បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេចក្តីព្រាងយុទ្ធសាស្ត្រ​ជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុន​មីក្រូ តូច និង​មធ្យម កំពុងបន្តពិគ្រោះយោបល់

សេចក្តីព្រាងយុទ្ធសាស្ត្រ​ជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុន​មីក្រូ តូច និង​មធ្យម កំពុងបន្តពិគ្រោះយោបល់

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យ​ឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ សរុបប្រមាណ ២០០ នាក់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីគុណតម្លៃស្នូលរបស់វិស័យថា ៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍។ សហគ្រាសទាំងនេះហើយ ដែលអាចធ្វើឱ្យផលិតផលកម្ពុជាពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និង​ទីផ្សារពិភពលោក ប៉ុន្តែពួកគេត្រូវការយន្តការគាំទ្រថ្នាក់ជាតិ ដើម្បីជំរុញផលិតភាព និងសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត។

យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ក្រសួងផែនការ កម្ពុជា មានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣ ៦៧​០ នៅទូទាំងប្រទេសដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង។ លើសពីនេះ កម្លាំងពលកម្ម ដែលគាំទ្រដោយសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងសហគ្រាស និងអ្នកប្រកបមុខរបរ អាជីវកម្ម និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណជាង ៦លាននាក់។

សេចក្តីព្រាងយុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើង ដោយឈរលើសសរស្តម្ភ៤ គឺ៖ (១) ការកែលម្អបរិយា​កាស​ធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ (២) ការពង្រឹងផលិតកម្ម និងការពង្រីកបច្ចេកវិទ្យា និងនវានុវត្តន៍ (៣) ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ និង (៤) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ជាផ្នែកមួយនៃការគាំទ្រជាក់ស្តែងសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមថ្មីមួយ ដោយបញ្ចូលសេវាធ្វើតេស្តវិភាគផលិតផលរបស់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្នុងប្រព័ន្ធសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (E-Services for Business) របស់រាជរដ្ឋាភិបាល ដោយកាត់បន្ថយការប្រើប្រាស់លទ្ធផលតេស្តជាក្រដាស។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ៖

«នេះគឺជាជំហានថ្មីមួយទៀត ដើម្បីជួយសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យទទួលបានសេវាមន្ទីរពិសោធន៍កាន់តែលឿន និងគួរឱ្យទុកចិត្ត ហើយដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេ តាមរយៈការចាប់យកស្តង់ដារ និងគុណភាព»។

សិក្ខាសាលាក៏បានប្រមូលធាតុចូលទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីធានាថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ គាំទ្រចក្ខុវិស័យ ២០៥០ របស់រាជរដ្ឋាភិបាល រួមចំណែកដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ព្រមទាំងលើកកម្ពស់បរិយាបន្ន សមភាពយេនឌ័រ ការលើកទឹកចិត្ត និងភាពជាដៃគូរវាងរដ្ឋ-ឯកជនឱ្យកាន់តែរឹងមាំ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា