ភ្នំពេញ៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ ផ្តោតសំខាន់លើការពង្រីកចំណេះដឹងពាក់ព័ន្ធសមិទ្ធផល ការវិវត្តជឿនលឿន និងចក្ខុវិស័យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតាមរយៈកម្មវិធីសំខាន់ៗ រួមមាន ការតាំងពិព័រណ៍ ស្នាដៃស្រាវជ្រាវ បច្ចេកវិទ្យាថ្មីៗ និងផលិតផលនវានុវត្តន៍ពីក្រសួង ស្ថាប័ន និងវិស័យឯកជន ព្រមទាំងកិច្ចពិភាក្សា និងការផ្លាស់ប្តូរចំណេះដឹងអំពីបញ្ញាសិប្បនិម្មិត ប្រព័ន្ធអេកូឡូស៊ី និងសហគ្រិនភាព ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ទី២៨មីនា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងឧស្សាហកម្មបានឱ្យដឹងថា វេទិកាជាតិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងមានកិច្ចពិភាក្សាក្រោមប្រធានបទ៖ «ការកសាងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ជាតិ ៖ ទិដ្ឋភាពនវានុវត្តន៍នៅកម្ពុជា និងមាគ៌ាគោលនយោបាយឆ្ពោះទៅកាន់សេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍» ដោយផ្តោតលើស្ថានភាពនវានុវត្តន៍បច្ចុប្បន្ន និងទិសដៅគោលនយោបាយ រួមទាំងតម្រូវការទីផ្សារ និងការចាប់យកបច្ចេកវិទ្យា ការពង្រឹងអភិបាលកិច្ច, ការរៀបចំគោលនយោបាយសាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការកសាងមូលធនមនុស្ស ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការវិនិយោគលើការស្រាវជ្រាវ, ការអភិវឌ្ឍន៍ វិធានការលើកទឹកចិត្តផ្នែកពន្ធដារ ព្រមទាំងការសម្របសម្រួលអន្តរក្រសួងស្ថាប័ន ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការជំរុញបរិវត្តកម្មឌីជីថល ទាំងវិស័យរដ្ឋ និងឯកជន រួមគ្នាពិភាក្សាដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដើម្បីបើកឱកាសថ្មីៗសម្រាប់អាជីវកម្ម ធុរកិច្ចថ្មី និងការវិនិយោគ។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នៅឆ្នាំនេះ នឹងបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ពន្លារដ្ឋាភិបាល (Government Pavilion) ក៏នឹងបង្ហាញកំណែទម្រង់ដែលបាន និងកំពុងអនុវត្ត ព្រមទាំងដំណោះស្រាយឌីជីថលក្រោមគំនិតផ្តួចផ្តើម “Go-Digital” របស់រាជរដ្ឋាភិបាលផងដែរ។
ឯកឧត្តមបានបន្តថា៖
«ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងលើកយកអាទិភាពជាតិ ក្រោមផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០៣០ រួមមានសុខាភិបាលឌីជីថល អព្យាក្រឹតភាពកាបូន និងការអប់រំប្រកបដោយគុណភាព ក្នុងគោលដៅកាត់បន្ថយគម្លាតរវាងការស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយនឹងតម្រូវការជាក់ស្តែងក្នុងឧស្សាហកម្ម»។
វេទិកានេះប្រចាំឆ្នាំនេះ ក៏ផ្តោតលើយុវជនផងដែរ ដូចជា ពានរង្វាន់វិទ្យាសាស្ត្រ (Sci-Cup) ដែលនឹងជំរុញចំណាប់អារម្មណ៍របស់យុវជនលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ព្រមទាំងគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ហ៊ុល សៀងហេង បានបន្ថែមថា៖
«ដើម្បីកសាងវប្បធម៌នវានុវត្តន៍ យើងត្រូវចាប់ផ្តើមជាមួយយុវជនរបស់យើង ព្រោះយើងដឹងថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារសំខាន់ក្នុងការកាត់បន្ថយគម្លាតឌីជីថល។ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងចំណេះដឹងផ្នែកឌីជីថល យើងជំរុញការអភិវឌ្ឍឧស្សាហកម្មតាមរយៈនវានុវត្តន៍ ដោយមិនផាត់នរណាម្នាក់ចេញពីការទទួលបានអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឡើយ»។
សូមជម្រាបថា នៅក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ បានលើកឡើងថា៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នេះជាសក្ខីកម្មនៃការអនុវត្តអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលទាមទារឱ្យក្រសួងស្ថាប័នរដ្ឋគ្រប់កម្រិត វិស័យឯកជន ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋ ធ្វើការជាមួយគ្នាប្រកបដោយសហថាមពល។ ជាក់ស្តែងទិវាជាតិនេះបានប្រមូលផ្តុំសិស្ស-និស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ នវានុវត្តករ មន្ត្រីរាជការ ដៃគូអភិវឌ្ឍ ក្រុមហ៊ុន សហគ្រាសក្នុងវិស័យឯកជន និងអ្នកពាក់ព័ន្ធមក ចូលរួមក្នុងពិព័រណ៍ ការប្រកួតប្រជែង វេទិកាពិភាក្សា និងសកម្មភាពជាច្រើនទៀត ដើម្បីបង្ហាញពីទេពកោសល្យ និងនវានុវត្តន៍របស់កម្ពុជា។ ការណ៍នេះរម្លឹកឱ្យយើងដឹងថា នវានុវត្តន៍មិនមែនជាកម្មសិទ្ធិរបស់ក្រសួងតែមួយឬសម្រាប់តែវិស័យណាមួយឡើយ តែវាជាវប្បធម៌ដែលយើងត្រូវបណ្តុះតាំងពីនៅក្នុងផ្ទះ សាលារៀន សាកលវិទ្យាល័យ រោងចក្រ កសិដ្ឋាន សហគមន៍ កន្លែងធ្វើការ និងក្នុងគ្រប់រូបភាពនៃជីវភាពរស់នៅប្រចាំថ្ងៃនៅទូទាំងប្រទេស៕