បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ភ្នំពេញ ៖ អង្គការខុនរ៉ាដ(KAS) សង្គមសេដ្ឋកិច្ចកម្ពុជា(ESC)និងគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម(TPAB)កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាល វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម និងអ្នកសិក្សាស្រាវជ្រាវ ប្រមាណ២០០នាក់ ។

Advertisement

វេទិកាលំដាប់អន្តរជាតិលើកដំបូងនេះ បានត្រូវធ្វើឡើងក្នុងគោលបំណងវាយតម្លៃនិន្នាការបច្ចុប្បន្ន និងផលប៉ះពាល់នៃការអភិវឌ្ឍពាណិជ្ជកម្មសកល និងស្វែងរកនវានុវត្តន៍គោលនយោបាយ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងភាពធន់នៃពាណិជ្ជកម្មនិងជំរុញការសន្ទនាអំពីគោលនយោបាយពាណិជ្ជកម្ម ក្នុងចំណោមស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ (Think Tanks) វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម និងអ្នកសិក្សាស្រាវជ្រាវ។

ថ្លែងក្នុងពិធីបើកវេទិកា ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស(វិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិ)និងជាប្រធានគណៈកម្មាធិការផ្តល់យោ​បល់​លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) បានមានប្រសាសន៍ថា៖

«វេទិកានេះមានគោលបំណងចង់លើកយក ពាណិជ្ជកម្មពហុភាគី មកពិភាក្សា។នេះជាវេទិកាមួយដែលយើងចង់ភ្ជាប់ពីសេដ្ឋកិច្ចក្នុងស្រុក ទៅសេដ្ឋកិច្ចពិភពលោក ក្នុងរូបភាពពហុភាគី»។


ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថា៖យើងចង់រៀបចំវេទិកានេះរាល់ឆ្នាំ។យើងចង់ភ្ជាប់ពីការវិវត្តនៅក្នុងពាណិជ្ជកម្មពិភពលោក ទៅលើឥទ្ធិពលដែលវាជះមកលើសេដ្ឋកិច្ចក្នុងស្រុក។យើងឃើញថា ការវិវត្តនៃចរន្តសេដ្ឋកិច្ចពិភពលោកវាប្រែប្រួលខ្លាំងមែនទែន។ កាលជំនាន់កម្ពុជាចូលអង្គការពាណិេជ្ជកម្មពភពលោក( WTO) កាលជាង ២០ ឆ្នាំមុន ពេលហ្នឹងពិភពលោកគេគាំទ្រ គេជំរុញ គេសប្បាយមែនទែន ព្រោះពេលហ្នឹងគឺជាដំណាក់កាលដែលពិភពលោកជំរុញ ជឿជាក់ ហើយបានទទួលផលប្រយោជន៍ពីពាណិជ្ជកម្មពហុភាគីហ្នឹង ហើយក្នុងនោះក៏មានកម្ពុជាដែរ។

ឯកឧត្តមបានបន្តលើកឡើងថា៖កម្ពុជាយើងចូលក្នុង WTO ឆ្នាំ ២០០៣ ហើយផ្តល់សច្ចាប័ននៅ ឆ្នាំ២០០៤ ។ តាំងពីពេលនោះមក យើងឃើញកម្រិតសេដ្ឋកិច្ចយើងឡើងខ្លាំងមែនទែន ដោយសារការបើកទីផ្សារពិភពលោក ទីផ្សារទៅអឺរ៉ុប ទីផ្សារទៅអាមេរិក ទីផ្សារទៅអាស៊ាន ទីផ្សារទៅជប៉ុន ។

ឯកឧត្តម សុខក ស៊ីផាន់ណា បានបន្ថែមថា៖

«វេទិកាកម្រិតខ្ពស់នេះត្រូវបានរៀបចំឡើងជាការឆ្លើយតបទៅនឹងភាពចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការកែតម្រូវគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ក្នុងកំឡុងពេលដែលកម្ពុជាកំពុងត្រៀមខ្លួនក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅក្នុងបរិបទសកលដែលមានភាពប្រែប្រួលខ្លាំង»។

ជាមួយគ្នានេះ អ្នកស្រី Natalie Guzman តំណាងប្រចាំប្រទេសនៃមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖វេទិកាពាណិជ្ជកម្មពហុភាគី» ដែលជាវេទិកាខ្នាតធំលើកដំបូងបង្អស់។វាគឺជាវេទិកាដ៏សំខាន់មួយដែលយើងជជែកអំពីពាណិជ្ជកម្ម និងសេដ្ឋកិច្ច ចំពេលដែលពិភពលោកកំពុងជួបការលំបាក ភាពមិនប្រាកដប្រជា និងការរំខានដល់វិធានពាណិជ្ជកម្មពហុភាគី។


លោកស្រី បានគូសបញ្ជាក់ថា៖

«សម្រាប់កម្ពុជាដែលជាប្រទេសតូច គឺត្រូវពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម និងពហុភាគីនិយម។ ក្នុងនាមជាមូលនិធិ KAS យើងជឿជាក់យ៉ាងមុតមាំលើស្ថាប័នរឹងមាំ និងពហុភាគីនិយម ហេតុនេះហើយបានជាយើងរួមគ្នាបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីផ្តល់ជាវេទិកាមួយសម្រាប់ជជែកពីសារៈសំខាន់នៃពាណិជ្ជកម្ម។ វត្តមានរបស់រដ្ឋាភិបាល និងស្ថាប័ននានានៅទីនេះនៅក្នុងវេទិកានេះគឺសំខាន់ណាស់»។





លោកស្រីបានលើកឡើងថា៖ពាណិជ្ជកម្មគឺជាកត្តាជំរុញកំណើន និងនាំមកនូវវិបុលភាព។ យើងឃើញផលប៉ះពាល់ភ្លាមៗនៅពេលមានការរំខានដល់វិស័យពាណិជ្ជកម្ម ទោះបីជាវាឆ្ងាយពីរាប់ពាន់គីឡូម៉ែត្រក៏ដោយ ដូចជាបញ្ហាតម្លៃប្រេងឥន្ធនៈ និងសន្តិសុខថាមពល ដែលប៉ះពាល់ដល់ហោប៉ៅពលរដ្ឋម្នាក់ៗ។ ប្រទេសអាល្លឺម៉ង់ក៏ដូចគ្នាដែរ យើងមិនមានធនធានធម្មជាតិដូចជា ពេជ្រ ប្រេង ឬមាសនោះទេ ដូច្នេះយើងពឹងផ្អែកខ្លាំងលើការបើកចំហព្រំដែន និងពាណិជ្ជកម្មអន្តរជាតិ។

អ្នកស្រី Natalieបានបន្តថា៖ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច នៅចុងបញ្ចប់វាក៏ពាក់ព័ន្ធនឹងប្រជាធិបតេយ្យផងដែរ។ បើគ្មានស្ថិរភាព និងសេដ្ឋកិច្ចដែលដំណើរការល្អ (ដែលវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់) នោះទេ គឺមិនអាចទៅរួចទេ។ រដ្ឋមានតួនាទីកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កើតបទប្បញ្ញត្តិដែលអំណោយផលដល់អាជីវកម្ម និងរៀបចំការអប់រំ និងការអភិ​វឌ្ឍជំនាញ។ សេដ្ឋកិច្ចគឺជា «ក្បាលម៉ាស៊ីន» នៃប្រជាធិបតេយ្យ និងស្ថិរភាព។ ក្នុងប្រទេសដូចជាកម្ពុជា ដែលប្រជាជនភាគច្រើនមានអាយុក្រោម ៣០ ឆ្នាំ យើងពិតជាត្រូវការកំណើនសេដ្ឋកិច្ច ដើម្បីធានាបាននូវស្ថិរភាព។ ប្រជាធិបតេយ្យ សេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺដូចជាបងប្អូននឹងគ្នាអញ្ចឹង។

គួរជម្រាបថា៖ចំណុចសំខាន់ៗនៃកិច្ចពិភាក្សា រួមមាន៖

• សារៈសំខាន់នៃពាណិជ្ជកម្ម៖ ពាណិជ្ជកម្មគឺជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ច ទាំងសម្រាប់ប្រទេសតូចដូចជាកម្ពុជា និងប្រទេសនាំចេញធំៗ

• ទំនាក់ទំនងរវាងសេដ្ឋកិច្ច និងប្រជាធិបតេយ្យ៖ ស្ថិរភាពនយោបាយ និងប្រជាធិបតេយ្យអាចរឹងមាំទៅបាន លុះត្រាតែសេដ្ឋកិច្ចមានដំណើរការល្អ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន (ជាពិសេសយុវជន)។

• តួនាទីរបស់រដ្ឋ៖ រដ្ឋត្រូវផ្តល់បរិយាកាសអំណោយផលដល់វិស័យឯកជន តាមរយៈច្បាប់ និងការបណ្តុះបណ្តាលជំនាញ។

• សមាហរណកម្មតំបន់៖ ការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខណ្ឌអាស៊ាន គឺជាគន្លឹះសំខាន់សម្រាប់ភាពរីកចម្រើននាពេលអនាគត៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា