បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ភ្នំពេញ ៖ បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ ហើយសរុបជារួម កម្ពុជាមានរថយន្តដែលផ្តុំ និងដំឡើងក្នុងស្រុកចំនួន ១៧៣ ៤៧៣ គ្រឿង ដែលបាន និងកំពុងបម្រើឱ្យទីផ្សារក្នុងស្រុក។

Advertisement

ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រក្សា និងជាអ្នកនាំពាក្យក្រសួងឧស្សាកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ AMS Economy ថា៖ ក្នុងវិស័យយានយន្តកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្ត ១១ ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ។ ទុនវិនិយោគសរុបប្រមា​ណ​ ១៥៦ លានដុល្លាអាមេរិក និងបានបង្កើតការងារចំនួន ១.៣៦៥ កន្លែង (ស្រីចំនួន ៦៣៣ កន្លែង) ផងដែរ ហើយគិតរហូតមកដល់បច្ចុប្បន្ន រថយន្តដែលផ្គុំ និងដំឡើងក្នុងស្រុកមានចំនួនសរុបប្រមាណ ១៧៣.៤៧៣ គ្រឿង មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាមេរិក ដោយរថយន្តទាំងនោះ បាន និងកំពុងបម្រើឱ្យទីផ្សារក្នុងស្រុក។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងក្រសួងឧស្សាកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានលើកឡើងថា​ រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តដែលកំពុងដំណើរការច្រវាក់ផលិតកម្មនៅកម្ពុជា រួមាន រោងចក្ររថយន្ត KIA នៅខេត្តបន្ទាយមានជ័យ, Hyundai នៅខេត្តកោះកុង, GTV របស់ខ្មែរនៅខេត្តកណ្តាល, ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, រថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ, រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់, រោងចក្រ Ssang Yong នៅខេត្តស្វាយរៀង, រោងចក្រ Zo Motor ផ្គុំ និងដំឡើងរថយន្តខ្នាតធំអគ្គិសនីនៅខេត្តពោធិសាត់, រោងចក្រដំឡើងរថយន្តអគ្គិសនី BYD នៅខេត្តព្រះសីហនុ។ ក្រៅពីនេះ រោងចក្ររថយន្ត GAC និងរោងចក្ររថយន្ត Chevrolet កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ស្ថិតនៅខេត្តកំពង់ឆ្នាំង។

គួរឱ្យដឹងដែរថា៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុនតូយ៉ូតាទើបនឹងដាក់សម្ពោធដំណើរការនូវការផ្គុំ និងដំឡើងរថយន្ត TOYOTA HILUX TRAVO នៅរោងចក្រតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុបភ្នំពេញ ដែលរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន តូយ៉ូតា ស៊ុយ​ស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ជាតួអង្គសំខាន់មួយក្នុងវិស័យយានយន្តបានដំឡើងរថយន្តទាំង ២ប្រភេទ (Fortuner និង Hilux) សរុបចំនួន ៦,២៥០គ្រឿង។

ទាក់ទងនឹងវិស័យយានយន្តនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្តក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែង រួមមានជាអាទិ៍៖ (១)ផែនការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងការវិនិយោគ, (២) ទិសដៅជំរុញការអភិវឌ្ឍប្រភពថាមពលស្អាត រំពឹងថានឹងបានដល់ ៧០%នៃការប្រើប្រាស់ថាមពលសរុបក្នុងឆ្នាំ២០៣០,(៣)ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញតាមរយៈការដាក់ចេញនូវ “ច្បាប់ស្តីពីការប្រឆាំងការបោកតាមប្រព័ន្ធបច្ចេក វិទ្យា”, និង (៤) ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលវិនិយោគជាមួយ យន្តការផ្នែករដ្ឋនិងវិស័យឯកជននានាដែលបានដាក់ចេញ, ការចាប់យកឌីជីថលូបនីយកម្មលើសេវាសាធារណៈ ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ cdcIPM និងការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលបន្ថែមជូនវិនិយោគិនមួយកម្រិតទៀត ព្រមទាំងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតវិនិយោគិនគោលដៅ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា