ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីសហការពង្រីកលទ្ធភាពទទួលហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកុម្ភៈ ដោយ ឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត និងលោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME Bank ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

អនុស្សរណៈនេះនឹងផ្តល់មធ្យោបាយដ៏សំខាន់ ដែលជាកម្លាំងចលករគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម ការពង្រីក កែលម្អ និង/ឬស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រតិបត្តិការអាជីវកម្ម ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
កិច្ចសហការសំខាន់ៗក្រោមអនុស្សរណៈនេះរួមមាន៖
- ផ្តល់ការគាំទ្រ និងសេវាកម្មហិរញ្ញវត្ថុ (ឥណទាន) រួមទាំងសិក្សាលទ្ធភាពក្នុងការផ្តល់លក្ខខណ្ឌពិសេស
(ដូចជាអត្រាការប្រាក់អនុគ្រោះ ឬ/និងការសម្រួលនីតិវិធីឥណទាន) ដោយទទួលយកអាជ្ញាបណ្ណធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ជំនួសទ្រព្យធានា
- ផ្សព្វផ្សាយពង្រឹងការយល់ដឹងពីនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទាន និងការទទួលបានភាពពអនុលោមជូនដល់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។
- ចូលរួមគាំទ្រសកម្មភាពចាំបាច់នានា និងលើកកម្ពស់ការអភិវឌ្ឍវិស័យទឹកស្អាត និងហិរញ្ញវត្ថុ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

























