បរទេស៖ នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលអ្នកទីផ្សារមានក្តីសង្ឃឹមថា អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់ បើទោះបីជាសង្គ្រាមមិនទាន់ត្រូវបានបញ្ចប់ក្ដី។

បរទេស៖ នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលអ្នកទីផ្សារមានក្តីសង្ឃឹមថា អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់ បើទោះបីជាសង្គ្រាមមិនទាន់ត្រូវបានបញ្ចប់ក្ដី។
ជាក់ស្ដេង នៅព្រឹកថ្ងៃសុក្រ ចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល។ បើគិតចាប់តាំងពីដើមខែមេសា Brent បានធ្លាក់ចុះខ្លាំងបំផុតដល់ទៅ ១០,៥% ខណៈដែល WTI បានធ្លាក់ចុះ ៩,២%។ កាលពីថ្ងៃព្រហស្បតិ៍ អាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តបទឈប់បាញ់ និងដកការរឹតបន្តឹងលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ។ យ៉ាងណាមិញ ប្រធានាធិបតីអាម៉េរិក លោក Donald Trump និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់មិនទាន់ប្រកាសជាផ្លូវការនៅឡើយពីកិច្ចព្រមព្រៀងបន្តបទឈប់បាញ់ត្រូវបានបញ្ចប់យ៉ាងណានៅឡើយ ?
លោក Tony Sycamore អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា វិនិយោគិន និងអ្នកជួញដូរនៅក្នុងទីផ្សារភាគច្រើនជឿជាក់ថា សង្គ្រាមបានបញ្ចប់ហើយ ហើយកិច្ចព្រមព្រៀងផ្លូវការនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ យ៉ាងណាក៏ដោយ ដរាបណាទីផ្សារនៅតែមានសង្ឃឹមអំពីការបញ្ចប់សង្គ្រាម នោះតម្លៃប្រេងអាចនឹងបន្តធ្លាក់ចុះរហូតទៅដល់រង្វង់ជាង ៨០ ដុល្លារក្នុងមួយបារ៉ែល ដោយសារក្ដីព្រួយបារម្ភ ឬ ភាពតានតឹងត្រូវបានថមថយជាងមុន។
សូមជម្រាបថា ចាប់តាំងពីមានសង្គ្រាមកាលពីចុងខែកុម្ភៈរហូតមក ផលិតកម្មប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះអ្នកផលិតមួយចំនួនបានផ្អាកផលិតកម្មជាបណ្តោះអាសន្ន ដោយសារកន្លែងផលិតកម្មមួយចំនួនរងការខូចខាតពីសង្គ្រាម និងបញ្ហាខ្វះកន្លែងផ្ទុកប្រេង ព្រោះដឹកជញ្ជូនចេញទៅលក់នៅលើទីផ្សារមិនបាន។ លើសពីនេះ រោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់ជម្លោះត្រូវចំណាយពេលយូរដើម្បីបង្កើនផលិតកម្មឡើងវិញ ដោយសារហេដ្ឋារចនាសម្ព័ន្ធ និងម៉ាស៊ីនមួយចំនួនត្រូវបានបំផ្លិចបំផ្លាញក្នុងអំឡុងពេលសង្រ្គាម៕
