បរទេស៖ តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន។ នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល។ នេះបើយោងតាមការរាយការណ៍ពី CNBC។
បន្ទាប់ពីកិច្ចប្រជុំជាមួយនឹងមេដឹកនាំចិន ប្រធានាធិបតីអាម៉េរិកលោក Donald Trump និយាយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា៖
“ពួកគេ (ចិន) យល់ព្រមថា ពួកគេចង់ទិញប្រេងពីអាម៉េរិក។ ពួកគេនឹងធ្វើដំណើរទៅកាន់រដ្ឋតិចសាស់ កប៉ាល់ចិននឹងធ្វើដំណើរទៅកាន់រដ្ឋតិចសាស់ រដ្ឋលូអ៊ីសស៊ីអាណា និងរដ្ឋអាឡាស្កា។”
យ៉ាងណាមិញ ចិនមិនបានបញ្ជាក់ពីការទិញថាមពលទេ ខណៈដែលសារព័ត៌មាន CNBC បានទាក់ទងទៅអាជ្ញាធរចិនដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះទេ។
មកទល់ពេលនេះ ចិនគឺជាអ្នកទិញប្រេងធំបំផុតរបស់អ៊ីរ៉ង់ ដោយការទិញមានចំណែកប្រហែល ៩០ ភាគរយ នៃការនាំចេញប្រេងសរុបរបស់អ៊ីរ៉ង់។ នៅក្នុងឆ្នាំ ២០២៥ ចិននាំចូលប្រេងពីអ៊ីរ៉ង់ប្រហែល ១,៤ លានបារ៉ែលក្នុងមួយថ្ងៃ។
ផ្ទុយទៅវិញ ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់អាម៉េរិកទៅកាន់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ដោយបានធ្លាក់ចុះ ២៥ ភាគរយ មកនៅត្រឹម ២៣៧,៨ លានកាលពីឆ្នាំ ២០២៥ ។ ការនាំចេញប្រេងឆៅសុទ្ធធ្លាក់ចុះខ្លាំងដល់ទៅ ៩៥ ភាគរយ មកនៅត្រឹមប្រហែល ៨,៤ លានបារ៉ែលក្នុងឆ្នាំ ២០២៥ បើធៀបនឹងឆ្នាំ ២០២៣។
ទន្ទឹមនឹងនេះ ការឡើងថ្លៃនៃតម្លៃប្រេងក៏ត្រូវបានជំរុញដោយការព្រមព្រៀងគ្នារវាងមេដឹកនាំទាំងពីរក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។
រដ្ឋមន្ត្រីក្រសួងការបរទេសចិន លើកឡើងថា ទីក្រុងប៉េកាំងអំពាវនាវឱ្យមានការបើកផ្លូវដឹកជញ្ជូនឡើងវិញឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ដោយជំរុញឱ្យភាគីនៅក្នុងសង្រ្គាមឆ្ពោះទៅរកបទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ដើម្បីនាំមកនូវស្ថេរភាពដល់តំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់មន្ត្រីសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ប្រធានាធិបតី Xi ក៏បានបញ្ជាក់យ៉ាងច្បាស់ពីការប្រឆាំងរបស់ប្រទេសចិនចំពោះការប្រើកម្លាំងយោធានៅច្រកសមុទ្រ និងសកម្មភាពណាមួយដែលប្រមូលថ្លៃឆ្លងកាត់។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent លើកឡើងដែរថា ចិននឹងធ្វើការនៅពីក្រោយឆាក ដើម្បីជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលពួកគេបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យច្រកសមុទ្របើកឡើងវិញ៕