បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សំបក​កង់ឡាន​ផលិត​ក្នុងស្រុក ​នឹងអាច​​ដណ្ដើម​ទីផ្សារផ្គត់ផ្គង់ក្នុងស្រុកទាំងស្រុងក្នុងពេលឆាប់ៗ

សំបក​កង់ឡាន​ផលិត​ក្នុងស្រុក ​នឹងអាច​​ដណ្ដើម​ទីផ្សារផ្គត់ផ្គង់ក្នុងស្រុកទាំងស្រុងក្នុងពេលឆាប់ៗ

កម្ពុជា ​បាននិង​កំពុងផ្លាស់​ប្តូរពីប្រទេស​នាំចូល​សំបក​កង់ឡានពីបរទេស​ទាំង​ស្រុង ​មក​ជាការផ្គត់​ផ្គង់ដោយខ្លួនឯងបណ្ដើរៗ ហើយនឹងអាច​ជំនួស​ឱ្យរបស់នាំចូលបានទាំង​ស្រុង បន្ទាប់ពីរោងចក្រផលិតសំបកកង់ឡាន​​នៅក្នុងប្រទេ​ស ​បានដាក់ដំណើរការខ្សែច្រវាក់​ផលិត​កម្មជា​បន្ត​បន្ទាប់ ខណៈអ្នក​ប្រើប្រាស់កាន់តែច្រើនក៏ងាកមក​ប្រើ​របស់ក្នុងស្រុក​ជំនួសឱ្យការនាំចូលដែរ។

Advertisement

​លោក ​ស៊ឺន ស៊ីណាន អ្នកគ្រប់គ្រង​ទូទៅ​នៃក្រុមហ៊ុនចែកចាយសំបក​កង់ឡាន​​ KAVIX Cambodia បាន​ប្រាប់​បណ្ដា​ញព័ត៌មាន​ AMS ថា ពីមុន​ក្រុមហ៊ុន​បាន​នាំ​ចូល​និងចែកចាយសំបកកង់ឡាន​​ពី​បរទេស​សុទ្ធសាធ ពោសលគឺ ១០០ ភាគរយតែម្ដង​​ ដោយសារ​តែកម្ពុជា​មិនមានរោងចក្រផលិត​សំបកកង់​​ឡាន​ ប៉ុន្តែចាប់តាំងពីកម្ពុជា​មាន​រោងចក្រ​ផលិត​សំបក​កង់ឡាននៅក្នុងប្រទេស​ ក្រុមហ៊ុនចែកចាយក៏បាន​ទទួល​សំបក​កង់ឡាន​ដែល​ផលិត​ក្នុងស្រុក​ សម្រាប់ចែកចាយ​ទៅកាន់អតិថិជន និង​ណែនាំឱ្យ​អតិថិជន​ប្រើប្រាស់របស់ក្នុងស្រុកជំនួស​វិញ។​

លោក​បានបន្តថា​ សម្រាប់គុណភាពនៃសំបកកង់ឡាន​ ដែល​ផលិតក្នុងស្រុក​ក៏មិនចាញ់​ផលិតផល​នាំចូល​ប៉ុន្មានដែរ ហើយបើសិនជា​គុណភាព​អន់ ម្ល៉េះផលិតផល​សំបក​កង់ឡាននេះ ​មិនអាច​នាំចេញទៅកាន់ទីផ្សារបរទេស និងសុទ្ធតែជា​ប្រទេស​អ្នក​មាន​បានឡើយ។ ដូច្នេះ ការផលិត​សំបកកង់​នៅក្នុងប្រទេស​កម្ពុជា​ និង​នាំចេញទៅក្រៅ​បាន នោះ​ស​បញ្ជាក់ឱ្យឃើញថា​ គុណភាពផលិត​ផល​របស់ខ្មែរ​​គឺល្អ​ ដែលគេអាច​ទទួល​យក​បាន។​

លោកបាន​បញ្ជាក់ថា

“ក្នុង​ពេលឆាប់ៗខាងមុខនេះ ផលិតផល​សំបក​កង់ឡានដែលផលិត​ក្នុងស្រុក អាចនឹង​​ដណ្ដើម​ទីផ្សារ​ផលិតផលនាំចូលបានកាន់តែ​ច្រើន ​ឬក៏អាច​បាន​ទាំង​ស្រុង ស្របពេល​ក្រុមហ៊ុនយើង​ក៏បានណែនាំឱ្យអតិថិជន​គួរ​ប្រើ​ផលិតផល​ក្នុងស្រុក ​ដែលនឹង​ចំណេញដល់​សេដ្ឋកិច្ច​ជាតិ បង្កើត​ការងារ​និងប្រាក់ចំណូល​ដល់ពលរដ្ឋ ជាពិសេស​គឺអាច​ចំណេញដល់​​អ្នកដំា​កៅស៊ូក្នុងស្រុកផងដែរ។”

លោក​ គិន ឧត្តម​មុនី​ស៊ីណាត នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sailun Cambodia ដែលជាក្រុមហ៊ុនវិនិយោគ​លើរោងចក្រ​ផលិតផល​សំបក​កង់ឡានម៉ាក Sailun បានឱ្យដឹងថា ក្នុងមួយឆ្នាំ​ រោងចក្រផលិត​សំបកកង់ឡាន​ Sailun បានផលិតសំបកកង់ឡាន​សរុបជាង​ ២០ លានគ្រាប់ ​ហើយ​ក្នុង​​ឆ្នាំ ២០២៦ នេះ​ក្រុមហ៊ុននឹង​បង្កើនការ​ផលិតឱ្យបាន​ដល់ជិត​ ២៣ លានគ្រាប់​ ប៉ុន្តែផលិតផល​ទាំងអស់​នេះ គឺភាគច្រើននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងមួយចំនួនគឺសម្រាប់ផ្គត់ផ្គង់លើទីផ្សារ​ក្នុងស្រុក​។

លោក​បានថ្លែងបន្តថា សម្រាប់ទីផ្សា​រក្នុងស្រុក​ កាលពីឆ្នាំ ២០២៥ កន្លងទៅ​​ ក្រុមហ៊ុន​បាន​ចែកចាយ​ប្រ​មា​ណជា​ង ២០ ម៉ឺនគ្រាប់​​ ហើយ​​ក្នុងឆ្នាំ ២០២៦ នេះ សំបកកង់ឡាន​ម៉ាក​ Sailun​ គ្រោងនឹង​ដណ្ដើមទីផ្សារ​ឱ្យ​បាន ​​៥០ ភាគរយនៃតម្រូវការ​សរុប ដែល​មានត្រឹមប្រមាណជិត​ ១ លានគ្រាប់​។

លោក​បានឱ្យដឹងដូច្នេះថា៖

“សម្រាប់ពេលអនាគត ផលិតផល​សំបកដែលផលិត​នៅក្នុងប្រទេស​កម្ពុជានឹងអាច​ជំនួស​ផលិតផល​សំបក​កង់ឡាននាំចូលបានទាំងស្រុង ដូច្នេះ ក្នុង​រយៈពេលប៉ុន្មានឆ្នាំខាងមុខ​ទៀត ​ទោះបីជា​មិនមានការ​នាំចូល​ពីខាងក្រៅប្រទេស ក៏កម្ពុជា​អាច​មានលទ្ធភាពផ្គត់ផ្គង់​សំបកកង់​ឡានដែលផលិត​ក្នុងស្រុក​បានដែរ។​”

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៦ នេះ នៅក្នុង​ប្រទេស​កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ៨ រោងចក្រ​ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន ៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ ក្នុងនោះ​រោងចក្រ​ផលិត​សំបកកង់ឡាន​ម៉ាក​ Sailun ជា​រោងចក្រដែលធំជាង​គេ​មានទុនវិនិយោគរហូតដល់ ១ ពាន់​លានដុល្លារអាមេរិក៕ ​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា