បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

 
ភ្នំពេញ ៖ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦។ ច្បាប់ថ្មីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើនេសាទនៅដែនសមុទ្រអន្តរជាតិ និងផ្តល់សិទ្ធិឱ្យសហគមន៍នេសាទការពារដែននេសាទរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព។
 
នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល កាលពីថ្ងៃទី២៥ ខែមិថុនា លោក ពុំ សុថា អគ្គនាយកនៃអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ច្បាប់ស្តីពីជលផលថ្មី ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីច្បាប់ចាស់។
 
លោកបានបញ្ជាក់ថា ប្រជានេសាទអាចធ្វើនេសាទនៅដែនសមុទ្រអន្តរជាតិបាន ប៉ុន្តែត្រូវគោរពតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះ ប្រជាសហគមន៍នេសាទក៏មានសិទ្ធិការពារដែននេសាទសហគមន៍របស់ខ្លួន ដើម្បីទប់ស្កាត់ការចូលនេសាទខុសច្បាប់ពីសំណាក់ទូកនេសាទខាងក្រៅ។ លើសពីនេះ ច្បាប់ថ្មីក៏បានកំណត់អំពីទំហំ និងប្រភេទឧបករណ៍នេសាទឱ្យសមស្របទៅតាមតំបន់នេសាទនៃសហគមន៍នីមួយៗផងដែរ។
 
លោកអគ្គនាយកបានបន្ថែមថា ច្បាប់ស្តីពីជលផលថ្មីនេះ មានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព ព្រមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការពារបរិស្ថានផងដែរ។
 
ដោយឡែក លោក សូ សុន តំណាងសហគមន៍នេសាទផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងថា ច្បាប់ស្តីពីជលផលថ្មីនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជានេសាទតាមសហគមន៍ ព្រោះវាបានផ្តល់ព័ត៌មាន និងចំណេះដឹងទូលំទូលាយ ដែលជួយឱ្យសហគមន៍យល់ដឹងកាន់តែច្បាស់អំពីការអនុវត្តនេសាទឱ្យបានត្រឹមត្រូវតាមច្បាប់។ ការកំណត់ទោសទណ្ឌតាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ នឹងរួមចំណែកទប់ស្កាត់បទល្មើសនេសាទ និងជួយឱ្យធនធានត្រីមានកំណើនឡើងវិញ។

យោងតាមអគ្គនាយកដ្ឋានជលផល ក្នុងឆមាសទី១ ឆ្នាំ២០២៦ ករណីបទល្មើសនេសាទខុសច្បាប់មានការថយចុះគួរឱ្យកត់សម្គាល់ ដោយអាជ្ញាធរបានបង្ក្រាបបទល្មើសជាង ១ ០០០ ករណីប៉ុណ្ណោះ ខណៈក្នុងឆ្នាំ២០២៥ មានបទល្មើសនេសាទខុសច្បាប់រហូតដល់ជាង ៤ ០០០ ករណី។ ការថយចុះនេះ ត្រូវបានអគ្គនាយកដ្ឋានជលផលវាយតម្លៃថា កើតចេញពីការយល់ដឹង និងការចូលរួមរបស់ប្រជានេសាទក្នុងការគោរពច្បាប់។តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញផងដែរថា នៅឆ្នាំ២០២៥ កម្ពុជាទទួលបានផលនេសាទសរុបជាង ៦៥ម៉ឺនតោន ក្នុងនោះ ផលនេសាទទឹកសាបមានជាង ៥១ម៉ឺនតោន និងផលនេសាទសមុទ្រមានជាង ១៤ម៉ឺនតោន៕ ដោយ៖ ជាវ ចន្ធូ
 

Advertisement
លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា