បរទេស ៖ រដ្ឋាភិបាលស៊ុយអែត បានសម្រេចជ្រើសរើសយកក្រុមហ៊ុនបារាំង Naval Group ធ្វើជាអ្នកផលិត និងផ្គត់ផ្គង់នាវាចម្បាំងធុនធំ (Frigate) ប្រភេទ FDI (Frégate de Défense et d’Intervention) ចំនួន ៤ គ្រឿង ក្នុងតម្លៃសរុបប្រមាណ ៤០ ពាន់លានក្រូនដុល្លារស៊ុយអែត ឬប្រហែលជា ៤.២ ពាន់លានដុល្លារអាម៉េរិក ដែលនេះជាការបញ្ជាទិញសម្ភារៈកងទ័ពជើងទឹកធំបំផុត និងជាប្រវត្តិសាស្ត្ររបស់ស៊ុយអែតក្នុងរយៈពេលជិតកន្លះសតវត្សរ៍កន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិដ៏សំខាន់ និងដើម្បីបង្កើនសមត្ថភាពការពារដែនអាកាសរបស់ខ្លួនឱ្យកើនឡើងដល់ទៅ ៣ ដង ព្រមទាំងការត្រៀមលក្ខណៈក្នុងនាមជាសមាជិកថ្មីរបស់អង្គការ NATO ផងដែរ។
ការប្រកាសនេះត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pål Jonson អំឡុងពេលថ្លែងសន្ទរកថានៅលើនាវាចម្បាំង HMS Härnösand ក្នុងទីក្រុងស្តុកខុម។
យោងតាមការចេញផ្សាយរបស់ The Defenes News បានបញ្ជាក់ថា នាវាចម្បាំងថ្មីទាំង ៤ គ្រឿងនេះ នឹងត្រូវដាក់ឈ្មោះថា Lulea-class។
លោកនាយករដ្ឋមន្ត្រី Kristersson បានបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅសមុទ្របាល់តិកកំពុងប្រឈមមុខខ្លាំងមិនធ្លាប់មានចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នាវាចម្បាំង FDI ទម្ងន់ ៤៥០០ តោនទាំងនេះ នឹងធ្វើឱ្យស៊ុយអែតមានសមត្ថភាពអាចបំពេញបេសកកម្មរយៈពេលយូរនៅក្នុងតំបន់សមុទ្រ ព្រមទាំងដែនទឹកហ្វាំងឡង់ និងតំបន់អាកទិកមួយផ្នែកធំទៀត
គួរឱ្យចាប់អារម្មណ៍ដែរថា នាវាចម្បាំងទាំងនេះនឹងបំពាក់ដោយប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយឆ្ងាយ Aster 30 ដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីលឆ្លងទ្វីប រួមទាំងប្រព័ន្ធរ៉ាដាឌីជីថលកម្រិតខ្ពស់ Sea Fire របស់ក្រុមហ៊ុន Thales ផងដែរ។
យ៉ាងណាក៏ដោយ បើទោះបីជាតួខ្លួននាវាត្រូវបានផលិតនៅបារាំង ប៉ុន្តែវានឹងត្រូវបំពាក់បន្ថែមនូវបច្ចេកវិទ្យាយោធាលំដាប់កំពូលរបស់ស៊ុយអែតដោយផ្ទាល់ ដូចជា មីស៊ីលប្រឆាំងនាវាចម្បាំង RBS 15 របស់ក្រុមហ៊ុន Saab និងកាំភ្លើងធំជើងទឹកពីក្រុមហ៊ុន BAE Systems Bofors ជាដើម៕