បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ៣% ក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និងអ៊ីរ៉ង់បរាជ័យក្នុងការចរចាកិច្ចព្រមព្រៀងលើសំណើសន្តិភាពដែលស្នើដោយទីក្រុងវ៉ាស៊ីនតោន ខណៈដែលច្រកសមុទ្រ Hormuz នៅតែបន្តបិទ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។

បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ៣% ក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និងអ៊ីរ៉ង់បរាជ័យក្នុងការចរចាកិច្ចព្រមព្រៀងលើសំណើសន្តិភាពដែលស្នើដោយទីក្រុងវ៉ាស៊ីនតោន ខណៈដែលច្រកសមុទ្រ Hormuz នៅតែបន្តបិទ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។
នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,១៤% ឬ ១០៤,៤៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៣,០៩% ឬ ៩៨,៥១ ដុល្លារក្នុងមួយបារ៉ែល។ ជាមួយគ្នានេះ ស្របពេលដែលពិភពលោករំពឺងថាជម្លោះរយៈពេល ១០ សប្តាហ៍កន្លងមកនេះនឹងអាចបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីឱ្យការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz អាចត្រឡប់មកធម្មតាវិញ ប៉ុន្តែក្តីសង្ឃឹមនេះត្រូវបានបាត់បង់ទៅវិញបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បដិសេធចម្លើយរបស់ភាគីខាងអ៊ីរ៉ង់។
ទីក្រុងវ៉ាស៊ីនតោន បានសំណើសន្តិភាពទៅកាន់ភាគីអ៊ីរ៉ង់ ប៉ុន្តែខ្លឹមសារលម្អិតអំពីការឆ្លើយតបរបស់អ៊ីរ៉ង់មិនត្រូវបានបង្ហាញជាសាធារណៈទាំងស្រុងនោះទេ។ យ៉ាងណាមិញ មានប្រតិកម្មពីខាងអាម៉េរិកាលពីថ្ងៃអាទិត្យ ដោយលោក Trump បានច្រានចោលថាការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសន្តិភាពរបស់អាម៉េរិកមិនអាចទទួលយកបាននោះទេ។ នេះមានន័យថា ការច្រានចោលរបស់ Trump លើការឆ្លើយតបបស់អ៊ីរ៉ង់ធ្វើឱ្យកិច្ចចរចាសន្តិភាពត្រូវបានបរាជ័យ និងកាន់តែធ្វើឲ្យមានការភ័យខ្លាចលើបញ្ហាកង្វះខាតប្រេង ហើយតម្លៃប្រេងនឹងបន្តឡើងថ្លៃ។ ទន្ទឹមនឹងនេះ លោក Trump គ្រោងនឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធខាងមុខនេះ ហើយអាចនឹងពិភាក្សាបញ្ហាអ៊ីរ៉ង់ក្នុងចំណោមប្រធានបទផ្សេងទៀតជាមួយប្រធានាធិបតីចិន លោក Xi Jinping។
លោក Amin Nasser នាយកប្រតិបត្តិក្រុមហ៊ុនប្រេង Saudi Aramco លើកឡើងថា ពិភពលោកជួបភាពខ្វះខាតប្រេងប្រហែល ១ ពាន់លានបារ៉ែលក្នុងរយៈពេល ២ ខែចុងក្រោយនេះ ដែលមានន័យថា ទោះបីជាការដឹកជញ្ជូនប្រេងអាចចាប់ផ្តើមឡើងវិញក៏ដោយ ប៉ុន្តែទីផ្សារថាមពលមិនអាចត្រឡប់មកមានស្ថិរភាពភ្លាមៗបាននោះទេ៕
