បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកឧកញ៉ា ម៉ុង ឬទ្ធី ស្នើឱ្យ​អ្នកមានលុយ​វិនិយោគលើរោងចក្រ​ផលិត​ចំណីសត្វ​ ដើម្បីជួយរកទីផ្សា​រកសិផល​ឱ្យកសិករ​

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ស្នើឱ្យ​អ្នកមានលុយ​វិនិយោគលើរោងចក្រ​ផលិត​ចំណីសត្វ​ ដើម្បីជួយរកទីផ្សា​រកសិផល​ឱ្យកសិករ​

ព្រះសីហនុ ៖ អ្នកឧកញ៉ា ​ម៉ុង ឬទ្ធី ដែលជាទូទៅគេដឹងថា​ជា​ស្ដេចកសិកម្ម​មួយរូបនៅកម្ពុជា បានអំពាវនាវ​ដល់​អ្នកដែលមានលុយ​នៅកម្ពុជា ក៏ដូចជាវិនិយោគិនបរទេស បណ្ដាក់ទុនវិនិយោគលើ​ការបង្កើតរោងចក្រ​ផលិតចំណីសត្វ​ ដើម្បីជួយ​រក្សា​លំនឹង​ទីផ្សារ​កសិផល​របស់ប្រជាកសិករខ្មែរ និងទទួលបានតម្លៃសមរម្យ។​

Advertisement

ជាទូទៅ​ គេតែងតែសង្កេតឃើញថា ​នៅ​ពេល​រដូវ​ប្រមូលផល​ម្ដង​ៗ ទីផ្សារ​កសិផល​របស់កសិករ​កម្ពុជា ដូចជា​ ស្រូវ​ ដំបូងមី​ ពោតជាដើម តែងតែចុះថ្លៃ ឬពិបាករកទីផ្សារ​ ដោយសារ​តែកសិផល​មួយចំនួន​ត្រូវពឹង​លើ​ទីផ្សារបរទេស ហើយនៅពេលបរទេស​​ចងក្រឡុកទីផ្សារ ក៏បានទម្លាក់​ថ្លៃ​កសិផលទាំង​នោះ ធ្វើឱ្យកសិករ​ត្រូវ​លក់​កសិផលទាំង​ខាតដើម ។​

អ្នក​ឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន​ ម៉ុង ឬទ្ធី គ្រុប និងត្រូវបានចាត់ទុកជា​ស្ដេចកសិកម្មមួយរូប​នៅកម្ពុជា​បានមានប្រសាសន៍ថា ដើម្បីអាចធ្វើឱ្យ​ទីផ្សារ​កសិផល​របស់កសិករ​កម្ពុជា​មានភាពល្អប្រសើរ និងរក្សា​តម្លៃសម​រម្យ​បាន សូមស្នើ និងអំពាវនាវ​ឱ្យអ្នកដែលមានលុយ​នៅកម្ពុជា ក៏ដូចជា​វិនិយោគិន​បរទេស​បណ្ដាក់ទុនវិនិយោគ​លើ​ការបង្កើតរោងចក្រ​ផលិត​ចំណីសត្វ​ឱ្យបានកាន់តែច្រើន ដែលអាចទាញយកកសិផលមកធ្វើជាវត្ថុធាតុដើមក្នុងការផលិត និងបង្កើនតម្លៃថ្លៃដើម ។

អ្នកឧកញ៉ា​បន្តថា​ ៖

«ក្រៅពីការ​រកទីផ្សារ​សម្រាប់កសិផល​​របស់កសិករ​កម្ពុជា​ហើយនោះ ការ​វិនិយោគ​លើរោងចក្រផលិតចំណី​សត្វ​នៅកម្ពុជា​ក៏បានផ្ដល់នូវផលិតផលចំណី​សត្វ​ ដែលអាចជួ​យដល់អ្នក​ចិញ្ចឹមសត្វ​ក្នុងប្រទេស​កម្ពុជា​​ទទួលបានចំណី​សត្វ​មានតម្លៃទា​ប ធ្វើឱ្យការ​ចិញ្ចឹមអស់ថ្លៃដើម​តិច និងរកប្រាក់ចំណេញបានច្រើន ។ ជាក់ស្ដែង សព្វថ្ងៃនេះ រោងចក្រ​ផលិត​ចំណិ​សត្វ​របស់ខ្ញុំនៅខេត្តព្រះសីហនុបានជួយ​ទិញកសិផល​ពីកសិករ​ប្រមាណ៤០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ពោលគឺទិញយកមកស្តុកទុក​រហូតដល់ពេញឃ្លាំង ប៉ុន្តែដោយសារតែឃ្លាំង​ស្តុក​មានកំណត់ មិនអាច​ទិញពីកសិករ​បាន​ទាំងអស់​ឡើយ ដូច្នេះហើយត្រូវពឹង​លើ​ការ​វិនិយោគពីអ្នកមានលុយ​ដើម្បីវិនិយោគ​លើរោងចក្រ​ផលិតផល​ចំណីសត្វ​នេះ»។

លោក លី ឡាវីល អ្នកគ្រប់គ្រង​រោងចក្រ​ផលិត​ចំណីសត្វ​ អឹម ភីក បានមានប្រសាសន៍ថា សមត្ថភាព​ផលិតរបស់រោងចក្រទាំង២ របស់ក្រុមហ៊ុន​ អឹម ភីក​ ​​អាច​ផលិតបាន​៥០តោន​ក្នុងមួយម៉ោង ហើយបើក្នុងមួយឆ្នាំអាចផលិតបានរហូតដល់​ ៣៥ម៉ឺនតោន ដោយបានប្រមូលទិញកសិផល​ពីកសិករ​កម្ពុជា​ប្រមាណ ១២ ទៅ ១៣ម៉ឺន​តោន​ក្នុងមួយឆ្នាំ រួមមាន ពោត​ ចុងអង្ករ​ ដោយចំណាយថវិកា​ប្រមាណ ៤០លានដុល្លារអាម៉េរិក ។​

លោក​បន្តថា  ៖

«សម្រាប់ទីផ្សារ​កសិផល​ដែលក្រុមហ៊ុន​បានទិញពី​កសិករ​រៀងរាល់ឆ្នាំ គឺពឹងអាស្រ័យលើទីផ្សារ​អន្តរជាតិ មិនទិញក្នុងតម្លៃខ្ពស់ពេក ហើយក៏មិនថោកពេក​ដែរ ។ ឧទាហរណ៍ថា​ បើសិនជា​ទីផ្សារ​ពោតអន្តរជាតិ​ឡើងថ្លៃ​ ក្រុមហ៊ុនក៏ប្រមូលទិញពីកសិករ​ក្នុងតម្លៃខ្ពស់ ហើយ​បើសិនជា​ទីផ្សារ​អន្តរជាតិចុះថ្លៃ យើងក៏ទិញទៅតាមតម្លៃទីផ្សារ​នោះ​ តែមិនធ្វើឱ្យកសិករ​ខាត​បង់ឡើយ ។ បើសិនជា​ក្រុមហ៊ុន​គិតតែពីទិញក្នុងតម្លៃទាប​ នោះកសិករ​នឹង​លែង​ដាំដុះ ហើយរោងចក្រក៏លែងមាន​វត្ថុធាតុដើមសម្រាប់ផលិតដែរ»។​

គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន​នេះ នៅក្នុងប្រទេស​មានរោងចក្រ​ផលិត​ចំណី​សត្វធំៗមួយចំនួនកំពុង​ដំណើរការ​ផលិត​ដើម្បីផ្គត់ផ្គង់លើទីផ្សារ ដោយកាត់បន្ថយការ​នាំចូល​បានមួយចំនួន​ធំ ក្នុងនោះ មានរោងចក្រ​ ស៊ី ភី, រោងចក្រ​ចំនួន២ របស់ក្រុមហ៊ុន ​អឹម ភីក, រោងចក្រ ដឹ ហឺស្ស, រោងចក្រ ​បេតាហ្ក្រូ និងរោងចក្រ​ផលិត​ចំណី​របស់ក្រុមហ៊ុន​ ហ្គ្រីនហ្វីត ជាដើម ដោយក្រុមហ៊ុន និងរោងចក្រទាំងនេះ​បានចូលរួមជួយទិញកសិផល​ពីកសិករ​បានមួយចំនួនធំក្នុងមួយឆ្នាំៗ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា