ភ្នំពេញ៖ ក្នុងមួយឆ្នាំ ដំណាំ ដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ត្រូវចំណាយថវិកាទាំងកម្លាំងពលកម្ម ការថែទាំផ្សេងៗសរុបប្រមាណ ១៨,៤៩ លានដុល្លារអាម៉េរិក ឬប្រមាណ ១,៥៤ លានដុល្លារអាម៉េរិកក្នុងមួយខែ។ នេះបើតាមការបញ្ជាក់ពីលោក អ៊ិត ណុប នាយកគ្រប់គ្រងក្រុមហ៊ុនម៉ុង ឬទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា។
លោកបានមានប្រសាសន៍ថា ការចំណាយទូទៅសំខាន់ៗសម្រាប់ដំណើរការលើដំណាំដូងប្រេង និងការចម្រាញ់ប្រេងដូង មានចំនួន ៤ សំខាន់ៗ ក្នុងនោះរួមមាន ១. បុគ្គលិក និងកម្មករគិតជាមធ្យម ៨,១៦ លានដុល្លារក្នុងមួយឆ្នាំ ២. ជីគីមីនិងថ្នាំត្រូវចំណាយប្រមាណ ៧,៤ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ៣. ចំណាយទៅលើប្រេងឥន្ធនៈអស់ប្រមាណ ១,៧ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និង៤. ការចំណាយទៅលើការជួសជុលគ្រឿងចក្រ និងរោងចក្រ ប្រមាណ ១,៧ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
លោកបានបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ម៉ុង ឬទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា មានផ្ទៃដីសរុប ២០ ២៦៤ ហិកតា ដោយក្នុងនោះ មានដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋប្រមាណ ៦ ២៨០ ហិកតា ក្រៅពីនោះជាដីឯកជនរបស់ក្រុមហ៊ុនដែលបានពីការប្រមូលទិញពីប្រជាជន។ ក្រុមហ៊ុនបានធ្វើការដាំដុះដំណាំដូងប្រេងចាប់តាំងពីឆ្នាំ ១៩៩៧ បានចំនួន ១៦ ៥០០ ហិកតា ដោយបានដាំចប់សព្វគ្រប់នៅឆ្នាំ ២០១៨។
លោកបន្ថែមថា ដោយសារតែដើមដូងខ្លះមានអាយុច្រើន រហូតដល់ ៣០ ឆ្នាំ និងលូតលាស់ខ្ពស់ៗ ធ្វើឱ្យទិន្នផលធ្លាក់ចុះ ទើបក្រុមហ៊ុនបានសម្រេចកាប់ដើមដូងចាស់ៗចោល ហើយគ្រោងនឹងដាំថ្មីឡើងវិញ។ ជាជំហានដំបូង ក្រុមហ៊ុននឹងដាំថ្មីឡើងវិញលើផ្ទៃប្រមាណ ៦ ២៨០ ហិកតា ដោយនឹងត្រូវប្រើពេល ១១ ឆ្នាំដើម្បីសម្រេចផែនការ។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានមានប្រសាសន៍ថា ដូងប្រេងគឺជាដំណាំដែលត្រូវប្រើដើមទុនច្រើន ជាក់ស្ដែងចាប់តាំងពីដំណើរការដាំដុះមកដល់ឥឡូវក្រុមហ៊ុនបានចំណាយថវិកាប្រមាណ ១៥០ លានដុល្លារអាម៉េរិកហើយ ដោយមិនទាន់ទទួលបានដើមទុនត្រលប់មកវិញទេ។ ប៉ុន្តែបើសួរថាតើចំណេញឬខាត អ្នកឧកញ៉ាបានបញ្ជាក់បើសិនជាខាតក៏លោកមិនធ្វើបន្តដែរ។ ក្នុងន័យនេះ អ្នកឧកញ៉ាចង់សំដៅថា ពេលដែលទទួលបានផលកម្រៃពីដំណាំដូងប្រេង គឺលោកយកមកវិនិយោគបន្ត ដូច្នេះហើយមិនទើបមិនមានលុយនៅសល់។
អ្នកឧកញ៉ាបានមានប្រសាសន៍ថា ការវិនិយោគលើដំណាំដូងប្រេងរបស់ក្រុមហ៊ុននៅកម្ពុជា គឺជាការចង់ឱ្យកម្ពុជាមាននូវអ្វីដែលពិភពលោកមានដែរ។ ការដាំដុះដំណាំនេះ អាចឱ្យពលរដ្ឋកម្ពុជាដែលចង់មើលដូងប្រេងមិនចាំបាច់ហៅទៅក្រៅប្រទេស ដើម្បីទៅមើលដូងប្រេងទេ ដូច្នេះពលរដ្ឋខ្មែរគ្រប់រូបអាចមកទស្សនា ឬចូលមើលចម្ការដូងប្រេងរបស់អ្នកឧកញ៉ាដោយមិនគិតថ្លៃ។
អ្នកឧកញ៉ាបន្ថែមថា ការបង្កើតក្រុមហ៊ុនដាំដុះដំណាំដូងប្រេងនេះដែរ ក៏ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាធ្វើ និងរកប្រាក់ចំណូលផងដែរ ជាក់ស្ដែង ក្នុងចម្ការដូងប្រេងរបស់អ្នកឧកញ៉ាមានកម្មករ និងបុគ្គលិករាប់ពាន់នាក់ និងផ្ដល់ប្រាក់ខែជូនពួកគេទៀងទាត់ប្រមាណ ៦៨ ម៉ឺនដុល្លារអាម៉េរិកក្នុងមួយខែ។
លោកស្ រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរងស្រុកព្រៃនប់ បានមានប្រសាសន៍ថា ក្រុមហ៊ុនម៉ុង ឬទ្ធីវិនិយោគទុនដំណាំដូងប្រេងកម្ពុជា ជាក្រុមហ៊ុនធំនិងដំបូងគេនៅព្រៃនប់ និងតែមួយគត់នៅកម្ពុជា។ ក្រុមហ៊ុននេះ បានស្រូបយកកម្លាំងពលកម្ម កម្មករ ជាច្រើនពាន់នាក់ ហើយភាគច្រើនជាប្រជាពលរដ្ឋមានទីលំនៅក្នុងស្រុកព្រៃនប់ និងក្រៅពីនោះមកពីខាងក្រៅ។ ក្រុមហ៊ុននេះ ក៏បានចូលរួមក្នុងការកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បានមួយកម្រិតផងដែរ៕