ភ្នំពេញ ៖ រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត បានសម្រេចបន្តចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច គ្រឹង ដែលមានក្បាលដីលេខ ០០២ ទំហំ ៥១,៣៦៩៣ ហិកតា ស្ថិតនៅភូមិអន ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ជាកម្មសិទ្ធិសមូហភាព ។ នេះ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
បើមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ដីសហគមន៍ជនជាតិដើមភាគតិច គ្រឹង ដែលត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពនេះ គឺធ្វើទៅតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចគ្រឹង ។ ដីសហគមន៍នេះស្ថិតនៅភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យបញ្ចប់ការវាស់វែង ចុះបញ្ជី និងចេញបណ្ណ ប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានចប់សព្វគ្រប់ ទាំងដីឯកជន និងដីរដ្ឋ ។ ចំណែកដីសមូហភាពរបស់ជនជាតិដើមភាគតិចដែលរស់នៅតាមបណ្ដាខេត្តភូមិភាគឦសានក៏ត្រូវបានចុះបញ្ជី និងចេញបណ្ណ ប្រគល់បណ្ណជូនជាបន្តបន្ទាប់ដូចគ្នា ។
គួររម្លឹកថា ដីធ្លីដែលជាប្រភេទកម្មសិទ្ធិសមូហភាពនេះ គឺពលរដ្ឋមិនអាចលក់ដូរបន្ត ឬយកដាក់បញ្ចាំជាទ្រព្យធានាដើម្បីស្នើសុំកម្ចីបានឡើយ ប៉ុន្តែបងប្អូនជនជាតិដើមភាគតិចនៅតែមានក្ដីរំភើបរីករាយក្រោយទទួលបានបណ្ណកម្មសិទ្ធិសមូហភាពនេះ ។
បងប្អូនជនជាតិដើមភាគតិចគ្រឹងនៅស្រុកអូរជុំ ខេត្តរតនគិរី ដែលទើបទទួលបានបណ្ណកម្មសិទ្ធិសមូហភាពពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលកន្លងទៅ បានប្រាប់ក្រុមការងាររបស់ AMS Economy ឱ្យដឹងថា ប្រពៃណីជនជាតិដើមភាគតិចគ្រឹង គឺមិនផ្ដោតលើការលក់ដូរទ្រព្យសម្បត្តិដូចជាដីធ្លី និងផ្ទះទេ គឺពួកគាត់រក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ ។ ដោយឡែក បណ្ណកម្មសិទ្ធិសមូហភាព បើទោះបីជាមិនអាចលក់បាន តែក៏អាចដោះដូរជាមួយបងប្អូនក្នុងសហគមន៍ជាមួយគ្នាបាន ដូច្នេះ វាមិនមែនជាបញ្ហាសម្រាប់បងប្អូនជនជាតិដើមភាគតិចនោះឡើយ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើបងប្អូនជនជាតិដើមភាគតិចតាំងពីសម័យសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយបន្តយកចិត្តទុកដាក់ជាមួយបងប្អូនជនជាតិដើមភាគតិច ដោយរាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅក្នុងតំបន់ភូមិភាគឦសាន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន និងងាយស្រួលដឹកកសិផលរបស់បងប្អូនទៅកាន់ទីផ្សារ ។
ជាមួយគ្នានេះ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ភូមិភាគឦសានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រាជរដ្ឋាភិបាល បានប្រកាសអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន ដើម្បីទាក់ទាញវិនិយោគិន ទាំងក្នុង និងក្រៅប្រទេស ចូលបណ្ដាក់ទុន បង្កើតការងារជូនពលរដ្ឋក្នុងតំបន់ និងបង្កើតប្រាក់ចំណូលដល់ពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិចផងដែរ ៕