បរទេស ៖ នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយសារភាគីទាំងពីរកំពុងទាស់ទែងគ្នាលើបញ្ហារក្សាអ៊ុយរ៉ាញ៉ូម និងការគ្រប់គ្រងរបស់ទីក្រុងតេអេរ៉ង់នៅច្រកសមុទ្រ Hormuz ។
ប្រភពពីអ៊ីរ៉ង់បានប្រាប់រ៉យទ័រថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់កិច្ចព្រមព្រៀមជាមួយអាម៉េរិកនោះទេ ប៉ុន្តែគ្រាន់តែថាបញ្ហាបានរួមតូចជាងមុន ខណៈដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានអះអងថា មានសញ្ញាវិជ្ជមាននៅក្នុងកិច្ចពិភាក្សា ប៉ុន្តែការបង់ប្រាក់ណាមួយសម្រាប់ការឆ្លងកាត់ច្រកសមុទ្រនឹងមិនអាចទទួលយកបាននោះទេ។ យ៉ាងណាមិញ អ្នកវិនិយោគនៅតែមិនទុកចិត្តចំពោះកិច្ចចរចារវាងប្រទេសទាំងពីរ នៅពេលដែលតម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ២,៣% ឬ ១០៤,៩៦ ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានឡើងថ្លៃ ១,៨% ឬ ៩៨,០៨ ដុល្លារក្នុងមួយបារ៉ែល។
លោក Satoru Yoshida អ្នកវិភាគនៅក្រុមហ៊ុន Rakuten Securities បានលើកឡើងថា ការព្យាករណ៍ចំពោះកិច្ចចរចាសន្តិភាពនៅតែមិនច្បាស់លាស់ ខណៈដែលតម្លៃប្រេងបន្តឡើងថ្លៃដោយសារស្ថិរភាពនៅមជ្ឈិមបូព៌ាមានភាពមិនច្បាស់លាស់ និងការរំខានដល់ការផ្គត់ផ្គង់ដែលត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃប្រេង WTI ទំនងជាស្ថិតក្នុងចន្លោះពី ៩០ ដុល្លារទៅ ១១០ ដុល្លារនៅសប្តាហ៍ក្រោយ។
យ៉ាងណាក៏ដោយ បើទោះបីជាមានបទឈប់បាញ់ចូលជាធរមានក្តី ប៉ុន្តែវាមានភាពផុយស្រួយ ហើយកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមមានវឌ្ឍនភាពតិចតួចបំផុត ខណៈដែលតម្លៃប្រេងបន្តឡើងថ្លៃដែលជំរុញឱ្យមានការព្រួយបារម្ភអំពីអតិផរណា និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ សូមកត់សម្គាល់ថា ចាប់តាំងពីកើតមានសង្រ្គាមកាលពីចុងខែកុម្ភៈ រហូតមក ទីផ្សារប្រេងសកលបានថមថយបរិមាណ ១៤ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ១៤% នៃការផ្គត់ផ្គង់សកល ដែលភាគច្រើននាំចេញពីអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ អារ៉ាប់រួម និងគុយវ៉ែត។
ប្រធានក្រុមហ៊ុនប្រេងរដ្ឋរបស់ UAE ADNOC បានលើកឡើងថា បើទោះបីជាជម្លោះនឹងបញ្ចប់ក្នុងពេលឥឡូវនេះក៏ដោយ ប៉ុន្តែការដឹកជញ្ជូនប្រេងមិនទាន់ត្រឡប់ទៅរកទំហំពេញៗដូចមុនពេលសង្រ្គាមនោះទេ។ វាត្រូវការរយៈពេលយូរយ៉ាងហោចណាស់ត្រីទី២ នៃឆ្នាំ ២០២៧។ ទន្ទឹមនឹងនេះ ក្រុមបណ្តាប្រទេសផលិតប្រេង និងសម្ព័ន្ធមិត្តអាចនឹងព្រមព្រៀងគ្នាលើការដំឡើងទិន្នផលកម្រិតមធ្យមរហូតដល់ខែកក្កដា បើទោះបីជាការដឹកជញ្ជូនរបស់ប្រទេសមួយចំនួនត្រូវបានរំខានដោយសង្គ្រាមក៏ដោយ៕