បរទេស ៖ បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA) ក្រោយពេលដែលលោកបានផ្តល់កិច្ចសម្ភាសន៍ដ៏តានតឹងចំនួនពីរលើកជាមួយសំណួរបែបលំអៀងទៅកាន់អតីតនាយករដ្ឋមន្ត្រីដែលធ្លាក់សន្លឹកឆ្នោត។
លោក Peter Magyar ដែលជាមេដឹកនាំគណបក្សកាន់អំណាចថ្មី Tisza និងក្លាយជានាយករដ្ឋមន្ត្រីហុងគ្រីថ្មី ជាមួយការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី កាលពីថ្ងៃអាទិត្យកន្លងទៅនេះបានចោទប្រកាន់ស្ថានីយទូរទស្សន៍ MTVA ថា បានផ្សព្វផ្សាយព័ត៌មានជួយឃោសនា ដើម្បីគាំទ្រលោក Viktor Orban អតីតនាយករដ្ឋមន្ត្រីហុងគ្រីដែលបានកាន់អំណាចអស់រយៈពេល ១៦ ឆ្នាំមកហើយនោះ។
លោក Magyar បានប្រៀបធៀបរបៀបធ្វើការងាររបស់ទូរទស្សន៍រដ្ឋមួយនេះទៅនឹងប្រព័ន្ធឃោសនារបស់របបណាស៊ីកាលពីអតីតកាល និងការផ្សព្វផ្សាយនៅកូរ៉េខាងជើងក្រោមការដឹកនាំរបស់មេដឹកនាំផ្តាច់ការលោក គីម ជុងអ៊ុន។ លោកបានអះអាងថា គ្មានពាក្យពិតណាសោះឡើយពីទូរទស្សន៍ MTVA ដែលត្រូវបានចាក់ផ្សាយចាប់តាំងពីឆ្នាំ២០១០ រហូតមក។
ក្នុងចំណោមចំណាត់ការផ្អាកការផ្សព្វផ្សាយជាបណ្តោះអាសន្ននេះ សម្រេាប់វិធានការដែលអនុវត្តលើបុគ្គលិក និងក្រុមការងាររបស់ MTVA
អាចបន្តធ្វើការបានលុះត្រាតែលក្ខខណ្ឌសម្រាប់សារព័ត៌មានត្រូវបានកែប្រែ និងប្រាកដថា មិនមានភាពលំអៀង ប្រកបដោយតម្លាភាព មានវិជ្ជាជីវៈត្រឹមត្រូវ និងក្រមសីលធម៌ពេញលេញ។
ដោយឡែក គោលជំហរនយោបាយក្រៅប្រទេសវិញ បើទោះបីជាលោកមានការមិនពេញចិត្តជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងចង់ស្តារទំនាក់ទំនងជាមួយសហភាពអឺរ៉ុបដើម្បីអាចដំណើរការមូលនិធិកញ្ចប់ថវិកា ១៦ ពាន់លានអឺរ៉ូពីសំណាក់សភាអឹរុបឡើងវិញក្ដី ប៉ុន្តែលោក Magyar បានបង្ហាញសញ្ញាថា នឹងបន្តគោលនយោបាយសំខាន់ៗមួយចំនួនរបស់លោក Orban ដែលជាអតីតនាយករដ្ឋមន្ត្រី ដូចជា ការផ្គត់ផ្គង់ថាមពលដោយបន្តនាំចូលប្រេងពីរុស្ស៊ីតាមរយៈបំពង់ Druzhba និងរក្សាប្រភពថាមពលចម្រុះ។ ជាមួយគ្នានេះ សម្រាប់បញ្ហាចំពោះមុខនៅអ៊ុយក្រែន រដ្ឋាភិបាលរបស់លោកនឹងមិនគាំទ្រទៅលើការជំរុញឱ្យអ៊ុយក្រែនចូលជាសមាជិក EU ក្នុងលក្ខណៈផ្លូវកាត់នោះទេ។
គួរបញ្ជាក់ផងដែរថា កន្លងមក សហភាពអឺរ៉ុបតែងតែចោទប្រកាន់លោក Orban ដែលជាអតីតនាយករដ្ឋមន្ត្រីហុងគ្រីថា បានបំផ្លាញឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មានការលេចឡើងនូវព័ត៌មានមួយចំនួនដែរ ដែលបង្ហាញពីការជ្រៀតជ្រែករបស់បណ្តាញផ្សព្វផ្សាយគាំទ្រដោយអឺរ៉ុបវាយប្រហារទៅលើរដ្ឋាភិបាលដែលដឹកនាំដោយលោក Orban នៅក្នុងការបោះឆ្នោតនៅហុងគ្រីនេះផងដែរ៕