បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សង្គ្រាមនៅមជ្ឈិមបូព៌ា បង្កើនសម្ពាធដល់សេដ្ឋកិច្ច អ្នកជំនាញផ្តល់យោបល់ឱ្យកម្ពុជាបង្កើនភាពធន់ក្នុងវិបត្តិ

សង្គ្រាមនៅមជ្ឈិមបូព៌ា បង្កើនសម្ពាធដល់សេដ្ឋកិច្ច អ្នកជំនាញផ្តល់យោបល់ឱ្យកម្ពុជាបង្កើនភាពធន់ក្នុងវិបត្តិ

សង្គ្រាមនៅមជ្ឈិមបូព៌ា និងភាពមិនច្បាស់លាស់នៃពិភពលោកនាពេលបច្ចុប្បន្ន បានជះផលអវិជ្ជមានដោយផ្ទាល់មកលើសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យដែលរដ្ឋាភិបាលចេញវិធានការដើម្បីដោះស្រាយជាបន្តបន្ទាប់ ស្របពេលដែលអ្នកជំនាញផ្តល់យោបល់ថាគួរពិចារណាលើការផែនការសកម្មភាពជាយុទ្ធសាស្រ្តដើម្បីបង្កើនភាពធន់ក្នុងវិបត្តិ។

Advertisement

ផលប៉ះពាល់ភ្លាមៗដែលគំរាមកំហែងដល់សេដ្ឋកិច្ចកម្ពុជាគឺសម្ពាធថ្លៃប្រេងឥន្ធនៈ ដែលឈានទៅប៉ះពាល់ដល់ថ្លៃដឹកជញ្ជូន និងតម្លៃនៃការរស់នៅ។

ក្រោយសង្គ្រាមផ្ទុះឡើងបានជិត ១ ខែ នៅថ្ងៃទី ១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងរ៉ែ ឯកឧត្តម កែវ រតនៈ បានប្រាប់សារព័ត៌មាន រ៉យទ័រថា មួយភាគបីនៃស្ថានីយប្រេងឥន្ធនៈសរុបចំនួន ៦ ៣០០ កន្លែងនៅកម្ពុជា បានផ្អាកជាបណ្តោះអាសន្ន។ ជាបន្តបន្ទាប់ តម្លៃប្រេងឥន្ធនៈចាប់ផ្តើមឡើងថ្លៃយ៉ាងគំហុក ដែលបង្ខំឱ្យរដ្ឋាភិបាលត្រូវចេញវិធានការអនុគ្រោះពន្ធ និងប្តូររយៈពេលប្រកាសតម្លៃប្រេងឥន្ធនៈពី ១០ ថ្ងៃ មក ៣ ថ្ងៃវិញ។

សារព័ត៌មានដដែលបានរាយការណ៍ថា កម្ពុជាគ្មានរោងចក្រចម្រាញ់ប្រេង ស្របពេលដែលស្តុកប្រេង និងឧស្ម័នអាចទ្រទ្រង់បានតិចជាង ១ ខែ។ កត្តានេះធ្វើកម្ពុជា ប្រឈមនឹងហានិភ័យខ្ពស់ប្រសិនបើសង្គ្រាមនៅបន្តអូសបន្លាយ។

ទីភ្នាក់ងារថាមពលអន្តរជាតិបានរាយការណ៍ថា វិបត្តិថាមពលបច្ចុប្បន្នជាវិបត្តិធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ហើយការកកស្ទះកប៉ាល់នៅច្រកសមុទ្រ Hormuz ធ្វើឱ្យប៉ះពាល់ប្រហែល ១/៥ នៃលំហូរប្រេង និងឧស្ម័ន LNG ពិភពលោក។ បញ្ហានេះបាននាំឱ្យ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានចេញការព្រមានថា តម្លៃប្រេងនឹងបន្តឡើងខ្ពស់ជាង ១០០% និងឧស្ម័នឡើងជាង ២០០% ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់អាស៊ី ដែលជាតំបន់ពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។

ងាកទៅសម្ពាធអតិផរណា និងជីវភាពប្រជាជនវិញ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា អត្រាអតិផរណានៅកម្ពុជានឹងកើនឡើងដល់ ២,៨% ក្នុងឆ្នាំ ២០២៦ ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាមិនអូសបន្លាយទៅមុខយូរ តែបើសង្គ្រាមនេះបន្តអូសបន្លាយ ស្ថានការណ៍នឹងអាក្រក់ជាងនេះ។ ដំណើរកើនឡើងនៃអតិផរណានេះ ត្រូវទទួលសម្ពាធកាន់តែធ្ងន់ ដែលដើរបញ្ច្រាសគ្នាដោយការថមថយនៃកំណើនសេដ្ឋកិច្ចពី ៥.២%នៅឆ្នាំ ២០២៥ មកត្រឹម ៤.៥%នៅឆ្នាំ ២០២៦។

ធនាគារពិភពលោកបានព្រមានថា ក្នុងឆ្នាំ ២០២៦ តម្លៃប្រេងកាន់តែខ្ពស់នឹងរុញច្រានអតិផរណាកាន់តែលឿន ដោយព្យាករណ៍ថាប្រសិនបើតម្លៃអាហារកើនឡើង ៥% នោះអត្រានៃភាពក្រីក្រនឹងកើនពន្ទុ ០,៨% ដែលអាចជះផលប៉ះពាល់ដល់គ្រួសារដែលមានចំណូលទាប និងអ្នកក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ចំណែកវិស័យទេសចរណ៍ និងសេវាកម្មដែលជាសសរគ្រឹះសំខាន់មួយនៃ សេដ្ឋកិច្ចក៏ទទួលរងផលប៉ះពាល់ផងដែរ។ របាយការណ៍អភិវឌ្ឍអាស៊ី (ODA) បានឲ្យដឹងថាភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានធ្លាក់ចុះ ១៦,៩% ក្នុងឆ្នាំ២០២៥។ ADB ព្រមានថា ការអូសបន្លាយនៃវិបត្តិ នឹងធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ដល់វិស័យអាកាសចរណ៍ និងធ្វើឱ្យទេសចរ បន្តធ្លាក់ចុះកាន់តែខ្លាំង។

ដំណាលគ្នានេះ វិស័យធនាគារ និងហិរញ្ញវត្ថុក៏ស្ថិតក្នុងសម្ពាធផងដែរ ដោយសារតែការកើនឡើងនៃឥណទានមិនដំណើរការ។ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ ដោយសារតែឆ្នាំ ២០២៥ ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើង ៨,២%, ឥណទានកើន ៥,៤%, ប្រាក់បញ្ញើកើន ១២,៤%, និងទុនបម្រុងអន្តរជាតិមានចំនួនស្មើនឹង ៨ ខែនៃការនាំចូល តែស្ថានភាពនេះប្រឈមនឹងការគំរាមកំហែង ដោយសារចំនួនឥណទានមិនដំណើរការបានកើនឡើងដល់ ៨,៩% ស្របពេលដែលវិស័យលក់រាយ កសិកម្ម អចលនទ្រព្យ ម្ហូបអាហារ និងការធ្វើដំណើរសុទ្ធតែរងផលប៉ះពាល់។

ដើម្បីបង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងឧបសគ្គដែលកើតចេញជម្លោះនៅមជ្ឈឹមបូព៌ានេះ លោក ឌួង ពូឡង់ សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រាប់ AMS ថា កម្ពុជាគួរធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយលើកទឹកចិត្តឱ្យសហគ្រាស ផលិតនូវផលិតផលក្នុងស្រុកឱ្យបានច្រើន និងបង្កើនទីផ្សារខាងក្រៅបន្ថែម។ 

លោក ឌួង ពូឡង់៖ “យើងគួរធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យបានច្រើន ដើម្បីកុំពឹងផ្អែកលើទីផ្សារណាមួយហួសហេតុពេក។ ប្រសិនបើយើងពឹងលើទីផ្សារណាមួយធំពេក ពេលប្រទេសនោះរងផលប៉ះពាល់ ទីផ្សារយើងនឹងថមថយ ហើយប៉ះពាល់ខ្លាំងភ្លាម”។

សេដ្ឋវិទូរូបនេះបន្ថែមទៀតថា កម្ពុជាចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ ដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងទាក់ទាញការវិនិយោគបន្ថែម។ បន្ថែមពីលើនេះ កម្ពុជាគួរជំរុញការអភិវឌ្ឍធនធានមនុស្ស ដោយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ផ្គត់ផ្គង់កម្លាំងពលកម្មដល់ឧស្សាហកម្ម និងសេវាកម្មដែលមានជំនាញខ្ពស់។ ដំណាលគ្នានេះ កម្ពុជាគួរជំរុញផលិតកម្ម ផលិតផលដែលមានតម្លៃបន្ថែម ដើម្បីបង្កើនទំហំចំណូលសម្រាប់សេដ្ឋកិច្ចខាងក្នុងឱ្យកាន់តែរឹងមាំ និងធន់ជាមួយវិបត្តិ។

ក្រៅពីទីផ្សារ និងធនធានមនុស្ស លោកបណ្ឌិត ហុង វណ្ណៈ បានផ្តល់យោបល់ថា កម្ពុជាគួរយកចិត្តទុកដាក់លើអធិបតេយ្យភាពថាមពល ដោយបង្កើនស្តុកថាមពលពី ១ ខែ ទៅ ៣ ខែ ដើម្បីធានាការប្រើប្រាស់ និងស្ថិរភាពតម្លៃ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីរ៉ែ និងថាមពលបញ្ជាក់ថា ដើម្បីបង្កើនភាពធន់ដល់សេដ្ឋកិច្ច កម្ពុជាគួរធ្វើពិធកម្មប្រភពនាំចូលប្រេង និងពង្រឹងភាពធន់នៃថាមពល ដោយជំរុញការវិនិយោគថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលពីខាងក្រៅ។

ចំពោះវិស័យហិរញ្ញវត្ថុ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មីថា កម្ពុជាគួរធ្វើពិពិធកម្មប្រព័ន្ធទូទាត់ និងពាណិជ្ជកម្ម ដើម្បីបង្កើនភាពធន់នៃជាតិ។ លោកថា ការពង្រឹងប្រព័ន្ធទូទាត់ នឹងជួយឱ្យកម្ពុជាអាចគេចផុតពីឧបសគ្គ ប្រសិនបើ ប្រទេសមហាអំណាចណាមួយចង់បង្កបញ្ហាដោយបិទកម្ពុជាចេញពីប្រព័ន្ធទូទាត់។

របាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីដើមខែមីនា ឆ្នាំ ២០២៦ បានបញ្ជាក់ថា កម្ពុជា ត្រូវវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធ, ជំនាញកម្លាំងពលកម្ម ឌីជីថល និងប្រសិទ្ធភាពការបង់ប្រាក់។ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ប្រព័ន្ធបាគង (Bakong) និងការទូទាត់តាមឌីជីថលកំពុងរីកលូតលាស់ខ្លាំង ដែលអាចជួយកាត់បន្ថយថ្លៃប្រតិបត្តិការ និងបង្កើនភាពធន់ដល់សេដ្ឋកិច្ចក្នុងរយៈវែង៕

លោក ហេង សុវណ្ណ | Mr. Heng Sovann

លោក ហេង សុវណ្ណ | Mr. Heng Sovann

ជាប្រធាននាយកដ្ឋានព័ត៌មាននៃបណ្តាញព័ត៌មាន AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា