បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនដឹកជញ្ជូនធំៗដំឡើងថ្លៃ ក្រោយតម្លៃប្រេងឡើងខ្ពស់ និងត្រូវប្តូរផ្លូវដែលមានរយៈពេលយូរជាងមុន

ក្រុមហ៊ុនដឹកជញ្ជូនធំៗដំឡើងថ្លៃ ក្រោយតម្លៃប្រេងឡើងខ្ពស់ និងត្រូវប្តូរផ្លូវដែលមានរយៈពេលយូរជាងមុន

បរទេស៖ ជម្លោះ និងភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោកដំឡើងថ្លៃដឹកជញ្ជូនដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងត្រូវប្តូរផ្លូវក្នុងការដឹកជញ្ជូនដែលមានរយៈពេលយូរជាងមុន ធ្វើឱ្យកើនឡើងតម្លៃថ្លៃដើម នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

Advertisement

លោក Vincent Clerc ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់ប្រទេសដាណឺម៉ាក Maersk បានលើកឡើងថា ការកំណត់តម្លៃលើសេវាដឹកជញ្ជូន និងធានារ៉ាប់រងរបស់ក្រុមហ៊ុនគឺតែងមានការប្រែប្រួល មិនថានៅពេលតម្លៃឥន្ធនៈកើនឡើង ឬ ចុះនោះទេ ហើយការប្រែប្រួលតម្លៃទាំងនេះក៏ត្រូវអនុវត្តបន្តជាមួយគ្រប់អតិថិជនទាំងអស់។ នេះមានន័យថា ប្រសិនបើតម្លៃឥន្ធនៈឡើងថ្លៃ តម្លៃការដឹកជញ្ជូនក៏ឡើងថ្លៃដូចគ្នា។ សូមបញ្ជាក់ថា Maersk គឺជាក្រុមហ៊ុន ដាណឺម៉ាក ដែលគ្រប់គ្រងលើផ្នែកដឹកជញ្ជូនកុងតឺន័រនៅជុំវិញពិភពលោក។ ជាមួយគ្នានេះ លោក Vincent Clerc ក៏បានអំពាវនាវឱ្យអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីស្តារផ្លូវពាណិជ្ជកម្មសកលនៅមជ្ឈិមបូព៌ា ជាពិសេស អនុញ្ញាតបើកផ្លូវដឹកជញ្ជូនតាមសមុទ្រឡើងវិញ។

សូមបញ្ជាក់ថា សង្រ្គាមរវាងអាម៉េរិក រួមគ្នាជាមួយអ៊ីស្រាអែល វាយទៅលើអ៊ីរ៉ង់ បានធ្វើឲ្យផ្លូវដឹកជញ្ជូនសំខាន់ៗត្រូវជាប់គាំងស្ទើរតែទាំងស្រុង និងបណ្តាលឱ្យរំខានទៅដល់ចរន្តសេដ្ឋកិច្ចពិភពលោក។ ក្ដីព្រួយបារម្ភចម្បងគឺសុវត្ថិភាពរបស់នាវិក និងទ្រព្យសម្បត្តិនៅក្នុងនាវា ឬកប៉ាល់ ខណៈដែលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកគឺជាការគំរាមកំហែងដ៏ធំ ដែលធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនមិនហ៊ានប្រថុយឆ្លងកាត់តំបន់គ្រោះថ្នាក់នោះទេ។

យោងតាមអង្គការដែនសមុទ្រអន្តរជាតិ (IMO) របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អ្នកធ្វើដំណើរតាមសមុទ្រយ៉ាងហោចណាស់ ៧ នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួសនៅច្រកសមុទ្រ Hormuz ចាប់តាំងពីមានជម្លោះចាប់ផ្តើម។

លោក Arsenio Dominguez អគ្គលេខាធិការរបស់ IMO បានលើកឡើងថា អ្នកធ្វើដំណើរតាមសមុទ្រទាំងនេះជាអ្នកបំពេញភារកិច្ចការងារ និងសេវាកម្មចាំបាច់ដល់សហគមន៍ពិភពលោក ដែលធានានូវលំហូរនៃទំនិញ និងថាមពលជាដើម។ ដូច្នោះ ពួកគេត្រូវតែទទួលបាននូវកិច្ចការពារសុខសុវត្ថិភាពពីផលប៉ះពាល់នៃសង្គ្រាម និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ។

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ ក្រសួងដឹកជញ្ជូនរបស់ចិនបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកំពូលក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់ប្រទេស ដាណឺម៉ាក Maersk និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត ដើម្បីពិភាក្សាអំពីប្រតិបត្តិការដឹកជញ្ជូនអន្តរជាតិ ដោយពួកគេសុទ្ធតែ​ត្អូញត្អែរ​អំពី​ការ​ដំឡើង​ថ្លៃ​ដឹក​ជញ្ជូន​។

លោក Vincent Clerc បានលើកឡើងថា ការចំណាយបន្ថែមគឺប្រហែល ២០០ ដុល្លារសម្រាប់ដឹកជញ្ជូនកុងតឺន័រស្តង់ដារ ២០ ហ្វីត ដែលមានន័យថា តម្លៃដឹកជញ្ជូនត្រូវឡើងថ្លៃពី ១៥% ទៅ ២០%។ ក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត ដូចជា MSC និង Hapag-Lloyd ក៏ដំឡើងថ្លៃដឹកជញ្ជូនផងដែរ ដោយសារតែការរំខានពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ទិន្នន័យពីក្រុមហ៊ុនដឹកជញ្ជូន KN Seaexplorer បង្ហាញថា គិតត្រឹមថ្ងៃចន្ទ សប្ដាហ៍នេះ នាវាចំនួន ១៣២ នៅបន្តជាប់គាំងក្នុងឈូងសមុទ្រតាមច្រក Hormuz ខណៈដែលនាវាមួយចំនួនទៀតបានបិទឧបករណ៍ទំនាក់ទំនងដើម្បីលាក់បាំងទីតាំងរបស់ពួកគេ។

ក្រៅពីការដំឡើងថ្លៃនៃការដឹកជញ្ជូន អាជីវករជាច្រើនដែលជាអតិថិជនប្រើប្រាស់សេវាដឹកជញ្ជូនតាមរយៈក្រុមហ៊ុនខាងលើ នៅមិនទាន់បានទទួលទំនិញរបស់ខ្លួននោះឡើយ ហើយត្រូវបន្តរង់ចាំយូរជាងនេះទៀត ហើយបើទោះជាមានជម្រើសផ្សេង ឬត្រូវដឹកតាមផ្លូវគោក ក៏ពួកគេស្ថិតនៅក្នុងដំណាក់កាលពិចារណាដែរ ព្រោះការដឹកជញ្ជូនតាមផ្លូវគោកត្រូវចំណាយថ្លៃខ្ពស់ ហើយអាចផ្ទុកទំនិញបានតិចជាងការដឹកតាមនាវា ជាពិសេសទំនិញប្រភេទចំណីអាហារ ដែលត្រូវមានការគណនាថ្លៃដើមខ្ពស់បំផុត៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា