សកម្មភាពផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋអាម៉េរិកជាច្រើនទៅក្រៅប្រទេសមានទំនោរកាន់តែច្រើនឡើង ពិសេសគឺធ្វើឡើងដោយយ៉ាងស្ងប់ស្ងាត់ ប៉ុន្តែទំនោរនេះបានក្លាយទៅជាប្រវត្តិសាស្ត្រមួយកំពុងតែកើតឡើង ខណៈដែលទិន្នន័យបង្ហាញពីនិន្នាការអវិជ្ជមាននៃការធ្វើចំណាកស្រុករបស់ពួកគេមិនធ្លាប់មានពីមុនមក។
យោងតាមការចេញផ្សាយរបស់ RT ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើលនៅពេលនេះបានបង្ហាញថា ចំនួនជនជាតិអាម៉េរិកដែលសម្រេចចិត្តចាកចេញពីប្រទេស មានចំនួនច្រើនជាងអ្នកដែលចូលមកវិញ។ វាជាអត្រាដែលពុំធ្លាប់កើតមាន តាំងតែពីសម័យក្រោយសង្គ្រាមលោកលើកទី ២ មក។
កន្លងមក អត្រានៃការចាកចេញធ្លាប់តែជាជម្រើសរៀបចំជីវិតសម្រាប់តែអ្នកចូលនិវត្តន៍ប៉ុណ្ណោះភាគច្រើន ប៉ុន្តែពេលនេះវាបានក្លាយទៅជាការចាកចេញដ៏ធំមួយនៅក្នុងសង្គម អាម៉េរិកដោយបច្ចុប្បន្នមានប្រជាជនអាម៉េរិកស្ទើរតែម្នាក់ក្នុងចំណោមប្រាំនាក់ (២០ ភាគរយ) បានបង្ហាញបំណងចង់ទៅរស់នៅបរទេសជាអចិន្ត្រៃយ៍។
យោងតាមទិន្នន័យដែលប្រមូលបានពីប្រទេសជាង ៥០ បានឱ្យដឹងថា ជនជាតិអាម៉េរិករាប់សែននាក់ កំពុងរៀបចំវ៉ាលីចាកចេញក្នុងនោះគោលដៅធំៗ មានដូចជា តំបន់អឺរ៉ុប អាស៊ី និងអាម៉េរិកឡាទីនជាដើម។ ប្រភពដដែលបង្ហាញទៀតថា ឆ្នាំ ២០២៥ កន្លងមកនេះ ពលរដ្ឋអាម៉េរិកច្រើនជាង ១៨ ម៉ឺននាក់ បានផ្លាស់ប្តូរទីកន្លែងរស់នៅនៅក្រៅប្រទេសកំណើតរបស់ខ្លួន។
កត្តាជំរុញផ្នែកសេដ្ឋកិច្ច និងសង្គមអាចជាផ្នែកដ៏សំខាន់មួយក្នុងចំណោមមូលហេតុមួយចំនួនធំ។ ការហក់ឡើងខ្ពស់នៃតម្លៃជីវភាពរស់នៅបានបញ្ជាក់ឲ្យឃើញជាក់ស្តែង។ ប្រហែល ៦៨ ភាគរយ នៃជនជាតិអាម៉េរិក ដែលកំពុងពិចារណាផ្លាស់ទីលំនៅ បានលើកឡើងពីតម្លៃផ្ទះសម្បែងដែលឡើងថ្លៃកប់ពពក អតិផរណាដ៏ធ្ងន់ធ្ងរ និងតម្លៃថែទាំសុខភាពដ៏ខ្ពស់ហួសហេតុ ជាការលើកទឹកចិត្តចម្បងរបស់ពួកគេ។
ដូច្នេះតាមរយៈការផ្លាស់ទីលំទៅកាន់ប្រទេសដូចជា ព័រទុយកាល់ អេស្ប៉ាញ ថៃ ឬម៉ិកស៊ិក បុគ្គលិកដែលធ្វើការពីចម្ងាយ (Remote workers) និងក្រុមគ្រួសារជាច្រើន អាចកាត់បន្ថយការចំណាយរបស់ពួកគេបានយ៉ាងច្រើន ខណៈពេលដែលរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃ។
ក្រៅពីបញ្ហាសេដ្ឋកិច្ច ភាពតានតឹងក្នុងសង្គមក៏កំពុងរុញច្រានក្រុមគ្រួសារជាច្រើនឱ្យទៅក្រៅប្រទេសផងដែរ។ ឪពុកម្តាយជាច្រើនជារឿយៗបានលើកឡើងពីកង្វល់សុវត្ថិភាព ជាពិសេសគឺការកើតឡើងញឹកញាប់នៃករណីបាញ់ប្រហារនៅតាមសាលារៀន និងការអនុវត្តសមយុទ្ធការពារខ្លួនពីខ្មាន់កាំភ្លើង ដែលនេះជាចំណុចរបត់ដ៏សំខាន់។
ជនជាតិអាម៉េរិកដែលរស់នៅបរទេសបានកត់សម្គាល់ថា ទោះបីជាប្រាក់ខែនៅបរទេសអាចទាបជាងនៅក្នុងទីក្រុងធំៗរបស់សហរដ្ឋអាម៉េរិកក៏ដោយ ប៉ុន្តែវាត្រូវបានទូទាត់មកវិញនូវការរស់នៅដែលមិនប្រញាប់ប្រញាល់ សេវាថែទាំសុខភាពដែលមានតម្លៃសមរម្យឧបត្ថម្ភដោយរដ្ឋ និងបរិស្ថានដែលមានសុវត្ថិភាពជាងមុនសម្រាប់កូនៗរបស់ពួកគេ។
ក្រៅពីនោះគេក៏សង្កេតឃើញមានបញ្ហាកំណើននៃឧស្សាហកម្មសេវាកម្មផ្លាស់ទីលំនៅផងដែរ។ នៅពេលដែលបំណងប្រាថ្នាចង់ចាកចេញទៅរស់នៅបរទេសបានក្លាយជាចរន្តទូទៅ ឧស្សាហកម្មរកប្រាក់ចំណេញមួយបានលេចរូបរាងឡើង ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរនេះ។
ក្រុមហ៊ុនផ្លាស់ទីលំនៅ ទីប្រឹក្សាអន្តោប្រវេសន៍ និងសន្និសីទនានាសម្រាប់អ្នកទៅរស់នៅបរទេស កំពុងទទួលបានការទាមទារសេវាកម្មយ៉ាងច្រើនមិនធ្លាប់មាន ដោយក្នុងនោះមានអង្គការខ្លះបានជួយជនជាតិអាមេរិករាប់ពាន់នាក់ឱ្យផ្លាស់ទៅរស់នៅប្រទេសជិតខាង គឺប្រទេសម៉ិកស៊ិក។
ខណៈពេលដែលការតាមដានរបស់រដ្ឋាភិបាលនៅមានកម្រិត ការប៉ាន់ស្មានបានបង្ហាញថា មានជនជាតិអាម៉េរិកចន្លោះពី ៤ ទៅ ៩ លាននាក់ កំពុងរស់នៅឯបរទេសនាពេលបច្ចុប្បន្ន។ ដោយសារតែត្រូវប្រឈមមុខនឹងកម្រិតសេដ្ឋកិច្ចដែលធ្លាក់ចុះ និងការព្រួយបារម្ភក្នុងស្រុកដែលកំពុងកើនឡើង ផ្នែកមួយដ៏ធំនៃប្រជាជនកំពុងនាំគ្នាពិចារណាថាការរស់នៅនៅក្រៅសហរដ្ឋអាម៉េរិក
ពិតជាជម្រើសទី ១ ឬយ៉ាងណា៕