បរទេស៖ ក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិក ៨ ០០០ នាក់នៅខែក្រោយនេះ ហើយបង្វែរទិសដៅបង្កើនការចំណាយលើគម្រោងបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការរាយការណ៍ពី BBC។

បរទេស៖ ក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិក ៨ ០០០ នាក់នៅខែក្រោយនេះ ហើយបង្វែរទិសដៅបង្កើនការចំណាយលើគម្រោងបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការរាយការណ៍ពី BBC។
កាលពីថ្ងៃព្រហស្បតិ៍ Meta បង្ហើបដំណឺងខ្លីមួយថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយចំនួនកម្លាំងការងាររបស់ខ្លួនប្រហែល ១០ ភាគរយ ឬ បុគ្គលិក ៨ ០០០ នាក់ ដោយសារហេតុផលសំខាន់ គឺការបង្កើនការចំណាយទៅលើផ្នែកផ្សេងៗទៀត ជាពិសេសការចំណាយលើបញ្ញាសិប្បនិម្មិត (AI) មានតម្លៃ ១៣៥ ពាន់លានដុល្លារ។
គម្រោងនេះស្មើរនឹងការចំណាយរបស់ Meta លើបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេល ៣ ឆ្នាំមុន រួមបញ្ចូលគ្នា។ ការកាត់បន្ថយកម្លាំងពលកម្មនេះ នឹងក្លាយជាការបញ្ឈប់ការងារដ៏ធំបំផុតរបស់ Meta ចាប់តាំងពីឆ្នាំ ២០២៣។ អ្នកនាំពាក្យក្រុមហ៊ុន Meta បានបញ្ជាក់ពីការកាត់បន្ថយការងារដែលបានគ្រោងទុក ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតនោះទេ។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា Meta គ្រោងនឹងកាត់បន្ថយបុគ្គលិកជាង ១ ម៉ឺននាក់នៅឆ្នាំនេះ។ កាលពីខែមករា លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta បានធ្វើអត្ថាធិប្បាយជាសាធារណៈដែរថា ក្រុមហ៊ុននឹងត្រូវកាត់បន្ថយការងារម្តងទៀតនៅឆ្នាំនេះ ដោយកត់សម្គាល់ឃើញថា ផលិតភាពរបស់បុគ្គលិកភាគច្រើនកំពុងពឹងផ្អែកខ្លាំងលើ AI ហើយមនុស្សតែម្នាក់ឥឡូវនេះអាចបញ្ចប់គម្រោងបាន ដែលកាលពីមុន តម្រូវឱ្យមានក្រុមការងារធំ។
លោក Zuckerberg បាននិយាយថា៖
“ខ្ញុំគិតថា ឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំដែលបញ្ញាសិប្បនិម្មិត (AI) ចាប់ផ្តើមផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបដែលយើងធ្វើការ។”
ការចំណាយ និងការផ្តោតសំខាន់របស់ Meta បានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយពួកគេកំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍គំរូ និងឧបករណ៍ AI។ Meta បានជូនដំណឹងដល់បុគ្គលិកថា ក្រុមហ៊ុននឹងចាប់ផ្តើមតាមដាន និងកត់ត្រានូវអន្តរកម្មរបស់ពួកគេជាមួយការងារកុំព្យូទ័រ ដើម្បីជួយបណ្តុះបណ្តាល និងកែលម្អគំរូ AI បន្ថែមទៀត។
យ៉ាងណាមិញ មានការរិះគន់ថា ក្រុមហ៊ុននេះកំពុងឈ្លក់វង្វេងនឹងបញ្ញាសិប្បនិម្មិត (AI) ។ ចាប់តាំងពីឆ្នាំ ២០២២ មក Meta បានអនុម័តការកាត់បន្ថយកម្លាំងពលកម្មជាច្រើនដង ដែលធ្វើឲ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនផ្សេងទៀតក៏កំពុងចំណាយប្រាក់យ៉ាងច្រើនលើការសាងសង់រចនាសម្ព័ន្ធសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងអនុម័តការកាត់បន្ថយកម្លាំងពលកម្មច្រើនដូចគ្នានៅឆ្នាំ ២០២៦ នេះ។
ក្រុមហ៊ុនស្ទើរតែទាំងអស់បានលើកឡើងពីការកើនឡើងនៃសមត្ថភាព AI ដែលជាធ្វើឱ្យនាយកប្រតិបត្តិយល់ឃើញពីការត្រូវការបុគ្គលិកតិចជាងមុន។ ក្រុមហ៊ុន Amazon បានកាត់បន្ថយបុគ្គលិកជាង ៣ ម៉ឺននាក់ និងក្រុមហ៊ុន Oracle កាត់បន្ថយជាង ១ ម៉ឺននាក់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនតូចៗដូចជា Block កាត់បន្ថយបុគ្គលិកជិតពាក់កណ្តាលនៃចំនួនកម្មករសរុបជាង ៤ ពាន់នាក់ ខណៈដែលក្រុមហ៊ុន Snap កាត់បន្ថយប្រហែល ១ ពាន់នាក់៕
