បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

បរទេស៖ តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើយោងតាមការរាយការណ៍ពី BBC។

Advertisement

នៅថ្ងៃពុធនេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១៥,៩ ភាគរយ ឬ ៩២,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១៦,៥ ភាគរយ ឬ ៩៣,៨០ ដុល្លារក្នុងមួយបារ៉ែល។ ទោះបីជាតម្លៃធ្លាក់ចុះក្តី ប៉ុន្តែវានៅតែស្ថិតនៅក្នុងកម្រិតខ្ពស់ជាងមុនពេលមានសង្គ្រាម ដែលមាន​តម្លៃ​ប្រហែល ៧០ ដុល្លារ​ក្នុង​មួយបារ៉ែល។

ចាប់តាំងពីមានសង្គ្រាមនៅមជ្ឈិមបូព៌ានៅថ្ងៃទី ២៨ ខែកុម្ភៈ មក តម្លៃថាមពលហក់ឡើងខ្ពស់ឥតឈប់ឈរ ខណៈការផ្គត់ផ្គង់ប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ាត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ។ ស្របពេលដែលតម្លៃប្រេងឆៅធ្លាក់ចុះ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើងរួមមាន Nikkei 225 របស់ជប៉ុនកើនឡើង ៤,៥ ភាគរយ, Kospi របស់កូរ៉េខាងត្បូងកើនឡើង ៥,៥ ភាគរយ, Hang Seng របស់ហុងកុងកើនឡើង ២,៨ ភាគរយ, និង ASX 200 របស់អូស្ត្រាលីកើនឡើង ២,៥ ភាគរយ។

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីអាម៉េរិកលោក Donald Trump បង្ហោះនៅលើ Truth Social ថា លោកយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់ក្នុងរយៈពេលពីរសប្តាហ៍ ប៉ុន្តែសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវយល់ព្រមបើកច្រកសមុទ្រ Hormuz ឱ្យបានឆាប់ប្រកបដោយសុវត្ថិភាព ដែលកំណត់ត្រឹមថ្ងៃអង្គារ៍ ម៉ោង ៨ យប់។ ក្រោយមក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ឆ្លើយតបវិញថា ទីក្រុងតេអេរ៉ង់នឹងយល់ព្រមចំពោះបទឈប់បាញ់ ប្រសិនបើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានបញ្ឈប់ និងអនុញ្ញាតឱ្យឆ្លងកាត់តាមរយៈច្រកសមុទ្រ Hormuz ប្រកបដោយសុវត្ថិភាព។

លោក Xavier Smith មកពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ AlphaSense លើកឡើងថា ទោះបីជាលោក Trump ដាក់ការគំរាមកំហែងក៏ដោយ ប៉ុន្តែគាត់នៅតែប្រុងប្រយ័ត្នចំពោះករណីតម្លៃថាមពលឡើងដល់កម្រិតខ្ពស់ខ្លាំង ដោយសារវាបង្កផលប៉ះពាល់ខ្លាំងលើសេដ្ឋកិច្ចអាម៉េរិក ក្រោមការដឹកនាំរបស់ខ្លួន។

លោក Saul Kavonic មកពី MST Marquee លើកឡើងថា កប៉ាល់ដឹកប្រេងជាច្រើនដែលជាប់គាំងនៅជិតច្រកសមុទ្រ ប្រហែលជាអាចឆ្លងកាត់ផ្លូវទឹក Hormuz វិញបាន ក្នុងអំឡុងពេលបទឈប់បាញ់ ដែលបន្ធូរបន្ថយដល់ភាពតានតឹងនៅក្នុងទីផ្សារបានមួយកម្រិតដែរ។ ទោះបីជាមានជម្លោះក៏ដោយ ប៉ុន្តែនៅមានកប៉ាល់តិចតួចអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន ដោយបណ្តាប្រទេសនៅអាស៊ីមួយចំនួនរួមមាន ឥណ្ឌា ម៉ាឡេស៊ី និងហ្វីលីពីន បានចរចាជាមួយអ៊ីរ៉ង់សុំការឆ្លងកាត់ប្រកបដោយសុវត្ថិភាព។ ដូច្នោះហើយ បទឈប់បាញ់គឺជាដំណឹងដ៏ល្អមួយសម្រាប់បណ្តាប្រទេសអាស៊ី។

ទោះបីជាមានបទឈប់បាញ់ក៏ពិតមែន ប៉ុន្តែវានៅតែមានភាពពិបាកសម្រាប់ការចាប់ផ្តើមឡើងវិញទាំងស្រុងនូវផលិតកម្មថាមពលនៅមជ្ឈិមបូព៌ា លុះត្រាណាកិច្ចព្រមព្រៀងសន្តិភាពមានរយៈពេលយូរអង្វែង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេត្រូវចំណាយពេលជាច្រើនខែដើម្បីចាប់ផ្តើមផលិតកម្មឡើងវិញ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់រងការខូចខាតខ្លាំង។ ចាប់តាំងពីមានសង្គ្រាមមក តំបន់អាស៊ីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងជាមួយនឹងតម្លៃថាមពលថ្លៃ និងកង្វះខាតការផ្គត់ផ្គង់ ដោយសារប្រទេសជាច្រើនពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីតំបន់មជ្ឈិមបូព៌ា។

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្នុងតំបន់អាស៊ីបានដំឡើងថ្លៃសំបុត្រយន្តហោះ និងកាត់បន្ថយជើងហោះហើរ ដោយសារការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ។ ជាក់ស្តែង ហ្វីលីពីនដែលនាំចូលប្រេងពីមជ្ឈិមបូព៌ាជាង ៩៨ ភាគរយ បានក្លាយជាប្រទេសដំបូងគេ ដែលប្រកាសអាសន្នពីវិបត្តិថាមពលជាតិ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈកើនឡើងលើសទ្វេដង។ សេដ្ឋវិទូជាច្រើនព្រមានថា ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីត្រូវបានរងផលប៉ះពាល់ជាពិសេសដោយជម្លោះនេះ  ដោយសារភាគច្រើនមិនមានរោងចក្រចម្រាញ់ប្រេងផ្ទាល់ខ្លួន ឬស្តុកប្រេងគ្រប់គ្រាន់នោះទេ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា