ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធចូលថវិកាជាតិ ដោយសម្រេចបានទឹកប្រាក់សរុបប្រមាណ ៧០ លានដុល្លារអាម៉េរិក ពីអាជីវកម្មក្នុងវិស័យរ៉ែ។ លទ្ធផលនេះឆ្លុះបញ្ចាំងពីកំណើនសកម្មភាពអាជីវកម្មរ៉ែ និងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលរបស់រាជរដ្ឋាភិបាល។
ចំណូលមិនមែនសារពើពន្ធដែលប្រមូលបានពីវិស័យនេះ នឹងត្រូវយកទៅគាំទ្រការអភិវឌ្ឍវិស័យអាទិភាព ដូចជា សុខាភិបាល ការអប់រំ ការពារជាតិ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការអភិវឌ្ឍជនបទ។
ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ»នាពេលថ្មីៗនេះ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា៖ ក្នុងឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធបានប្រមាណ ១៣៥ លានដុល្លារ កើនឡើងជិត ៤៤ ភាគរយ បើធៀបនឹង ៩៤,៣២ លានដុល្លារក្នុងឆ្នាំ ២០២៤។ វិស័យរ៉ែនៅកម្ពុជាបន្តក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយបានបង្កើតចំណូលមិនមែនសារពើពន្ធប្រមាណ ៧០ លានដុល្លារ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៦។
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វិស័យរ៉ែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ថវិកាដែលប្រមូលបានពីវិស័យរ៉ែនេះ នឹងត្រូវចាក់បញ្ចូលទៅក្នុងកញ្ចប់ថវិកាជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសការសាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងការវិនិយោគលើថាមពលស្អាត។
ក្នុងសិក្ខាសាលានោះ លោកបានមានប្រសាសន៍ថា វិស័យរ៉ែបានជួយធានាការផ្គត់ផ្គង់សម្ភារសំណង់ប្រកបដោយនិរន្តរភាព និងក្នុងតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសំណង់តូចធំទូទាំងប្រទេស។ក្រៅពីការរួមចំណែកដោយផ្ទាល់ដល់កំណើនវិស័យសំណង់ វិស័យរ៉ែក៏បានបង្កើតការងារ និងឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងក្លាយជាប្រភពចំណូលថ្មីសម្រាប់ថវិកាជាតិផងដែរ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ធ្លាប់នបានមានប្រសាសន៍ថា៖ ប្រតិបត្តិករដែលមិនគោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការរុករក និងការធ្វើអាជីវកម្មរ៉ែ និងធនធានរ៉ែផ្សេងៗ នឹងមិនត្រូវបានផ្តល់អាជ្ញាបណ្ណឱ្យប្រតិបត្តិការឡើយ។
ឯកឧត្តម បានបន្តថា បន្ថែមពីលើចំណូលមិនមែនសារពើពន្ធចំនួន ៧០ លានដុល្លារដែលប្រមូលបានរហូតមកដល់ពេលនេះ វិស័យនេះក៏បានរួមចំណែកដល់ចំណូលសារពើពន្ធផងដែរ តាមរយៈពន្ធគយលើការនាំចេញផលិតផលរ៉ែ ដូចជាមាសដុំ និងធនធានរ៉ែផ្សេងៗ ដែលធ្វើឱ្យសកម្មភាពអាជីវកម្មរ៉ែក្លាយជាប្រភពចំណូលពន្ធដ៏សំខាន់មួយ។ពន្ធគយដែលប្រមូលបានពីការនាំចេញផលិតផលរ៉ែ រួមមាន ខ្សាច់ មាស រ៉ែដែក កម្ទេចឈើ និងរ៉ែម៉ង់ហ្គាណែស គឺជាផ្នែកមួយនៃចំណូលសារពើពន្ធ ដែលបញ្ជាក់ពីសារៈសំខាន់នៃវិស័យរ៉ែក្នុងការរួមចំណែកដ៏ធំដល់ថវិកាជាតិ។
ក្រសួងរ៉ែ និងថាមពល បានប្តេជ្ញាចិត្តបន្តពង្រឹងយន្តការត្រួតពិនិត្យ ជំរុញការវិនិយោគដែលមានទំនួលខុសត្រូវខ្ពស់លើបរិស្ថាន និងសង្គម (ESG) ដើម្បីធានាថាធនធានធម្មជាតិរបស់កម្ពុជា ត្រូវបានទាញយកមកប្រើប្រាស់ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍អតិបរមាដល់ជាតិទាំងមូល៕