កូនពូជ, ថ្នាំកសិកម្ម និងសម្ភារៈបច្ចេកទេសផ្សេងៗ ដើម្បីជួយបងប្អូនមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ និងបង្កើនទិន្នផលផងដែរ។

លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានបង្ហាញពីការសាទរនូវវត្តមានថ្មីនៃចំនួនអ្នកវិនិយោគក្នុងវិស័យកម្ពុជាដែលធ្វើឱ្យវិស័យមួយនេះកាន់តែមានវឌ្ឍនភាពជាបន្តបន្ទាប់ ។

ប្រធានសមាគមកាហ្វេរូបនេះបានបញ្ជាក់ថា ៖

​ «សព្វថ្ងៃនេះ ការវិនិយោគក្នុងវិស័យកាហ្វេនៅមានសក្តានុពលខ្លាំង ដែលចាំបាច់ត្រូវពង្រីកទំហំផលិតឱ្យបានច្រើន ជាពិសេស ការពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត។ ដោយឡែក ចំពោះការនាំចូលពីបរទេសយើងមិនអាចហាមឃាត់បានទេ ប៉ុន្តែ អ្វីដែលសំខាន់ គឺអ្នករកស៊ីក្នុងវិស័យយនេះ ជាពិសេសអ្នកនាំចូល និងចែកចាយ​ គឺត្រូវមានសីលធម៌ និងភាពស្មោះត្រង់ ជៀសវាងក្លែងបន្លំប្រភពផលិតផល ឬក្លែងម៉ាកសញ្ញា ដែលវាជាទង្វើខុសច្បាប់»។


សូមជម្រាបថា ប្រទេសកម្ពុជាមានតម្រូវការគ្រាប់កាហ្វេប្រមាណជា ២០ ០០០ តោនក្នុងមួយឆ្នាំ តែការផលិតជាក់ស្តែងបានប្រមាណតែ ២ ០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទិន្នន័យនេះបង្ហាញថា កម្ពុជាត្រូវការគ្រាប់កាហ្វេជិត ១៨ ០០០តោនក្នុងមួយឆ្នាំបន្ថែមទៀត ដែលជាឱកាសល្អសម្រាប់កសិករមានបំណងចង់ដាំដំណាំកាហ្វេ។

ដោយឡែក នៅឆ្នាំ២០២៦នេះ ការដាំដុះដំណាំកាហ្វេបានកើនឡើងគួរសម ស្ថិតនៅលើផ្ទៃដីសរុបជាង ៨០០ ហិកតា ដែលភាគស្ថិតមាននៅក្នុងខេត្តរតនគិរី មណ្ឌលគិរី កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ប៉ៃលិន កោះកុង ពោធិ៍សាត់(នៅអូរសោម) បាត់ដំបង(នៅសំឡូត) ហើយក្នុងចំណោមទីតាំងដាំដុះទាំងនេះ ខេត្តរតនគិរី និងមណ្ឌលគិរី ដាំកាហ្វេច្រើនជាងគេ ខណៈខេត្តប៉ៃលិន និងកោះកុង មានចំនួនតិចតួចប៉ុណ្ណោះ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា